(ភ្នំពេញ)៖ ចាប់ពីថ្ងព្រហស្បតិ៍ ១រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០សប្តាហ៍នេះ ជាពេលប្រជាពលរដ្ឋខ្មែរ បានរួមគ្នាប្រារព្ធពិធីបុណ្យកាន់បិណ្ឌ ដែលជាពិធីបុណ្យប្រវេណីដ៏ធំតាមបែបព្រះពុទ្ធសាសនាខ្មែរ។ ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌមានរយៈពេល ១៥ថ្ងៃ ពោលចាប់ពីថ្ងៃ ១រោច រហូតដល់ ១៥រោច ខែភទ្របទ។

ប្រជាពលរដ្ឋខ្មែរ មានជំនឿថា រយៈពេល ១៥ថ្ងៃនេះ ជាឱកាសដ៏ពិសិដ្ឋក្នុងការរៀបចំម្ហូបអាហារទៅប្រគេនព្រះសង្ឃនៅតាមទីអារាម ដើម្បីឧទ្ទិសជូនដល់បុព្វការីជនចែកឋាន។ ជាពិសេសបុព្វការីជន ដែលអាចភ្លាំងភ្លាត់ទៅកើតក្នុងទីឋានមិនគាប់ប្រសើរ ឬនៅអបាយភូមិនោះ។

ឆ្លៀតក្នុងឱកាសនេះ អង្គភាព Fresh News សូមលើកយកអត្ថបទស្តីពីទស្សនវិជ្ជាព្រះពុទ្ធសាសនា និងតួនាទីទីអារាមក្នុងសង្គមខ្មែរចែកជូនមិត្តអ្នកអាន បានស្វែងយល់ និងបានជ្រូតជ្រាប។ ក្នុងនាមជាពុទ្ធសាសនិកជន មានជំនឿលើព្រះពុទ្ធសាសនា គួរតែសិក្សាស្វែងយល់ ដើម្បីធ្វើឱ្យការប្រតិបត្តិបានត្រឹមត្រូវ និងមិនរង់នូវការនិន្ទាថាយើងប្រតិបត្តិទាំងខុសឆ្គង ឬប្រតិបត្តិទាំងមិនយល់នោះ។

អត្ថបទស្តីពីទស្សនវិជ្ជាព្រះពុទ្ធសាសនា និងតួនាទីវត្តអារាមក្នុងសង្គមខ្មែរនេះ ត្រូវបានដកស្រង់ចេញពីសៀវភាព «អរិយធម៌ខ្មែរ» ដែលជាវណ្ណកម្មរបស់លោកបណ្ឌិត សាស្ត្រចារ្យ អ៉ីវ ថុង។

១៖ កំណើតពុទ្ធសាសនា
ពុទ្ធសាសនាមានកំណើតនៅប្រទេសឥណ្ឌា ក្នុងសតវត្សទី៦ មុនគ.ស។ ចាប់ទីដើមសតវត្សរ៍ទី១ នៃគ.ស ពុទ្ធសាសនា ក៏ចែកជាពីរនិកាយធំៗ គឺនិកាយហីនយាន ឬថេរវាទ ឬទក្ខិណនិកាយ និងនិកាយមហាយាន ឬអាចរិយវាទ ឬឧត្តរនិកាយ។

និកាយហីនយានគោរពប្រតិបត្តិតាមពុទ្ធោវាទ ដែលព្រះពុទ្ធទ្រង់បានសម្តែងរួចមកហើយក្នុងគម្ពីរព្រះត្រៃបិដក។ និកាយហីនយាន គោរពព្រះពុទ្ធសមណគោតម ដែលបានត្រាស់ដឹងអនុត្តរសម្មាសម្ពោធិញ្ញាណ និងទ្រង់បានចូលព្រះបរិនិព្វានបាត់ទៅហើយ។ សព្វថ្ងៃប្រទេសដែលនិយមពុទ្ធសាសនាថេរវាទមានដូចជា៖ កម្ពុជា ថៃ ឡាវ មីយ៉ាន់ម៉ា ស្រីលង្កា ឥណ្ឌា េនប៉ាល់...។

និកាយមហាយានគោរពប្រតិបត្តិតាមអាចរិយវាទ គឺតាមគ្រូអាចារ្យរបស់ខ្លួនតៗគ្នា។ និកាយមហាយានជឿថា មានពោធិសត្វធំៗជាច្រើនអង្គមិនទាន់ចូលបរិនិព្វាន ហើយឋិតនៅក្នុងលោកនេះចាំជួយសង្គ្រោះសត្វលោក។ ពោធិសត្វទាំងនោះរួមមាន៖

* លោកេស្វរៈ៖ អ្នកសង្គ្រោះ អ្នកផ្តល់សេចក្តីសុខ អ្នកថែរក្សាលោក
* មញ្ចុស្រី៖ អ្នកត្រួតត្រាផ្លូវយុត្តិធម៌
* សមន្តភទ្រ៖ អ្នករក្សាអ្នកកាន់សាសនា
* មៃត្រេយ៖ អនាគតព្រះពុទ្ធ នៅចាំរក្សាសាសនាព្រះសមណគោតម
* ក្សិតិគភ៌៖ ពោធិសត្វស្រោចស្រង់មនុស្សពីឋាននរក
* វជ្របាណិ៖ ពោធិសត្វស្រោចស្រង់មនុស្សពីឋាននរក
* ប្រាជ្ញាបារមិតា៖ ពោធិសត្វនិមិត្តរូប នៃបញ្ញាដ៏ឧត្តម

តាមនិកាយមហាយាន ព្រះពុទ្ធជាអច្ឆរិយៈបែងភាគ ទៅពាសពេញគ្រប់ទីកន្លែង អាស្រ័យដោយឈាន មានព្រះពុទ្ធនាម អមិតាភៈ អក្សោភ្យៈជាដើម។ និកាយមហាយានមានគម្ពីរផ្ទាល់ខ្លួនជាភាសាសំស្ក្រឹត ដូជាគម្ពីរ សុវណ៌ប្រភាស សទ្ធម្មបុណ្ឌរីក លង្កាវតារ ប្រាជ្ញាបារមិតា...។ សព្វថ្ងៃប្រទេសដែលនិយមពុទ្ធសាសនាមហាយានមានដូចជា៖ ចិន ជប៉ុន កូរ៉េ វៀតណាម និងទិបេ។ល។

ព្រះពុទ្ធសាសនាបានចូលមកប្រទេសកម្ពុជាតាំងពីពុទ្ធសតវត្សរ៍ទី៣ (ព.ស ២៣៤) ក្រោយពេលដែលបានធ្វើតតិយសង្គាយនារួចហើយ នៅក្នុងប្រទេសឥណ្ឌានាពុទ្ធសតវត្សទី៣ ព្រះមហាថេរមួយអង្គព្រះនាម មហាមោគ្គលិបុត្តតិស្សៈ បានចាត់ចែងបញ្ជូនព្រះថេរៈពីរអង្គ គឺព្រះសោណត្ថេរ និងព្រះឧត្តរត្ថេរ ឱ្យចេញពីប្រទេសឥណ្ឌា មកផ្សាយព្រះពុទ្ធសាសនានៅសុវណ្ណភូមិ ក្រោមព្រះរាជូបត្ថម្ភព្រះបាទធម្មាសោក។

ព្រះពុទ្ធសាសនា បានរុងរឿងចាប់តាំងពីខាងដើមគ្រិស្តសករាជមក។ មានសិលាចារឹកពុទ្ធសាសនាបរមបុរាណជាងគេបង្អស់នៅឥណ្ឌូចិន គឺសិលាចារឹកវ៉ូកាញ់ ជាព្រះរាជប្រកាសព្រះបាទស្រីមារៈ ពីគ្រិស្តសតវត្សទី២ និងពុទ្ធរូបច្រើនអង្គជាសក្ខីភាព។ តាំងពីពេលនោះដរាបមកដល់បច្ចុប្បន្ននេះ ព្រះពុទ្ធសាសនាក្នុងប្រទេសកម្ពុជា អាចឋិតថេរគង់វង្សជាដរាប ទោះបីសម័យខ្លះចុះអន់ថយ សម័យខ្លះសាបសូន្យ។

មិនត្រឹមតែមានឈ្មោះថា ជាសាសនារបស់រដ្ឋទេ តែព្រះពុទ្ធសាសនា បានក្លាយទៅជាវប្បធម៌ជាតិរបស់ខ្មែរ ក្នុងការកំណត់វិថីជីវិតរបស់ខ្មែរ តាំងពីកើតរហូតដល់ស្លាប់ទៀតផង។ ជីវិតក្នុងក្រុមគ្រួសារ ការសិក្សា សិល្បៈ និងនយោបាយដឹកនាំប្រទេសជាតិ សុទ្ធតែបានទទួលឥទ្ធិពលពីពុទ្ធសាសនាទាំងអស់ ហើយឥទ្ធិពលនេះ នឹងនៅតែបន្តមានទៅអនាគតទៀតជានិច្ចកាល។

ពុទ្ធសាសនានៅប្រទេសកម្ពុជាបច្ចុប្បន្នមានពីរនិកាយគឺ៖ មហានិកាយ មាននៅក្នុងប្រទេសកម្ពុជា ពីបុរាណកាលមក និងធម្មយុត្តិកនិកាយ នាំចូលពីប្រទេសថៃ ក្នុងរជ្ជកាលព្រះអង្គឌួងឆ្នាំ១៨៥៥ និកាយនិមួយៗមានប្រព័ន្ធគ្រប់គ្រងរៀងៗខ្លួន គឺមានព្រះសង្ឃរាជជាប្រមុខ។

២៖ ពុទ្ធប្រវត្តិសង្ខេប

ព្រះបិតានាម សិរីសុទ្ធោទន៍ក្នុងសាក្យវង្សគោតម និងព្រះមាតានាម សិរីមហាមាយា ជាក្សត្រសោយរាជ្យនៅនគរកបិលពស្តុ ប្រទេសនេប៉ាល់សព្វថ្ងៃ។ ព្រះមហេសីនាម ពិម្ពាយសោធរា និងព្រះរាជបុត្រនាម រាហុលកុមារ។ ព្រះពុទ្ធទ្រង់ព្រះនាមសិទ្ធត្ថ។

ក្នុងព្រះជន្ម ១៦វស្សា ព្រះអង្គទទួលរៀបអភិសេក, ព្រះជន្ម ២៩វស្សា បានយាងចេញទៅសាងផ្នួស, ព្រះជន្ម៣៥វស្សា បានត្រាស់ដឹងជាព្រះសម្មាសម្ពោធិញ្ញាណ និងព្រះជន្ម ៨០វស្សា បានយាងចូលព្រះបរិនិព្វាន។

៣៖ គោលសំខាន់នៃទស្សនវិជ្ជាក្នុងពុទ្ធសាសនា

ពុទ្ធសាសនាអាចចាត់ទុកថាជាទស្សនវិជ្ជាក៏បាន ជាធម៌សម្រាប់ប្រតិបត្តិ ដើម្បីរំដោះខ្លួនពីសេចក្តីទុក្ខក៏បាន។ ជាបឋមពុទ្ធសាសនាបង្រៀនឱ្យសម្គាល់ដំណើរចិត្ត រួចពន្យល់ពីដំណើរលោករបស់មនុស្ស ដែលទាក់ទងទៅនឹងការវិលវល់របស់សត្វលោក តាមផ្លូវចិត្តនេះឯង។ ជាពិសេសពុទ្ធសាសនាបានដៅផ្លូវប្រតិបត្តិ ដើម្បីឱ្យមនុស្សយកមកអនុវត្តផ្ទាល់ខ្លួនឯង។ តើគោលសំខាន់ដែលព្រះពុទ្ធដៅមកមានអ្វីខ្លះ?

ទស្សនវិជ្ជាសំខាន់ដែលព្រះពុទ្ធរកឃើញ គឺទ្រឹស្តីអរិយសច្ចៈ។ តើអរិយសច្ចៈជាអ្វី?

* ទុក្ខអរិយសច្ចៈ ៖ ជាសក្តីពិតមួយ គឺថាមានជីវិតពិតជាមានទុក្ខ ពុំអាចចៀសវាងបានឡើយ គ្រាន់តែអ្នកខ្លះមានទុក្ខតិច អ្នកខ្លះមានទុក្ខច្រើនតែប៉ុណ្ណោះ។ ទុក្ខ គឺជាសច្ចធម៌ ដែលគួរដឹងជាទីបំផុត បានដល់ទុក្ខទាំង ១២កងរួមមាន៖ ជាតិទុក្ខ (ទុក្ខ កើតពីការមានកំណើត), ជរាទុក្ខ (ទុក្ខ កើតពីសេចក្តីចាស់គ្រាំគ្រា), ព្យាធិទុក្ខ (ទុក្ខ កើតពីជំងឺរោគាផ្សេងៗ), មរណទុក្ខ (ទុក្ខ កើតពីសេចក្តីស្លាប់), សោកទុក្ខ (ទុក្ខ កើតពីការយំស្តាយស្រណោះ), បរិទេវទុក្ខ (ទុក្ខ កើតពីការខ្សឹកខ្សួល), ទុក្ខទុក្ខ (ទុក្ខ កើតពីសេចក្តីលំបាកកាយ), ទោមនស្សទុក្ខ (ទុក្ខ កើតពីសេចក្តីលំបាកចិត្ត), ឧបាយសទុក្ខ (ទុក្ខ កើតពីពីសេចក្តីចង្អៀតច្អល់ចិត្ត អស់សង្ឃឹម), អប្បិយេហិ សម្បយោគទុក្ខ (ទុក្ខ កើតពីការជួបនឹងវត្ថុ ឬសត្វមិនជាទីស្រឡាញ់), បិយេហិ វិប្បយោគទុក្ខ (ទុក្ខ កើតពីការព្រាត់ប្រាស់វត្ថុ ឬសត្វជាទីស្រឡាញ់) និងយម្បិច្ឆំ ន លភតិ តម្បិទុក្ខ (ទុក្ខ កើតពីការមិនបានដូចបំណង...)។

* សមុទយអរិយសច្ចៈ ៖ ជាសេចក្តីពិតមួយ គឺថាទុក្ខរបស់មនុស្សពិតជាមានហេតុ។ ហេតុសំខាន់មានពីរ គឺតណ្ហា ឬលំងប់ និងអវិជ្ជា។

* និរោធអរិយសច្ចៈ ៖ ជាសេចក្តីពិតមួយ គឺថាទុក្ខពិតជាអាចរំលត់ទៅវិញបាន។ គេអាចបំបាត់ទុក្ខ ដោយគាស់រំលើងហេតុរបស់ទុក្ខ គឺបំបាត់តណ្ហា និងអវិជ្ជា។

* មគ្គអរិយសច្ចៈ ៖ ជាសេចក្តីពិត គឺថាទុក្ខអាចរំលត់ទៅវិញ តាមផ្លូវ ឬមធ្យោបាយត្រូវ។ ព្រះពុទ្ធបានកំណត់យកផ្លូវកណ្តាល (មជ្ឈិមាបដិបទា) ដោយប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួននូវមគ្គៈ៨យ៉ាង ដែលគេហៅថា អដ្ឋង្គិកមគ្គ ឬអរិយមគ្គ ដែលមានចំនួន៨រួមមាន៖ សម្មាទិដ្ឋិ (ការយល់ឃើញក្នុងផ្លូវត្រូវ), សម្មាសង្កប្បៈ (ការត្រិះរិះក្នុងផ្លូវត្រូវ), សម្មាវាចា (សំដីត្រឹមត្រូវ), សម្មាកម្មន្តៈ (ការប្រព្រឹត្តតែអំពើត្រឹមត្រូវ), សម្មាអាជីវៈ (ការចិញ្ចឹមជីវិតក្នុងផ្លូវត្រូវ), សម្មាវាយាមៈ (ការព្យាយាមក្នុងផ្លូវត្រូវ), សម្មាសតិ (ការំលឹកខ្លួនឱ្យផ្ចង់ស្មារតីត្រឹមត្រូវ) និងសម្មាសមាធិ (ការធ្វើសមាធិត្រឹមត្រូវ)។

ទ្រឹស្តីសំខាន់មួយទៀតរបស់ពុទ្ធសាសនា គឺទ្រឹស្តី «កម្មផល»។ តើកម្មផលក្នុងលទ្ធិពុទ្ធសាសនាមានន័យដូចម្តេច?

តាមទស្សនៈពុទ្ធនិយម សត្វលោកតែងវិលកើតវិលស្លាប់មិនចេះចប់ក្នុងវត្តសង្សារ។ មានជីវិតរវែងជួបប្រទះនឹងទុក្ខសោក រោគាព្យាធិ សេចក្តីលំបាក ហើយកើតមកតែងចាស់ ឈឺស្លាប់ទៅវិញ។ តាមពុទ្ធលទ្ធិភាវៈកើតខ្លួនឯង តាមកំណត់ច្បាប់ធម្មជាតិ។ ធាតុដែលនាំឱ្យកើត ឬស្លាប់ គឺខន្ធទាំង៥ ហៅថា បញ្ចក្ខន្ធរួមមាន៖ រូបក្ខន្ធ, វេទនាខន្ធ, សញ្ញាខន្ធ, សង្ខារខន្ធ និងវិញ្ញាណក្ខន្ធ។

បានសេចក្តីថា ជាការរួមផ្គុំផ្សំភាវៈទាំងឡាយ។ ភាវៈមានកំណើត ហើយធំធាត់ រួចទ្រុឌទ្រោមទៅវិញ រួចធាតុក៏ផ្គុំផ្សំជាថ្មីកើតជាជីវិតថ្មីមួយទៀត។ ដូចនេះជីវិតថ្មីមានជាប់ទាក់ទងទៅនឹងជីវិតចាស់ ចំណែកកម្លាំងអន្ទោលចុះឡើងពីជីវិតមួយទៅជីវិតមួយ គឺ «កម្មផល»។

* តើកម្មផលជាអ្វី?

កម្ម មានន័យថាអំពើ, ផល ជាផ្កាផ្លែលេចចេញពីអំពើ។ ដូចនេះ តាមទស្សនៈពុទ្ធនិយម ផលល្អ ឬអាក្រក់ បានមកពីការកសាងរបស់ខ្លួន ពុំមែនមកពីអាទិទេពទេ។ អំពើល្អ និងអំពើអាក្រក់ ពុំអាចកាត់សងគ្នាបានឡើយ។ បានសេចក្តីថា អំពើអាក្រក់ផ្តល់ផលអាក្រក់ អំពើល្អ ផ្តល់ផលល្អ បើអំពើល្អផង អាក្រក់ផង នោះផលក៏ត្រូវល្អផង អាក្រក់ផងដែរ។

និយាយរួមមក ទ្រឹស្តីកម្មផលជាទ្រឹស្តីទំនាក់ទំនងហេតុផល។ ទ្រឹស្តីនេះ ព្រះពុទ្ធបានពន្យល់ក្បោះក្បាយ ហើយដាក់ឈ្មោះថា ទ្រឹស្តីបដិច្ចសមុប្បាទ។

តើបដិច្ចសមុប្បាទជាអ្វី? គឺជាធម្មភាពភ្ជាប់ហេតុទៅនឹងផល។ ភាវៈទាំងអស់ ដែលកើតឡើងសុទ្ធតែមានបច្ច័យទាក់ទងគ្នា បើនេះមាន នោះក៏មាន បើនេះគ្មាន នោះក៏គ្មាន។

ដំណើរវិលកើត វិលស្លាប់របស់មនុស្ស ទ្រឹស្តីបដិច្ចសមុប្បាទ បានប្រទាក់គ្នាជាកម្រងច្រវាក់នូវហេតុ ១២យ៉ាង រួមមាន៖ អវិជ្ជា (បច្ច័យនាំឱ្យកើតសង្ខារ), សង្ខារ (បច្ច័យនាំឱ្យកើតវិញ្ញាណ), វិញ្ញាណ (បច្ច័យនាំឱ្យកើតនាមរូប), នាមរូប (បច្ច័យនាំឱ្យកើតអាយតនៈ), អាយតនៈ (បច្ច័យនាំឱ្យកើតផស្សៈ), ផស្សៈ (បច្ច័យនាំឱ្យកើតវេទនា), វេទនា (បច្ច័យនាំឱ្យកើតតណ្ហា), តណ្ហា (បច្ច័យនាំឱ្យកើតឧបាទាន), ឧបាទាន (បច្ច័យនាំឱ្យកើតភាព), ភព (បច្ច័យនាំឱ្យកើតជាតិ), ជាតិ (បច្ច័យនាំឱ្យកើតជរា) និងជរា (បច្ច័យនាំឱ្យកើតមរណៈ)។

បើធាតុណាមួយកើតឡើង ធាតុដទៃ ក៏មានកំណើតជាបន្តបន្ទាប់រហូតដល់មរណៈ។

ទ្រឹស្តីសំខាន់មួយទៀតរបស់ពុទ្ធសាសនា ដែលជាប្រតិកម្មប្រឆាំងនឹងលទ្ធិសាសនាព្រាហ្មណ៍ក្នុងសម័យព្រាហ្មណ៍និយមនោះគឺ ទ្រឹស្តី «អនត្តៈ ឬអនាត្ម័ន»។

ក្នុងសម័យព្រាហ្មនិយមគេជឿថា ព្រះព្រហ្មជាទេវៈបង្កើតលោក បង្កើតមនុស្ស ក្នុងខ្លួនព្រះព្រហ្មមាន អាត្ម័ន ឬព្រលឹង ដែលចេញពីរូបមួយទៅរូបមួយទៀត។ មានកម្លាំងអាត្ម័ន ជាព្រលឹងមនុស្សម្នាក់ អាចវិលទៅជួបព្រហ្ម័នវិញបាន ដែលជាព្រលឹងសាកល ឬមហាត្ម័ន។ ព្រះពុទ្ធបដិសេធជំនឿបែបនេះ ដោយពន្យល់ថា គ្មានអាត្ម័ន ឬព្រលឹងទេ ព្រហ្ម័នក៏គ្មានដែរ។

រួមសេចក្តីមក ទ្រឹស្តីរបស់ព្រះពុទ្ធដូចបានបង្ហាញមកនេះ ជាទ្រឹស្តីទស្សនវិជ្ជាសំខាន់ៗ ដែលមានលក្ខណៈស្របនឹងស្យង់ជាច្រើន។ ទ្រឹស្តីនេះ ជាគំនិតបដិវត្តន៍មួយក្នុងសង្គមឥណ្ឌា ព្រោះទ្រឹស្តីរបស់ព្រះពុទ្ធប្រឆាំងនឹងជំនឿក្នុងលទ្ធិព្រាហ្មណ៍។ ព្រះពុទ្ធទ្រង់បានត្រិះរិះពិចារណាពីជីវិតរបស់មនុស្ស ស្វែងរកសច្ចៈដែលជាផ្លូវស្វែងរកសុខៈ ហើយទីបំផុតបានសម្រេចដូចបំណងរបស់លោកតាមវិធីពិចារណាពិសោធន៍អស់ជាច្រើនឆ្នាំ។ ដូចនេះទ្រឹស្តីរបស់ព្រះពុទ្ធជាទស្សនវិជ្ជា មានលក្ខណៈមនុស្សនិយម ពោលគឺមិនពិចារណាពីអាទិទេពទេ ត្រឡប់មកពិចារណាពីសុខទុក្ខរបស់មនុស្សនេះវិញ ព្រមទាំងបដិសេធអាទិទេពទៀតផង។

៤៖ តួនាទីវត្តអារាមក្នុងសង្គមខ្មែរ

រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា មាត្រា៤៣ បានចែងថា «ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធិពេញទីខាងជំនឿ។ សេរីភាពខាងជំនឿ និងការប្រតិបត្តិខាងផ្លូវសាសនា ត្រូវបានធានាក្នុងលក្ខខណ្ឌ ដែលមិនប៉ះពាល់ដល់ជំនឿ ឬសាសនាដទៃទៀត ដល់សណ្តាប់ធ្នាប់ និងសន្តិសុខសាធារណៈ។ ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ»។ តាមការចែងនេះ បញ្ជាក់បានថា ព្រះពុទ្ធសាសនាមានតួនាទីធំធេងណាស់សម្រាប់សង្គមកម្ពុជា។

វត្តអារាមក្នុងព្រះពុទ្ធសាសនា ជាទីកន្លែងដែលសមណៈគង់នៅ ដើម្បីប្រតិបត្តិធម៌ និងអប់រំបន្ទំចិត្ត នាំមកនូវសេចក្តីសុខដល់ខ្លួនឯងផង និងដល់អ្នកដទៃផង។

តើវត្តអារាមមានសារៈសំខាន់ដូចម្តេចខ្លះចំពោះសង្គមខ្មែរ?

តាំងពីមានវត្តមាននៅលើទឹកដីខ្មែរមក វត្តអារាមមិនបានបង្កផលអវិជ្ជមានណាមួយដល់សង្គមជាតិម្តងណាឡើយ។ ផ្ទុយទៅវិញ វត្តអារាមបានបម្រើសង្គមលើគ្រប់វិស័យ។ វត្តអារាមក្នុងសង្គមខ្មែរ ជាកន្លែងបណ្តុះ ថែរក្សា ការពារ រាល់សម្បត្តិវប្បធម៌ជាតិ មានក្បួនច្បាប់សាស្ត្រានានា សាស្ត្រាស្លឹករឹត ក្បាច់ម្លាក់ អក្សរសាស្ត្រ និងតន្ត្រីប្រពៃណីជាតិ...។ មិនតែប៉ុណ្ណោះ វត្តអារាម ក៏ជាទីផ្តល់នូវកិច្ចសង្គហសង្គ្រោះដល់ប្រជាពលរដ្ឋនៅពេលជួបប្រទះទុក្ខវិបត្តិក្នុងដំណើរជីវិតរបស់ខ្លួន និងជារមណីយដ្ឋានដ៏ប្រសើរ។

* វត្តអារាមបណ្តុះអក្សរសាស្ត្រជាតិ៖ នៅសម័យដើម ការសិក្សាវិជ្ជាការផ្សេងៗ មានអក្សរសាស្ត្រ គណិតសាស្ត្រ សិល្បសាស្ត្រ ពុទ្ធសាសនសាស្ត្រ វេជ្ជសាស្ត្រ ហោរាសាស្ត្រជាដើម ប្រព្រឹត្តទៅតាមទីវត្តអារាម ដើម្បីឱ្យមានចំណេះដឹងសមល្មមដល់ជីវភាពខ្លួន ទាំងអាណាចក្រ និងទាំងពុទ្ធចក្រ ព្រោះសម័យនោះមិនមានសាលារៀនក្រៅពីវត្តឡើយ។

បច្ចុប្បន្នកាលនេះ វត្តអារាមក៏នៅតែផ្តល់ភាពអនុគ្រោះដល់ការបណ្តុះធនធានមនុស្ស ដោយចូលរួមដោះស្រាយការសិក្សារបស់សមណសង្ឃតាមរយៈពុទ្ធិកសិក្សា។

* វត្តអារាមបណ្តុះសិល្បៈខ្មែរ៖ នៅពេលប្រទេសជាតិកើតកលិយុគ វឹកវរធ្លាក់ក្នុងភ្លើងសង្គ្រាម សិល្បៈខ្មែរគ្រប់ប្រភេទ ត្រូវបានតម្កល់ទុកនៅក្នុងវត្តអារាមពុទ្ធសាសនា ដែលមានព្រះសង្ឃជាអ្នកមើលថែរក្សាការពារ និងបង្ហាត់បង្រៀនកូនខ្មែរឱ្យចេះតៗគ្នាមក។ ដូចជារូបចម្លាក់ (ពុទ្ធបដិមា) គំនូរ (រឿងរ៉ាពុទ្ធប្រវត្តិ) ស្ថាបត្យកម្ម (សំណង់ព្រះវិហារ កុដិ ចេតិយ សាលារៀន) និងតូរ្យតន្ត្រី (ពិណពាទ្យ ឆាំយុាំ...) សុទ្ធសឹងជាស្នាដៃដ៏ចំណានរបស់ព្រះសង្ឃ ហើយបង្ហាត់បន្តមកដល់សិស្សសព្វថ្ងៃនេះ។

* វត្តអារាមគាំពារទំនៀមទម្លាប់ប្រពៃណីខ្មែរ៖ ស្ថិតក្រោមសភាពស្ងប់ស្ងាត់របស់ខ្លួន វត្តអារាមបានបង្កប់នូវកំណប់ទ្រព្យ ដែលមិនអាចកាត់ថ្លៃបាន។ ក្រៅពីវិស័យសិក្សាអប់រំ គឺទំនៀមទម្លាប់ប្រពៃណី និងបុណ្យទានផ្សេងៗដូចជា៖ វិសាខបូជា មាឃបូជា ចូលឆ្នាំថ្មី ភ្ជុំបិណ្ឌ ចូលវស្សា ចេញវស្សា កឋិនទាន ផ្កាសាមគ្គី បញ្ចុះសីមា ឆ្លងកុដិ...។ ពិធីប្រពៃណីទំនៀមទម្លាប់ទាំងនោះ ត្រូវបានប្រារព្ធធ្វើនៅតាមវត្តអារាមជាប្រចាំ ដោយមានព្រះសង្ឃជាអ្នកដឹកនាំធ្វើតាមកិច្ចនិមួយៗឥតមានអាកខាន។

បុណ្យទានទាំងនេះ បានបង្កលក្ខណៈឱ្យប្រជាជនខ្មែរបានជួបប្រជុំគ្នា រាក់ទាក់គ្នា ដែលជាហេតុនាំមកនូវសាមគ្គីភាព ភាតរភាពទៅវិញទៅមក។ ម្យ៉ាងវិញទៀត បានទាំងបណ្តុះនូវគំនិតចេះចែករំលែកសេចក្តីសុខរបស់ខ្លួនដល់អ្នកដទៃ និងសង្គមជាតិទាំងមូលតាមរយៈការធ្វើទានក្នុងឱកាសបុណ្យនិមួយៗ។ ត្រង់នេះបញ្ជាក់ថា វត្តអារាមបានអប់រំកូនខ្មែរគ្រប់រូបឱ្យចេះគោរព ចេះដឹងគុណ ចេះស្រឡាញ់អាណិតមាតាបិតា គ្រូបាអាចារ្យ ញាតិមិត្តជិតឆ្ងាយ និងព្រឹទ្ធាចារ្យថែមទៀត។

* វត្តអារាមជាតំបន់អភិរក្សបរិស្ថាន៖ ទាំងបរិស្ថានសង្គម ទាំងបរិស្ថានធម្មជាតិ វត្តអារាមបានចូលរួមយ៉ាងសកម្មក្នុងការគាំពារថែទាំ និងបន្តអភិវឌ្ឍដោយនិរន្តរភាព។ បរិស្ថានសង្គម វត្តជាកន្លែងអប់រំចិត្តមនុស្សឱ្យស្ងប់ស្ងាត់ ជាកន្លែងរម្ងាប់អធិករ ជាកន្លែងផ្សះផ្សាវិវាទ ជាកន្លែងចងមិត្ត ជាកន្លែងប្រាសចាកគំនុំ និន្ទា ឈ្នានីស។

បរិស្ថានធម្មជាតិ វត្តនិមួយៗតែងមានស្រះទឹក មានដើមឈើម្លប់ត្រឈឹងត្រឈៃ មានសួនផ្ការីកស្គុះស្គាយ សួនបន្លែខៀវស្រងាត់ គឺក្នុងគោលបំណងរក្សាទីអារាមបៃតង។

* វត្តអារាមជារមណីយដ្ឋានទេសចរ៖ ទីវត្តអារាមចំណាស់ ភ្ជាប់ទៅនឹងប្រវត្តិសាស្ត្រជាតិ ឬទីអារាមស្អាតស្រស់បំព្រង អាចទាក់ទាញទេសចរជាតិ និងអន្តរជាតិមកសិក្សាស្រាវជ្រាវ និងលំហែកម្សាន្ត។ ទីទាំងនោះ ក៏ក្លាយទៅជារមណីយដ្ឋានទេសចរ អាចលើកស្ទួយជីវភាពអ្នកភូមិជងើវត្តបានមួយកម្រិតផងដែរ។

* វត្តអារាមជាមន្ទីរសង្គមកិច្ច៖ ទីវត្តអារាមជាកន្លែងព្យាបាលរោគចិត្ត។ គេសង្កេតឃើញមានមនុស្សជួបវិបត្តិផ្លូវចិត្តតែងនាំគ្នាទៅវត្ត ដើម្បីបន្ធូរបន្ថយភាពតានតឹងទាំងនោះ។ ក្រោយពីបានស្តាប់ពាក្យប្រៀនប្រដៅធម៌ពីសំណាក់ព្រះសង្ឃហើយធ្វើវិបស្សនាសមាធិ នោះពួកគេនឹងបានទទួលនូវដំណោះស្រាយដូចបំណងប្រាថ្នា។ សព្វថ្ងៃនៅតាមបណ្តាវត្តនានាក្នុងសង្គមខ្មែរ មានបង្កើតជាអាស្រម ជាសាលាវិបស្សនាកម្មដ្ឋាន ដែលជាកន្លែងសម្រាប់អប់រំផ្លូវចិត្ត។

ទីវត្តអារាមជាកន្លែងព្យាបាលជំងឺផ្លូវកាយ តាមរយៈឱសថបុរាណ មន្តអាគមគាថា ដើម្បីសង្គ្រោះពុទ្ធបរិស័ទ។

ទីវត្តអារាមជាកន្លែងសម្រាប់ការងារមនុស្សធម៌ ដែលធ្វើការបម្រើប្រយោជន៍សាធារណៈដោយមិនគិតផលកម្រៃចំណេញ។

ទីវត្តអារាមជាទីសំណាក់របស់សិស្ស-និស្សិតក្រីក្រ ចាស់ទុំឥតទីពំនឹង និងក្មេងកំព្រា សម្រាប់បន្តការសិក្សាថ្នាក់ខ្ពស់ សម្រាប់កំដរជីវិតតោកយាកចុងក្រោយ និងសម្រាប់ក្តីសង្ឃឹមថា នឹងបានស្គាល់រស្មីជីវិត។ ទោះបីដំណោះស្រាយមិនអាចឆ្លើយតបបានទាំងស្រុង ក៏បានចូលរួមដោះស្រាយបានមួយកម្រិតផងដែរ។

ទីវត្តអារាមជាកន្លែងរំលាយសព សង់ចេតិយតម្កល់អដ្ឋិធាតុ ដល់អ្នកដែលស្លាប់។ ប្រជាជនខ្មែរត្រូវការវត្តគ្រប់កាលៈទេសៈ ហើយសង្គមខ្មែរមិនអាចគ្មានវត្តអារាមបានដែរ។

ជារួមមកតាមការៀបរាប់ខាងលើ បានបង្ហាញឱ្យឃើញថា វត្តអារាមបានដើរតួនាទីសំខាន់ណាស់សម្រាប់សង្គមខ្មែរ។ ដើម្បីឱ្យទីវត្តអារាមមានការរីកចម្រើន វត្តគួរត្រូវបានរៀបចំឱ្យមានការដឹកនាំត្រឹមត្រូវតាមគន្លងធម៌ព្រះពុទ្ធ, រក្សាសមិទ្ធផលដែលជាគរុភ័ណ្ឌ (ព្រះវិហារ កុដិ សាលាធម្មសភា បដិមា...) ឱ្យបានគង់វង់យូរអង្វែង, ប្រតិបត្តិធម៌វិន័យឱ្យបានល្អពីសំណាក់ព្រះសង្ឃ, ទទួលការគាំទ្រ ទំនុកបម្រុងពីសំណាក់ពុទ្ធបរិស័ទ និងទទួលការយកចិត្តទុកដាក់គ្រប់គ្រង អភិវឌ្ឍ និងអភិរក្សពីសំណាក់ក្រសួងធម្មការ និងសាសនា ដើម្បីអាទិភាពចេរភាព៕