(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Games) លើកទី៣២ ឆ្នាំ២០២៣ ឬហៅកាត់ថា CAMSOC បានជំរុញគណៈកម្មការវប្បធម៌ បរិស្ថាន និងអប់រំកីឡា រៀបចំផែនការបើកសិក្ខាសាលាដ៏ធំមួយក្នុងឆមាសទី៤ ឆ្នាំ២០២០ ដើម្បីផ្សព្វផ្សាយយុទ្ធនាការធំៗចំនួន២ គឺយុទ្ធនាការប្រជាជនម្នាក់ លេងកីឡាមួយមុខ និងយុទ្ធនាការកម្ពុជាស្អាត បដិសណ្ឋារកិច្ចល្អ។

ការរៀបចំសិក្ខាសាលាខាងលើ ត្រូវបានលើកជារបៀបវារៈមួយក្នុងកិច្ចប្រជុំប្រចាំសប្ដាហ៍របស់គណៈអចិន្ដ្រៃយ៍ CAMSOC ដែលធ្វើឡើងក្រោមវត្តមានលោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ដ្រៃយ៍ CAMSOC នៅថ្ងៃទី០៨ ខែកញ្ញានេះ។ លើសពីនេះ អង្គប្រជុំក៏នឹងជំរុញឲ្យមានការផ្សព្វផ្សាយនូវខ្លឹមសារលុបបំបាត់ភាពអសកម្មមួយចំនួន ដូចជាពាក់ព័ន្ធគ្រឿងញៀន និងគ្រោះថ្នាក់ចរាចរណ៍ជាដើម ដើម្បីឲ្យស្របទៅនឹងយុទ្ធនាការស៊ីហ្គេម ឆ្នាំ២០២៣ ផងដែរ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានគូសបញ្ជាក់ថា «ឯកឧត្តមបណ្ឌិត ថោង ខុន បានណែនាំឲ្យគណៈកម្មការជំនាញទទួលបន្ទុកលើយុទ្ធនាការនេះ រៀបចំនូវសិក្ខាសាលាមួយ ស្ដីពីការប្រកាសយន្ដការទាំងពីរ ដោយត្រូវចេញដំណើរពីឥឡូវ ដើម្បីឲ្យកម្ពុជាមានរូបភាពមួយ សម្រាប់ប្រទេសសមាជិក និងអន្ដរជាតិ ដែលត្រៀមចូលរួមស៊ីហ្គេម ឃើញនូវភាពវិជ្ជមាន ការអភិវឌ្ឍ និងសន្ដិភាពនៅកម្ពុជា។ ទាំងអស់នេះ យើងត្រូវចាប់ផ្ដើមរៀបចំសិក្ខាសាលាដ៏ធំមួយ ដែលមានការចូលរួមពីគ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធររដ្ឋបាលរាជធានី-ខេត្តទាំងអស់»

ក្រៅពីរបៀបវារៈខាងលើ កិច្ចប្រជុំរបស់គណៈអចិន្ដ្រៃយ៍ CAMSOC ដដែល ក៏បានជជែកពីរបៀបវារៈ ២ផ្សេងទៀតផងដែរ ទី១-ស្ដីពីការប្រកាសដាក់ឲ្យប្រើប្រាស់ Logo និង Mascot ស៊ីហ្គេម បន្ទាប់ពីត្រូវបានចុះបញ្ជីកម្មសិទ្ធិបញ្ញារបស់ CAMSOC និងឆ្លងកាត់ការកែសម្រួលចំនួន ២សប្ដាហ៍កន្លងទៅ និងទី២-គឺការពិនិត្យទៅលើគម្រោងថវិកាបឋម ដែលត្រៀមចំណាយមុន និងក្រោយព្រឹត្តិការណ៍ស៊ីហ្គេមនៅកម្ពុជា។ តែមិនទាន់មានការអនុម័ត ឬសម្រេចណាមួយនោះទេ ដោយសារស្ថិតក្នុងគម្រោងនៅឡើយ៕