(មេនឆេស្ទើ)៖ យោងតាមប្រភពពីក្លិបមេឃខៀវ Manchester City បានបង្ហាញថា កីឡាករសំខាន់ ២រូបមានដូចជា ខ្សែបម្រើ-ប្រយុទ្ធ Riyad Mahrez និងខ្សែការពារ Aymeric Laporte បានឆ្លងជំងឺ COVID-19 និងត្រូវបានដាក់ឲ្យនៅដាច់ដោយឡែកពីគេផងដែរ បើទោះបីជាពុំមានចេញរោគសញ្ញាអ្វីក៏ដោយ។

តាមប្រភពខាងលើដែលចេញផ្សាយនាថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០ បានឲ្យដឹងថា កីឡាករទាំង ២រូបត្រូវបានធ្វើតាមការអនុវត្តនៃវិធីការពារមេរោគឆ្លងរបស់ក្រសួងសុខាភិបាលអង់គ្លេស ដើម្បីទប់ស្កាត់ COVID-19 ខណៈក្លិប និងមិត្តរួមក្រុមឯទៀតបានធ្វើការជូនពរនាក់ទាំង២ ឲ្យឆាប់ជាសះស្បើយ ដើម្បីវិលត្រឡប់មកហ្វឹកហាត់ជុំគ្នាត្រៀមបើករដូវកាលថ្មីនៅចុងសប្តាហ៍នេះ។

គួររំលឹកផងថា ខ្សែបម្រើសញ្ជាតិអាល់ហ្សេរី Riyad Mahrez ត្រូវបាន Man City នាំយកមកពីក្លិបគូប្រជែងក្នុងលីគកំពូល Leicester City គ្រាដែលខ្សែការពារ Aymeric Laporte ទិញមកពីក្លិបអេស្ប៉ាញ Athletic Bilbao កាលពីឆ្នាំ២០១៨ ដូចគ្នា៕