(អាមេរិក)៖ នាយកប្រតិបត្តិ (CEO) ក្រុមហ៊ុនបច្ចេកវិទ្យាធំៗនៅលើពិភពលោក ភាគច្រើនទទួលយកប្រាក់បៀវត្សរ៍ទាបបំផុតគឺ ១ដុល្លារអាមេរិក ដូច​ជាលោក Musk Zuckerberg នាយកប្រតិបត្តិ Facebook, លោក Sergey Brin និង​ Larry Page នាយកប្រតិបត្តិក្រុមហ៊ុន Google និង Alphabet Inc ប៉ុន្តែលោក Elon Musk នាយកប្រតិបត្តិ SpaceX និង Tesla យកទាបជាងនេះទៅទៀត។

ចាប់ពីតាំងពីក្រុមហ៊ុន Tesla បានប្រកាសចូលទីផ្សារភាគហ៊ុននៅក្នុងអំឡុងឆ្នាំ២០១០ ដោយទទួលបានប្រាក់ជាង ២០០លានដុល្លារ លោក Elon Musk ដែលជាស្ថាបនិក និងជានាយកប្រតិបត្តិបានប្រកាសជាលក្ខណៈផ្លូវការថា លោកមិនទទួលយកប្រាក់បៀវត្សរ៍ឡើយ សូម្បីតែមួយ១ដុល្លារ (សូន្យដុល្លារ)។

ត្បិតតែលោកមិនទទួលយកប្រាក់បៀវត្សរ៍មែន ប៉ុន្តែប្រាក់រង្វាន់របស់លោកដែលទទួលបានពីក្រុមហ៊ុន Tesla ក្នុងមួយត្រីមាសៗគឺច្រើន​លើសលុប ជាពិសេសប៉ុន្មានខែចុងក្រោយនេះ គឺលោកបានជំរុញទីផ្សារការលក់រថយន្តឱ្យកើនឡើងលើសពីចំនួនកំណត់ ដែលនាំឱ្យលោកទទួលបាន​ប្រមាណជាង ២ពាន់លានដុល្លារ (ក្នុងរយៈពេល ៣ខែ)។

គួរបញ្ជាក់ផងដែរថា គិតត្រឹមថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០នេះ លោក Elun Musk មានទ្រព្យសម្បត្តិគិតជាប្រាក់ចំនួន ៨៧.៩ពាន់លានដុល្លារអាមេរិក៕