(ឥណ្ឌា)៖ តារាបូលីវូដស្រីល្បីឈ្មោះ កញ្ញា Rhea Chakraborty ត្រូវបានចាប់ខ្លួនដោយអាជ្ញាធរគ្រឿងញៀនឥណ្ឌា កាលពីថ្ងៃព្រហស្បត្តិ៍ម្សិលមិញនេះ ខណៈបច្ចុប្បន្ននាងកំពុងស្ថិតក្រោមការស៊ើបអង្កេត ដោយសង្ស័យមានជាប់ទាក់ទង នឹងការស្លាប់របស់តារាបូលីវូដប្រុសល្បីឈ្មោះ លោក Sushant Sing Rajput។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០។

តែយ៉ាងណា គេមិនទាន់ដឹងច្បាស់នៅឡើយទេថា វាពិតជាជាប់ទាក់ទងនឹងការស្លាប់របស់ Rajput ឬយ៉ាងណា? នេះបើតាមសំដីអ្នកនាំពាក្យរបស់អាជ្ញាធរគ្រឿងញៀនប្រទេសឥណ្ឌា។

ជាការកត់សម្គាល់ ការចាប់ខ្លួននិងបើកការស៊ើបអង្កេតលើតារាបូលីវូដស្រី Chakraborty គឺបន្ទាប់ពីក្រុមគ្រួសាររបស់តារាប្រុស Rajput ចោទប្រកាន់នាង និងឲ្យនាងទទួលខុសត្រូវចំពោះការស្លាប់របស់មិត្តប្រុសនាង ដែលត្រូវបានប្រទះឃើញស្លាប់ក្នុងផ្ទះ កាលពីថ្ងៃទី១៤ ខែមិថុនា កន្លងទៅ។

តារាស្រីរូបនេះ ត្រូវបានចោទប្រកាន់ថា មានពាក់ព័ន្ធនឹងការធ្វើអត្តឃាត, ដើមហេតុនៃការប្រព្រឹត្តិបទល្មើស និងអំពើចោរកម្ម។ នេះបើតាមរបាយការណ៍ពីការិយាល័យស៊ើបអង្កេតឥណ្ឌា ដែលបានបង្ហាញកាលពីខែមុន។

បណ្តាញផ្សព្វផ្សាយក្នុងស្រុកមួយចំនួនបានបង្ហាញថា តារា Chakraborty បានព្រងើយកន្តើយនឹងអ្នកសារព័ត៌មាន មុនពេលប៉ូលីចាប់ខ្លួន។ ទន្ទឹមគ្នានេះ កាលពីសប្តាហ៍នេះ បងប្រុសបង្កើតរបស់នាង គឺ Showik ក៏ត្រូវបានប៉ូលីសចាប់ខ្លួនផងដែរ ទាំងមិនបានបញ្ជាក់ពីមូលហេតុ។

គួរជម្រាបថា ការស្លាប់របស់តារាប្រុសល្បីឈ្មោះក្នុងវ័យបូលីវូដ Sushant Singh Rajput តួឯកប្រុសក្នុងរឿង «ជីវិតស្ត្រីមេផ្ទះ» នៅតែជារឿងចាប់អារម្មណ៍ ចំពោះប្រព័ន្ធផ្សព្វផ្សាយទាំងក្នុង និងក្រៅស្រុក។ ជាពិសេស ករណីស្លាប់របស់តារាប្រុសរូបនេះ គឺកំពុងស៊ើបអង្កេតជាបន្តបន្ទាប់ផងដែរ ថ្វីត្បិតពេលនេះប្រទេសឥណ្ឌាកំពុងមានជំងឺឆ្លងកូវីដ១៩កើនឡើងខ្លាំងក្តី៕