(ភ្នំពេញ)៖ ផលិតកម្ម Galaxy Navatra នៅថ្ងៃនេះបានប្រកាសថា ខ្លួនបានត្រៀមបញ្ចេញបទចម្រៀងឆ្លងឆ្លើយជាច្រើនបទ រវាងតារាចម្រៀងវ័យក្មេង អ៊ុក សុវណ្ណារី និង ធឿន បុរី ដើម្បីអបអរសាទរឱកាសបុណ្យភ្ជុំបិណ្ឌ។ ការផលិតចម្រៀងសម្រាប់តារាទាំងពីរ គឺបន្ទាប់ពីសង្កេតឃើញថា តាមរយៈបទចម្រៀងនាពេលកន្លងទៅ ច្រៀងដោយតារាវ័យក្មេងទាំងពីរជាលក្ខណៈឌឺដង ផ្លែផ្កាដាក់គ្នាទៅវិញទៅមក គឺទទួលបានការគាំទ្រច្រើនពីសំណាក់ទស្សនិកជន។

លោក យឹម តាស្រង់ អ្នកគ្របគ្រងទូទៅរបស់ផលិតកម្ម Galaxy Navatra បានថ្លែងប្រាប់ Fresh News Plus មុននេះបន្តិចថា «មិនមែនជាការធ្វើដោយចៃដន្យ រៀងរាល់ចូលឆ្នាំខ្ញុំតែងតែរៀបបទនិពន្ធ សម្រាប់ឲ្យពួកគាត់ច្រៀងឌឺដងដាក់គ្នាបែកផ្សែង ហើយតែងទទួលជោគជ័យរាល់ឆ្នាំបទពួកគាត់ ហើយឆ្នាំទី៣នេះ ខ្ញុំបានត្រៀមសម្រាប់គាត់រួចរាល់ផងដែរ ប៉ុន្តែដោយសារភ្ជុំឆ្នាំនេះ ខ្ញុំសង្កេតឃើញថា បងប្អូនកំពុងតាមដានបទចម្រៀងភ្ជុំច្រើន ខ្ញុំក៏សម្រេចចិត្តថានឹងដាក់បទឆ្លើយឆ្លងពួកគាត់ សម្រាប់អបអរពិធីបុណ្យភ្ជុំបិណ្ឌនេះជូនបងប្អូន ដែលជា Fan គាំទ្រពួកគាត់! កុំភ្លេចរង់ចាំតាមដានបទពួកគាត់តើនឹង មានអ្វីថ្មី?»។

បើទស្សនិកជននៅចាំមិនភ្លេច តារាចម្រៀងវ័យក្មេងប្រចាំផលតកម្ម Galaxy Navatra ទាំងពីររូប គឺ អ៊ុក សុវណ្ណារី និងធឿន បុរី បានចាប់ដៃគ្នាច្រៀងបទឆ្លងឆ្លើយជាច្រើនបទរួចមកហើយ ដោយបទនីមួយៗគឺទទួលបានការចាប់អារម្មណ៍យ៉ាងច្រើន ពីប្រិយមិត្តអ្នកស្តាប់។ ជាក់ស្តែងដូចជាបទ «កំសោះឌឺដងក្រមុំតវ៉ា» និងបទ «ចង់លក់ផ្ទះចោល» ជាដើម។ តារាទាំងពីររូបនេះ បើទោះបីជាមានវ័យក្មេងក៏ពិតមែន តែទឹកដមសំនៀង ការសម្តែងក្នុងបទនីមួយៗ គឺមិនចាញ់សិល្បកររៀមច្បងប៉ុន្មានឡើយ៕