(ភ្នំពេញ)៖ លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការព្រមានធ្ងន់ៗជាថ្មី ចំពោះសហព័ន្ធកីឡាជាតិដែលអសកម្មមួយចំនួន ថាមិនគួរអនុញ្ញាតឲ្យបន្ដដំណើររួមគ្នាទៀតឡើយ។ ការថ្លែងបែបនេះ បានធ្វើឡើងក្នុងកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព នៃការអនុវត្តថវិកាគាំទ្ររបស់សហព័ន្ធកីឡាជាតិ ប្រចាំឆមាសទី១ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា នៅថ្ងៃទី០៩ ខែកញ្ញានេះ។

ក្រោយចូលកាន់តំណែងរដ្ឋលេខាធិការក្រសួងអប់រំជាង ១ឆ្នាំ លោកបានលើកឡើងថា «អ្វីដែលគួរឲ្យកត់សម្គាល់ គឺថាមកដល់ម៉ោងនេះ ១ឆ្នាំកន្លះជាង សហព័ន្ធមួយចំនួន មិនទាន់បានធ្វើរបាយការណ៍ សូម្បីតែមួយសន្លឹក។ ចឹងខ្ញុំគិតថា បើសិនសហព័ន្ធទាំងនោះ មិនបានធ្វើរបាយការណ៍ ឬមួយមិនបានជម្រាបជូនពីស្ថានភាពរបស់ខ្លួនទេ ខ្ញុំគិតថា មិនគួរអនុញ្ញាតឲ្យបន្ដដើរជាមួយពួកយើងទៀតទេ»

លោកបានសង្កត់ធ្ងន់ទៀតថា «សហព័ន្ធមួយចំនួន នៅតែមានគំនិតក្នុងការយល់ថា បង្កើតសហព័ន្ធហើយ គឺបានប្រាក់ឧបត្ថម្ភពីក្រសួង។ ចឹងមែនទែនទៅ ប្រាក់ឧបត្ថម្ភនេះ គ្រាន់តែរួមចំណែកធ្វើឲ្យដើរក្នុងសហព័ន្ធទេ បើអាចយកទៅប្រើ ដើម្បីបង្កើតជាធនធានប្រកួតប្រជែងក្នុងតំបន់អាស៊ាន ថ្នាក់ជាតិ និងអន្ដរជាតិនោះទេ គឺពិបាកបន្ដិច។ ចឹងយើងក៏មានការណែនាំក្នុងការចាយនូវថវិកានេះដែរ...»

ដោយហេតុនេះ លោកបានជំរុញឲ្យសហព័ន្ធកីឡាជាតិ ត្រូវរៀបចំផែនការយុទ្ធសាស្ដ្រ និងអនុវត្តឲ្យមានប្រសិទ្ធភាពបំផុត ពិសេសត្រូវហ៊ានរាយការណ៍នូវបញ្ហាប្រឈមនានា ដើម្បីរកដំណោះស្រាយទាន់ពេល ក្នុងន័យពន្លឿនការអភិវឌ្ឍន៍ឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣។ ម្យ៉ាងបច្ចុប្បន្ន ក្រសួងក៏កំពុងធ្វើការកែសម្រួលពាក់ព័ន្ធនឹងប្រាក់ឧបត្ថម្ភ ដើម្បីឆ្លើយតបនឹងកង្វល់របស់សហព័ន្ធ និងកីឡាករ-កីឡាការិនីផងដែរ។

ទន្ទឹមជាមួយគ្នា លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ក៏បានធ្វើការក្រើនរំឮកដល់សហព័ន្ធកីឡាជាតិ ដែលជាអង្គការសង្គមកីឡា ត្រូវគោរពតាមធម្មនុញអូឡាំពិក ដើម្បីទទួលបានការទុកចិត្តពីរាជរដ្ឋាភិបាល និងដៃគូផងដែរ។ លោកថា សហព័ន្ធត្រូវមានអភិបាលរកិច្ចល្អ ដើម្បីធានាបាននូវការគាំទ្រ ប៉ុន្ដែការងារពីរដែលសហព័ន្ធចាំបាច់ត្រូវពង្រឹង គឺការងាររដ្ឋបាល និងរបបប្រជុំ៕