(ម៉ាឌ្រីដ)៖ កីឡាករខ្សែប្រយុទ្ធ Ansu Fati របស់ក្រុម Barcelona បានបំបែកឯតទគ្គកម្មជាតិ ៩៥ឆ្នាំដើម្បីក្លាយជាអ្នកស៊ុតបញ្ចូលទីវ័យក្មេងបំផុតរបស់អេស្ប៉ាញនៅអាយុ ១៧ ឆ្នាំនិង ៣១១ថ្ងៃ ពេលយកឈ្នះអ៊ុយក្រែន ៤-០ នៅ Nations League នារាត្រីថ្ងៃអាទិត្យ ទី០៦ ខែកញ្ញា ឆ្នាំ២០២០។

Fati បានបំបែកកំណត់ត្រារបស់ Juan Errazquin ដែលបានស៊ុតបញ្ចូលក្រុមជម្រេីសជាតិស្វីសក្នុងឆ្នាំ១៩២៥ ក្នុងអាយុ ១៨ឆ្នាំ និង ៣៤៤ថ្ងៃប៉ុណ្ណោះ។

Fati ក៏ជាអ្នករកគ្រាប់បាល់វ័យក្មេងជាងគេក្នុងប្រវត្តិសាស្ត្រ UEFA Champions League និងជាអ្នករកគ្រាប់បាល់វ័យក្មេងជាងគេនៅ LaLiga និង១គ្រាប់នៅចម្ងាយ ២០ម៉ែត្រនៅនាទី៣២ យប់មិញដែរ។

កីឡាករខ្សែការពារ Sergio Ramos ជាអ្នករកបានគ្រាប់បេីកឆាកឲ្យអេស្ប៉ាញដោយបាល់ ១១ម៉ែត្រនៅនាទីទី៣ និងគ្រាប់ទី២ ទៀតនៅនាទី២៩ ធ្វេីឲ្យកីឡាករមកពីក្លិប Real Madrid ឥឡូវនេះរកបាន ១០គ្រាប់ ក្នុងចំណោម ១៥គ្រាប់ចុងក្រោយរបស់គេជាមួយគោជល់អេស្ប៉ាញ។

ខ្សែការពារវ័យ ៣៤ឆ្នាំរូបនេះមានគោលដៅបំបែកកំណត់ត្រារបស់អតីតកីឡាករ Alfredo di Stefano ដែលរកបាន ២៣គ្រាប់ច្រេីនជាងគេផងដែរ។

ក្នុងជំនួបដ៏តានតឹងនោះដែរ ខ្សែការពារ Eric Garcia អាយុ ១៩ឆ្នាំរបស់ក្រុម Manchester City ក៏បានបង្ហាញខ្លួនជាកីឡាករបម្រុងក្នុងតង់ទី២ ខណៈដែលកីឡាករចំណូលថ្មីរបស់ក្រុម City គឺ Ferran Torres រកបានគ្រាប់បាល់ទី៤ នៅចុងតង់ទី២៕