(ចិន)៖ បើនិយាយអំពីលេខដែលនាំសំណាងដល់មនុស្ស ឃើញថាប្រជាជនចិន ឬប្រជាជនខ្មែរជាប់សែស្រឡាយចិនតែងតែនិយមចូលចិត្តលេខ ១៦៨ សម្រាប់លេខទូរស័ព្ទ ផ្លាកលេខរថយន្ត-ម៉ូតូ ឬឈ្មោះហាងអាជីវកម្មផ្សេងៗជាដើម ប៉ុន្តែនៅក្នុងប្រទេសចិនផ្ទាល់ ពួកគេភាគច្រើនមិនចូលចិត្តលេខ ៤ នោះឡើយ។

តើមានមូលហេតុយ៉ាងណាខ្លះ បានជាប្រជាជនទាំងនោះមានជំនឿទៅលើលេខទាំងពីរនេះ?

លេខ ១៦៨ ត្រូវបានគេជឿថាជា «លេខនាំសំណាង» គឺដោយសារតែក្នុងភាសាចិន លេខ ១៦៨ នេះមានសូរសំឡេងថា «អ៉ី លីវ ប៉ា» ដែលមានសំឡេងស្រដៀវខ្លាំងទៅនឹងពាក្យថា «អ៉ី លុ ហ្វា» ដែលបានន័យថា «ជោគជ័យសម្បូររុងរឿងគ្រប់ទៅកន្លែងដែលបានទៅដល់»

ទន្ទឹមនឹងនោះដែរ លេខ ៤ គឺជាលេខដែលប្រជាជនចិនភាគច្រើនជឿថាជាលេខមិនល្អ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍បំផុតនោះគឺ នៅក្នុងជណ្ដើរយោងជាច្រើននៅប្រទេសចិន មិនមានលេខ ៤ នេះនោះទេ។ មូលហេតុដែលគេមិនប្រើប្រាស់លេខ ៤ គែដោយសារសូរសំឡេងរបស់លេខ ៤ នេះស្រដៀងទៅនឹងពាក្យស្លាប់ ឬគេនិយមថា «លេខស្លាប់ ឬ លេខខ្មោច»

នៅក្នុងសង្គមខ្មែរបច្ចុប្បន្ន ថ្វីដ្បិតនិយមចូលចិត្តលេខ ១៦៨ ដែលលេខនាំសំណាងដូចផ្នត់គំនិតជនជាតិចិនយ៉ាងនេះក៏ដោយ ប៉ុន្តែពួកយើងមិនគិតអាក្រក់ទៅលើលេខ ៤ ដូចជនជាតិចិនគិតនោះឡើយ ព្រោះពួកយើងជឿថាលេខនៅតែជាលេខ ប៉ុន្តែមនុស្សទៅវិញទេ ដែលជាអ្នកលាបពណ៌ដាក់វិញ្ញាណឱ្យលេខ៕