(ភ្នំពេញ)៖ លោក ស៊ុំ វណ្ណា គ្រូបង្វឹកក្រុមភ្នំពេញក្រោន នៅតែមានការសោកស្ដាយជាខ្លាំងចំពោះលទ្ធផល ២ប្រកួតកាលពីជុំទី១ គឺការស្មើក្រុមសូលទីឡូអង្គរ ២-២ និងចាញ់ក្រុមកងយោធពលខេមរភូមិន្ទ (ទ័ព) ៣-២ ដែលនាំឲ្យក្រុមខ្លួនបាត់បង់ឱកាសប្រជែងពានលីគកំពូលកម្ពុជា ទោះបីអតីតក្រុមជើងឯក ៦សម័យនេះ ប្រជែងបានកៅអី Top-6 ក៏ដោយ។

ការថ្លែងបែបនេះ ក្រោយលោកដឹកនាំក្រុមសិង្ហក្រហម យកឈ្នះក្រុមខ្លាំងព្រះខ័នរាជស្វាយរៀង ២-១ ក្នុងជំនួបបើកឆាកជុំទី២ កាលពីចុងសប្ដាហ៍កន្លងទៅ។ លោកថា ទោះភ្នំពេញក្រោន ដណ្ដើមបាន ៣ពិន្ទុពីក្រុមលោក Conor Nestor តែលោកហាក់គ្មានសង្ឃឹមក្នុងការប្រជែងពានឡើយ ដ្បិតឱកាសមាសនេះ ត្រូវបានបាត់បង់តាំងពីក្រោយប្រកួតស្មើសូលទីឡូអង្គរ និងចាញ់ក្រុមទ័ពម្ល៉េះ។

អតីតគ្រូបង្វឹកក្រុមវេស្ទើនភ្នំពេញរូបនេះបាននិយាយថា «ខ្ញុំកំណត់គោលដៅសម្រាប់ឆ្នាំនេះ បើមិនបានពាន គឺយើងត្រូវឈរនៅក្នុង Top-4 ដោយសារយើងបាត់បង់ឱកាសជាមួយទ័ព និងសូលទីឡូអង្គរ។ ទោះបីយើងចាញ់បឹងកេត ៣-១ ក៏ដោយ ក៏យើងមិនបាត់បង់ឱកាសដែរ តែដល់យើងស្មើសូលទីឡូអង្គរ និងចាញ់ទ័ព គឺធ្វើឲ្យពួកយើងបាត់បង់ឱកាសតែម្ដង»

បច្ចុប្បន្នភ្នំពេញក្រោន បានឡើងឈរលេខ៣ និងមាន ២៥ពិន្ទុបណ្ដោះអាសន្ន ក្នុងចំណោមក្រុម Top-6 ដោយចាញ់ប្រៀបក្រុមកំពូលតារាងបឹងកេត ១០ពិន្ទុ ខណៈក្រុមនីមួយៗសុទ្ធតែសល់ ៤ប្រកួតក្នុងដៃ។ ចុងសប្ដាហ៍នេះ ភ្នំពេញក្រោននឹងត្រូវធ្វើការកាន់តែធ្ងន់ ដោយជួបក្រុមខ្លាំងវិសាខា ក្រៅដីវិញម្ដងនាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០ នៅកីឡដ្ឋានព្រីនស៍៕