ចំណេះដឹងទូទៅ៖ ស្វែងយល់ពី WHO!

(ពិភពលោក)៖ អង្គការសុខភាពពិភពលោក (World Health Organization ហៅកាត់ថា WHO) គឺជាស្ថាប័នឯកទេសរបស់ អង្គការសហប្រជាជាតិ (UN) មានតួនាទីធ្វើសហប្រតិបត្តិការអន្តរជាតិ ផ្នែកសុខភាពសាធារណៈ។ វាត្រូវបានបង្កើតឡើង នៅថ្ងៃទី៧ ខែមេសា ឆ្នាំ១៩៤៨ និងមានទីស្នាក់ការនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។

Fresh News Plus សូមដកស្រង់ចំណុចសំខាន់ៗមួយចំនួន របស់អង្គការសុខភាពពិភពលោក ចែករំលែកជាចំណេះដឹងទូទៅ ជូនប្រិយមិត្តអ្នកអានដូចខាងក្រោម៖

* អំពី WHO
ធម្មនុញ្ញរបស់អង្គការសុខភាពពិភពលោក បានចែងថា គោលដៅចំបងរបស់ខ្លួនគឺ «ការលើកកម្ពស់កម្រិតសុខភាព របស់មនុស្សជាតិឲ្យបានខ្ពស់បំផុត តាមដែលអាចធ្វើបាន»។ ការងារជាចម្បងរបស់អង្គការនេះគឺ ការប្រយុទ្ធប្រឆាំងនឹងជំងឺនានា ជាពិសេសគឺ ជំងឺឆ្លងសំខាន់ៗ និងការលើកស្ទួយសុខភាពទូទៅរបស់មនុស្សជាតិ។

គិតត្រឹមឆ្នាំ២០២០នេះ អង្គការសុខភាពពិភពលោក មានសមាជិកសរុបទាំងអស់ ១៩៤ប្រទេស។ អង្គការនេះ មានស្ថាប័នមួយដែលជាអ្នកសម្រេចថា ប្រទេសមួយនឹងត្រូវឲ្យក្លាយជាសមាជិករបស់ខ្លួនឬអត់ ដែលស្ថាប័ននេះមានឈ្មោះថា សភាសុខភាពពិភពលោក។

យោងតាមគេហទំព័ររបស់អង្គការសុខភាពពិភពលោក បានឲ្យដឹងថា «ប្រទេសផ្សេងៗ ត្រូវបានអនុញ្ញាតឲ្យក្លាយជាសមាជិក នៅពេលដែលការស្នើសុំរបស់ពួកគេ ត្រូវបានទទួលការយល់ព្រម ពីសភាសុខភាពពិភពលោក ដោយការបោះឆ្នោតសម្លេងភាគច្រើន»។

ធម្មនុញ្ញរបស់អង្គការសុខភាពពិភពលោក បានចែងដែរថា វត្ថុបំណងរបស់អង្គការនេះគឺ «ការធ្វើឲ្យមនុស្សទាំងអស់ ទទួលបាននូវកម្រិតសុខភាពខ្ពស់បំផុត តាមដែលអាចធ្វើបាន»។ កិច្ចការចម្រងរបស់អង្គការសុខភាពពិភពលោក គឺការប្រយុទ្ធប្រឆាំងនឹងជំងឺ ជាពិសេសជំងឺឆ្លងសំខាន់ៗ និងការបង្កើនសុខភាពទូទៅរបស់ប្រជាជនទូទាំងពិភពលោក។

* តើ WHO ចំណាយមួយឆ្នាំប៉ុន្មានលានដុល្លារ?
មានឯកសារបញ្ជាក់ច្បាស់ទេថា ក្នុងមួយឆ្នាំអង្គការសុខភាពពិភពលោក ចំណាយមួយឆ្នាំៗអស់ទឹកប្រាក់ប៉ុន្មាននោះ។ ប៉ុន្តែគួរជម្រាបថា ថវិកាសរុបរបស់អង្គការសុខភាពពិភពលោក សម្រាប់ឆ្នាំ២០១៨-២០១៩ ត្រូវបានអនុម័តចំនួន ៤,៤ពាន់លានដុល្លារ។

គួរដឹងថា នៅក្នុងឆ្នាំ២០១៨ ការចំណាយរបស់អង្គការសុខភាពពិភពលោក សរុប ២,៣ពាន់លានដុល្លារ ថយចុះ ៤% បើធៀបនឹងឆ្នាំ២០១៧។

* អំពីប្រភពហិរញ្ញវត្ថុ WHO
មានសំណួរថា តើប្រទេសណាដែលផ្តល់ហិរញ្ញវត្ថុច្រើនជាងគេ ដល់អង្គការសុខភាពសុខភាពពិភពលោក។ ជាទូទៅ ប្រទេសសមាជិករបស់អង្គការនេះទាំងអស់ បង់ភាគទានទៅតាមភាគរយកំណត់ ដែលពួកគេតែងតែធ្វើជារៀងរាល់ឆ្នាំ (តែមិនមានការបញ្ជាក់ថា នោះជាកាតព្វកិច្ចនៃការបង់ភាគទាន ឬយ៉ាងនោះទេ)។ លើសពីនេះ ប្រទេសទាំងនោះអាចបរិច្ចាគថវិកាបន្ថែម តាមទឹកចិត្តដែលគេចង់ផ្តល់ផងដែរ។

យោងតាមគេហទំព័ររបស់អង្គការសុខភាពពិភពលោក ដែលផ្សាយពីឈ្មោះប្រទេស ដែលបរិច្ចាគភាគទានដល់អង្គការនេះ នៅឆ្នាំ២០២០ បានឲ្យដឹងថា ប្រទេស១០ ដែលបរិច្ចាគថវិកាច្រើនជាងគេរួមមាន៖

១៖ អាមេរិក ១១៦លានដុល្លារ (២៥% នៃទំហំទឹកប្រាក់សរុប)
២៖ ចិន ៥៧លានដុល្លារ (១២% នៃទំហំទឹកប្រាក់សរុប)
៣៖ ជប៉ុន ៤១លានដុល្លារ (៨% នៃទំហំទឹកប្រាក់សរុប)
៤៖ អាល្លឺម៉ង់ ២៩លានដុល្លារ (៦% នៃទំហំទឹកប្រាក់សរុប)
៥៖ អង់គ្លេស ២២លានដុល្លារ (៤% នៃទំហំទឹកប្រាក់សរុប)
៦៖ បារាំង ២១លានដុល្លារ (៤% នៃទំហំទឹកប្រាក់សរុប)
៧៖ អ៉ីតាលី ១៦លានដុល្លារ (៣% នៃទំហំទឹកប្រាក់សរុប)
៨៖ ប្រេស៉ីល ១៤លានដុល្លារ (៣% នៃទំហំទឹកប្រាក់សរុប)
៩៖ កាណាដា ១៣លានដុល្លារ (២% នៃទំហំទឹកប្រាក់សរុប)
១០៖ រុស្ស៉ី ១២លានដុល្លារ (២% នៃទំហំទឹកប្រាក់សរុប)។

ចំណែកឯមូលនិធិ Bill and Melinda Gates Foundation របស់មហាសេដ្ឋី ប៊ីល ហ្គេត ជាមធ្យមបរិច្ចាគថវិកា ទៅអង្គការសុខភាពពិភពលោក ក្នុងរង្វង់ ១០០លានដុល្លារ។ ប៉ុន្តែនៅឆ្នាំ២០២០នេះ ដោយសារចូលរួមចំណែកប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ មូលនិធិនេះបានបរិច្ចាគប្រមាណ ២៥០លានដុល្លារ។

ចំពោះសហរដ្ឋអាមេរិកវិញ កាលពីឆ្នាំ២០១៩ បានផ្តល់ថវិកាឲ្យអង្គការនេះលើសពី ៤០០លានដុល្លារឯណោះ។ ទោះជាយ៉ាងណាក៏ដោយ នៅឆ្នាំ២០២០នេះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសកាត់ជំនួយហិរញ្ញវត្ថុ ដល់អង្គការសុខភាពពិភពលោក ដោយអះអាងថា អង្គការនេះគ្មានសមត្ថភាពគ្រប់គ្រាន់ ដើម្បីការពារប្រជាជនអាមេរិក ពីមេរោគកូរ៉ូណាឡើយ។

* តើកម្ពុជាបរិច្ចាគថវិកាដល់ WHO ដែរឬទេ?
កម្ពុជាបានចូលជាសមាជិកអង្គការសុខភាពពិភពលោក នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០។ យោងតាមតារាងប្រទេស ដែលបរិច្ចាគថវិកាដល់អង្គការនេះ ឆ្នាំ២០២០ បានឲ្យដឹងថា កម្ពុជាបរិច្ចាគថវិកា ២៨,៧១០ដុល្លារអាមេរិក។ កម្ពុជា ក៏ទទួលបានប្រយោជន៍ច្រើន ពីអង្គការសុខភាពពិភពលោកដែរ។

ការិយាល័យតំណាងនៅកម្ពុជា របស់អង្គការសុខភាពពិភពលោក ធ្វើការយ៉ាងជិតស្និតជាមួយរាជរដ្ឋាភិបាលកម្ពុជា ដៃគូអន្តរជាតិ និងអង្គការមិនមែនរដ្ឋាភិបាល ដើម្បីធ្វើឲ្យប្រសើរឡើងចំពោះសុខភាពសាធារណៈ របស់ប្រជាជាជនកម្ពុជាទាំងមូល។ ក្នុងនាមជាប្រទេសដែលអភិវឌ្ឍន៍យ៉ាងឆាប់រហ័សដូចជាកម្ពុជា WHO ផ្តល់ឲ្យកម្ពុជានូវសម្ភារបរិក្ខាពេទ្យ ដើម្បីផ្គត់ផ្គង់រាជរដ្ឋាភិបាលប្រទេសនេះ ជួយឲ្យប្រជាជនខ្លួនមានសុខភាពល្អ ជាពិសេសនោះជួយជនក្រីក្រ និងជនដែលងាយរងគ្រោះ តាមរយៈលើកកម្ពស់កម្មវិធីសុខភាពសាធារណៈ និងប្រព័ន្ធសុខាភិបាលផងដែរ។

* ជំងឺដែល WHO រកថ្នាំមិនទាន់ឃើញ
ពិតណាស់ថា អង្គការសុខភាពពិភពលោក មានតួនាទីយ៉ាងសំខាន់លើការងារសុខភាពសាធារណៈ។ ក្នុងនោះផងដែរ អង្គការនេះទទួលបានជោគជ័យ និងយកឈ្នះជំងឺ ដែលបង្កដោយមេរោគជាច្រើនទៀតផង។

យ៉ាងនេះក្តី មានជំងឺដែលបង្កដោយមេរោគខ្លះ មិនទាន់មានថ្នាំព្យាបាលនោះទេ ហើយជំងឺខ្លះក៏គ្មានវិធីព្យាបាលដែរ។ ក្រៅពីជំងឺ Covid-19 មានជំងឺដែលគ្មានថ្នាំព្យាបាលជាច្រើនទៀត ដែលគេស្គាល់ជាទូទៅរួមមាន៖ HIV/AIDS, Allergic Desease, Asthma, Cancer, Common Cold, Ebola, Polio, Rabbies ៕