(ប៉ារីស)៖ ក្រុមមាន់គកបារាំង ដែលជាជើងឯក World Cup 2018 បន្តរកបានជ័យជម្នះក្នុងប្រកួតទី២ នៅ UEFA Nations League 2020-2021 ពេលយកឈ្នះក្រុមភ្ញៀវក្រូអាត ៤-២ នាកីឡដ្ឋាន Stade de Frances នារាត្រីថ្ងៃអង្គារ ទី០៩ ខែកញ្ញា ឆ្នាំ២០២០។

ជ័យជម្នះនេះដែរបានធ្វើឲ្យក្រុមរបស់លោក Didier Deschamps រក្សាប្រវត្តិលេងមិនចាញ់ក្នុងចំណោម ២ប្រកួតបើកឆាកក្នុងវគ្គសន្សំពិន្ទុប្រចាំ League A ក្រុមទី៣ ក្នុងព្រឹត្តិការណ៍ពានរង្វាន់លីគអឺរ៉ុប UEFA Nations League រដូវកាលនេះ។

កីឡាករខ្សែការពារ Dejan Lovren ជាអ្នករកបានគ្រាប់នាំមុខឲ្យក្រូអាតនៅនាទី១៦ មុនពេលត្រូវបានក្រុមម្ចាស់ផ្ទះបារាំង វាយបកបាន ២គ្រាប់នាំមុខវិញនៅនាទី៤៣ ដោយកីឡាករ Antoine Griezmann និង Livakovic ធ្វេសប្រហែសចូលទីខ្លួនឯងនៅនាទី៤៥ មុនបញ្ចប់វគ្គទី១ រយៈពេល ៤៥នាទី។

តែយ៉ាងណាការប្រកួតនៅតែក្តៅគគុកទៀតក្នុងវគ្គទី២ នៅពេលដែល Brekalo រកបានគ្រាប់តាមស្មើ ២-២ ឲ្យក្រូអាតនៅនាទី៥៥ ជាមួយនឹងការបន្ថែម ២គ្រាប់ទៀតពីសំណាក់ក្រុមបារាំងពីការរកបានដោយកីឡាករ Upamecano នៅនាទី៦៥ និង Olivier Giroud នៅនាទី៧៧ ដោយបាល់ប៉េណាល់ទី។

១គ្រាប់ចុងក្រោយរបស់កីឡាករខ្សែប្រយុទ្ធមកពីក្លិបតោខៀវ Chelsea ធ្វើឲ្យរូបគេកើនគ្រាប់ស៊ុតបាន ៤០គ្រាប់ពីការបង្ហាញខ្លួនបាន ៩៩ប្រកួតឲ្យក្រុមបារាំងរហូតដល់បច្ចុប្បន្ន៕