(ភ្នំពេញ)៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ លីមីតធីត ដែលជាគ្រឹះស្ថានមីក្រូធំជាងគេលំដាប់ទី២នៅកម្ពុជា បានប្រកាសស្លាកសញ្ញាថ្មីជាផ្លូវការ និងប្តេជ្ញាផ្ដល់សេវាកម្មរហ័ស សាមញ្ញ និងងាយស្រួលជូនអតិថិជនខ្លួន ខណៈពេលបច្ចុប្បន្នបានក្លាយខ្លួន ដោយជោគជ័យទៅជាធនាគារពាណិជ្ជ ដែលមានឈ្មោះថា ធនាគារហត្ថា ម.ក ។

ក្នុងឱកាសប្រកាសបើកស្លាកសញ្ញាថ្មីជាផ្លូវការរបស់ខ្លួននេះ បានធ្វើឡើងនៅល្ងាចថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០ និងមានការចូលរួមពីថ្នាក់ដឹកនាំ និងសមាជិករបស់ធនាគារហត្ថា ម.ក ផងដែរ។

លោកឧកញ្ញ៉ា ហួត អៀងតុង ប្រធានអគ្គនាយក នៃធនាគារ ហត្ថា បានថ្លែងឲ្យដឹងថា «ខ្ញុំពិតជាមានមោទនភាព ដែលធនាគារ ហត្ថា បានបោះជំហានទៅមុខមួយកម្រិតទៀត ហើយយើងបាននឹងកំពុងតែខិតខំបន្តផ្តល់សេវាកម្មហិរញ្ញវត្ថុប្រកបដោយភាពជឿជាក់ ច្បាស់លាស់ និងត្រឹមត្រូវតាមសេចក្ដីត្រូវការរបស់អ្នកប្រើប្រាស់ ហើយជាលទ្ធផល អាជីកម្មរបស់យើងបានបន្តរីកចម្រើនដល់សព្វថ្ងៃនេះផងដែរ»

លោកបញ្ជាក់ថា «ធនាគារ ហត្ថា បានប្ដេជ្ញានឹងផ្ដល់ភាពជឿជាក់កាន់តែខ្លាំងជាមួយការត្រៀមខ្លួនរួចជាស្រេច ដើម្បីបម្រើសេវាកម្មជូនអតិថិជនប្រកបដោយភាពល្អឥតខ្ចោះ ភាពសាមញ្ញ ងាយស្រួល និងទំនុកចិត្តខ្ពស់ តាមរយៈបុគ្គលិកដែលមានបទពិសោធន៍ ចំណេះជំនាញហិរញ្ញវត្ថុ និងវិជ្ជាជីវៈត្រឹមត្រូវ។ លើសពីនេះទៅទៀត ធនាគារ ហត្ថា បានដាក់ចេញនូវយុទ្ធសាស្ត្រអាជីវកម្មធនធានមនុស្ស ដើមទុនប្រព័ន្ធធនាគារស្នូល ការគ្រប់គ្រងហានិភ័យ និងប្រតិបត្តិការអាជីវកម្ម ដើម្បីក្លាយជាធនាគារឈានមុខគេមួយ និងជួយគាំទ្រដល់អតិថិជនឲ្យមានអនាគតល្អដូចក្នុងពាក្យស្លោកយើងថា រួមគ្នាសាងអនាគតដ៏ប្រសើរ»

លោកបានបញ្ជាក់ទៀតថា ទន្ទឹមនឹងការប្រកាសស្លាកសញ្ញាថ្មីជាផ្លូវការនេះ ធនាគារ ហត្ថា ក៏បានប្រកាសមួយទៀត ដែលអំពីសេវាកម្មថ្មីៗរបស់ខ្លួនមួយចំនួន ដែលនឹងផ្ដល់ជូនអតិថិជនបានប្រើប្រាស់ក្រោយពេលក្លាយខ្លួនជាធនាគារ ក្នុងនោះរួមមាន៖ សេវាធនាគារចល័ត (Hattha Mobile), សេវាផ្ទេរប្រាក់ឆ្លងធនាគារ (Interbank Transfer), សេវាឥណទានវិបារូបន៍ (Overdraft Loan) និងសេវាបញ្ញើសន្សំផលច្រើន (HYSA Flexi និង HYSA Corporate)។

លោកឧកញ៉ាក៏បានថ្លែងអំណរគុណដល់បញ្ញាត្តិករ អាណាព្យាបាល ជាពិសេស ធនាគារជាតិនៃកម្ពុជា ដែលបានវាយតម្លៃ និងផ្ដល់ទំនុកចិត្តខ្ពស់ដល់ធនាគារ ហត្ថា កន្លងមក និងក្រុមប្រឹក្សាភិបាល ព្រមទាំងគណៈគ្រប់គ្រងទាំងអស់ បុគ្គលិក និងអតិថិជនដែលតែងតែជួយគាំទ្រ ជំរុញលើកទឹកចិត្តរបស់បានក្លាយជាធនាគារពាណិជ្ជដោយជោគជ័យបែបនេះផងដែរ។

ធនាគារ ហត្ថា គឺធនាគារដែលមានបទពិសោធន៍ជាង ២៦ឆ្នាំមកហើយ ក្នុងការផ្ដល់សេវាហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជា ដោយចាប់ផ្ដើមដំបូង ជាគម្រោងសន្ដិសុខស្បៀង និងបានបន្តវិវឌ្ឍខ្លួនជាបន្តបន្ទាប់ ចាប់ពីពេលនោះមក ហើយពេលបច្ចុប្បន្ន ធនាគារ ហត្ថា មានដើមទុនចុះបញ្ជីនៅធនាគារជាតិ នៃកម្ពុជាចំនួន ១១៥លានដុល្លារអាមេរិក មានការិយាល័យសាខាចំនួន ១៧៧ ជាមួយនឹងម៉ាស៊ីនអេធីអឹមចំនួន ១៣៧ទូទាំងប្រទេសបាននឹងកំពុងផ្ដល់សេវាកម្មហិរញ្ញវត្ថុយ៉ាងសម្បូរបែប ដល់អតិថិជនដូចជា សេវាឥណទាន សេវាប្រាក់បញ្ញើសន្សំ សេវាផ្ទេរប្រាក់ក្នុងស្រុក សេវាអេធីអឹម សេវាធនាគារចល័ត សេវាបើកប្រាក់បៀវត្ស ជាភ្នាក់ងារណែនាំលក់ សេវាធនារ៉ាប់រង និងត្រៀមដាក់ជូនឲ្យប្រើប្រាស់នូវសសេវាថ្មីៗ បន្ថែមទៀតក្រោយក្លាយខ្លួនជាធនាគារពាណិជ្ជរបស់ខ្លួន៕