(សៀមរាប)៖ ប្រាសាទបាតជុំ ឬសោគតាស្រម មានទីតាំងស្ថិតនៅខាងត្បូងស្រះស្រង់តាមផ្លូវវង់ធំចម្ងាយប្រមាណ ៣០០ម៉ែត្រ ក្នុងភូមិក្រវាន់ សង្កាត់អង្គរធំ ខេត្តសៀមរាប។

ប្រាសាទនេះសង់ឡើងតាមទម្រង់រចនាប័ទ្មប្រែរូប នាគ្រិស្ដសករាជ ៩៥៣ ធ្វើអំពីឥដ្ឋនៅលើខឿនថ្មបាយក្រៀម មានប្រាង្គចំនួនបី បែរមុខទៅទិសខាងកើត។

ប្រាសាទនេះ ស្ថាបនាដោយមហាមន្រ្តី មួយរូបមានឈ្មោះថា «កវិន្រ្ទារិមថន» ដែលជាអ្នកប្រកាន់ពុទ្ធសាសនានិយម ក្នុងគោលបំណងឧទ្ទិសចំពោះព្រះពុទ្ធសាសនា មហាយាន «ព្រះពោធិសត្វលោកេស្វរៈ និង ព្រះនាងប្រាជ្ញាបារមិតា»

កវិន្រ្ទារិមថន ជាមហាមន្ត្រីបុរាណខ្មែររូបនេះក្នុងរាជ្យព្រះបាទរាជេន្ទ្រវរ្ម័នទី២ សោយរាជ្យចន្លោះគ្រិស្ដសករាជ ៩៤៤-៩៦៨ នៅរាជធានីក្រុងយសោធរបុរៈ (ក្រុងអង្គរបច្ចុប្បន្ន)។

ប្រាសាទបាតជុំ ពុំសូវមានចម្លាក់ទេពអ្វីច្រើន នោះឡើយ ព្រោះជាប្រាសាទឥដ្ឋ មានត្រឹមក្បាច់ លម្អសរសរពេជ្រ និងចម្លាក់ទេពនៅលើផ្តែរដ៏មានអំណាច និងរស់រវើក។

ប្រាសាទនេះរងនូវការពុកផុយដោយសារគុណភាព សំណង់ (ឥដ្ឋ) ចុះខ្សោយ ប៉ុន្តែបានទទួលការជួស ជុលអភិរក្សក្នុងការសង្គ្រោះប្រាសាទឲ្យរួចផុតពីហានិភ័យ៕

ដើម្បីទស្សនារូបភាព និងព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ៖ https://goo.gl/maps/uFJJt1bsgjsLp6vB6