(ភ្នំពេញ)៖ ទីបំផុតក្រុម TN Kandal បានសម្រេចបំណងគ្រងជើងឯកពានរង្វាន់ KW Cambodia League លើកទី៩ ឆ្នាំ២០២០ ហើយ បន្ទាប់ពីយកឈ្នះក្រុម Bayon Wanderers ៤-២ ក្នុងការប្រកួតសន្សំពិន្ទុចុងក្រោយនាល្ងាចថ្ងៃអាទិត្យ ទី០៦ ខែកញ្ញានៅទីលាន KMH ស្របពេលប្រធានក្លិបលោក ធុល នាង លើកឡើងថា ពាននេះមានការប្រកួតប្រជែងខ្លាំង ទម្រាំសម្រេចក្ដីស្រម៉ៃលើកពាន។

ក្នុងនាមក្រុមចំណូលថ្មីដែលទើបចូលរួមប្រកួតលើកដំបូង TN Kandal បានស្គាល់បរាជ័យតែ ១ប្រកួតប៉ុណ្ណោះ ក្នុងចំណោម ១៣ប្រកួត ដោយរកបាន ៣៦ពិន្ទុ ស្មើជាមួយក្រុមជើងឯកឆ្នាំចាស់ ISI ដង្កោសែនជ័យដែរ តែដោយផ្អែកលើរូបមន្ដ Head-do-Head ក្រុម TN Kandal បានយកឈ្នះក្រុម ISI ដង្កោសែនជ័យ ២-១។ ដូច្នេះតំណែងជើងឯក ក៏បានទៅពួកគេតែម្ដង។

ក្រោយចប់ការប្រកួតលោក ធុល នាង បានសម្ដែងការពេញចិត្ត ចំពោះការខិតខំប្រឹងប្រែងរបស់កូនក្រុម ដែលព្យាយាមតាំងពីសប្ដាហ៍ទី១ រហូតដល់សប្ដាហ៍ទី១៣ ដើម្បីសម្រេចបំណងលើកពាន។ ប៉ុន្ដែលោកថា ទម្រាំសម្រេចគោលដៅនេះ ក៏មិនងាយស្រួលដែរ ព្រោះពានរង្វាន់ KW Cambodia League មានការប្រកួតប្រជែងខ្លាំង និងសម្បូរក្រុមប្រជុំដោយកីឡាករបរទេសទៀតផង។

លោកថា «ពាននេះមានកម្រិតខ្ពស់ជាងពានពាក់កណ្ដាលអាជីពផ្សេងៗ ដោយសារមានកីឡាករបរទេស ក្រុមខ្លះកីឡាករបរទេសស្ទើរតែ ១០០% ជាក់ស្ដែងក្រុម Bayon Wanderers គឺ ១១នាក់របស់គាត់សុទ្ធតែបរទេស ចឹងបើនិយាយពីកម្លាំង និងការពិតញាំង កីឡាករខ្មែរយើងនៅមានកម្រិតជាមួយពួកគាត់។ ចឹងក្រុមដែលមានបរទេសច្រើន ក៏មានលទ្ធភាពច្រើន តែយើងក៏មានកីឡាករបរទេសល្អៗដែរ»។

យ៉ាងណាមិញការប្រកួតនៅមិនទាន់បញ្ចប់នោះទេ ពោលគឺក្រោយរកឃើញជើងឯកពាន KW Cambodia League គណៈកម្មការនឹងបន្ដរៀបចំពាន KW Cambodia Cup មួយទៀត សម្រាប់ក្រុមឈរលេខរៀងទី២ ដល់លេខរៀងទី៥ ធ្វើការប្រកួតបន្ដ រួមមានក្រុម ISI ដង្កោសែនជ័យ, Khmer United-A, Riel PP និងក្រុម Avatar។ ជាលទ្ធផលចាប់ឆ្នោតការប្រកួតវគ្គខ្វែងនេះ គឺក្រុម ISI ដង្កោសែនជ័យ ត្រូវជួប Avatar និងក្រុម Khmer United-A ជួបក្រុម Riel PP នាថ្ងៃទី១២ ខែកញ្ញាខាងមុខ៕