(អវកាស)៖ នាវេលាម៉ោង ១០៖៥៦ នាទីយប់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៦៩ ពោលគឺកាលពី៥១ឆ្នាំមុន ជាពេលដែលព្រះច័ន្ទទទួលស្វាគមន៍វត្តមានមនុស្សដែលទៅពីភពផែនដីលើកដំបូង ខណៈលោក ណេល អាមស្ត្រង គឺជាអ្នកដឹកនាំបេសកកម្មឡើងទៅឋានព្រះច័ន្ទ និងបានជាន់ដីឋានព្រះច័ន្ទមុនគេបង្អស់។

ជោគជ័យដ៏ត្រចះត្រចង់នេះអាចនិយាយបានថា អាមស្ត្រង គឺជាអ្នកដែលទទួលបានការស្វាគមន៍ពីព្រះច័ន្ទមុនគេបង្អស់។

លោក ណេល អាល់ដិន អាមស្ត្រង (Neil Alden Armstrong) កើតនៅឆ្នាំ១៩៣០ ក្នុងរដ្ឋអូហៃយ៉ូ សហរដ្ឋអាមេរិក។ ក្រោយបញ្ចប់ការសិក្សានៅមហាវិទ្យាល័យ សៅធើន កាលីហ្វ័រញ៉ា (Southern California) យុវជនអាមស្ត្រងបានចូលធ្វើជាអ្នកបើកយន្តហោះសាកល្បងឱ្យទីភ្នាក់ងារអវកាសសហរដ្ឋអាមេរិក ដែលយេីងហៅកាត់ថា អង្គការ NASA។ នៅទីនោះ អាមស្ត្រងត្រូវបានគេជ្រើសរើសឱ្យធ្វើជាអ្នកបើកយានអវកាស និងបំពេញកិច្ចប្រតិបត្តិការជាច្រើននៅក្នុងគម្រោង ជេមីនី (Gemini) និងគម្រោងបង្ហោះយានអាប៉ូឡូ ដែលផ្ដួចផ្ដើមដោយប្រធានាធិបតី ចន អែហ្វ. ខេណ្ណឺឌី ក្នុងគោលបំណងបញ្ជូនមនុស្សទៅកាន់ឋានព្រះច័ន្ទលើកដំបូង។

ក្នុងបេកកម្មអាប៉ូឡូទី១១នេះ អង្គការ NASA បានជ្រើសរើសលោក ណេល អាមស្ត្រង ជាមេបញ្ជាការដឹកនាំបេសកកម្ម និងមានសហការីចំនួន ២រូបទៀត គឺលោក ម៉ៃឃើល ខូលីន (Michael Collins) និងលោក អេដវិន អាលឌ្រីន (Edwin Aldrin)។

នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ១៩៦៩ យានអវកាសអាប៉ូឡូទី១១ ត្រូវបានគេបាញ់បង្ហោះចេញពីឯស្ថានីយអវកាសជ្រោយខេណ្ណឺឌី ក្នុងរដ្ឋហ្វ្លរីដា ដោយកាំជ្រួចសាធើនទី៥ (Saturn V)។ កំលុងពេលនោះ មានមនុស្សជុំវិញពិភពលោកប្រមាណ ៥០០លាននាក់ កំពុងរង់ចាំមើលបេសកកម្មនេះ។

ក្នុងរយៈពេល ១០២ម៉ោង ៤៥នាទី និង ៤០វិនាទី យានអវកាសអាប៉ូឡូទី១១ ក៏បានសំចតនៅត្រង់តំបន់សុញ្ញាកាស (Mare Tranquilitatis)។ កំលុងពេលសំចតនោះ លោក ណេល អាមស្ត្រង និងសហការី អេដវិន អាល់ឌ្រីន បានត្រៀមប្រព័ន្ធយានចម្លងអ៉ីហ្គល (Eagle) ទុករួចជាស្រេច ដើម្បីចុះទៅកាន់ផ្ទៃដីនៃឋានព្រះច័ន្ទ។

ពួកគេបានបញ្ជាយានចម្លងអ៉ីហ្គលដោយចលនាយឺតៗ និងប្រយ័ត្នប្រយែងបំផុត ព្រោះនៅលើឋានព្រះច័ន្ទមានទំនាញយឺតៗគឺត្រឹមតែ ១ ភាគ ៦ នៃទំនាញនៅលើផែនដីប៉ុណ្ណោះ។ នៅកន្លែងដែលចុះចតលើដីព្រះច័ន្ទនោះ ពួកគេបានពិនិត្យឃើញថា «សណ្ឋានដីនៅលើឋានព្រះច័ន្ទ មានសភាពម៉ដ្ឋផង់ដូចម្ស៉ៅ»។ អាមស្ត្រង បានរាយការណ៍មកកាន់មូលដ្ឋានបញ្ជាការហោះហើរហុនតុនថា «ខ្ញុំអាចយកជេីងកៀរវាបាន....កម្ទេចរបស់វាតោងជាប់ស្បែកជើងដូចកម្ទេចធ្យូងអ៉ឺចឹងដែរ! ស្នាមដានជើងទ្រុឌចូលទៅក្នុងដីជម្រៅរហូតដល់ ១ អ៉ិញ (1inch = 2.54cm) ឬវាអាចត្រឹមតែ ១ ភាគ ៨ ក៏មានដែរ ហើយខ្ញុំអាចមើលឃើញស្នាមដានជើងដាមជាប់នៅលើផ្ទៃដីទៀតផង»។

ខណៈនោះដែរ អាល់ឌ្រីន ដែលកំពុងតែស្ថិតនៅលើយានចម្លងអ៉ីហ្គលនោះ ក៏បានមើលតាមកញ្ចក់បង្អួច និងរាយការណ៍មកថា «ផ្ទៃដីបរិវេណនេះមានសុទ្ធតែរណ្ដៅជ្រៅៗ ទំហំប្រមាណ ១៥២.៤ សង់ទីម៉ែត្រ ដល់ ១៥២៤ សង់ទីម៉ែត្រជាច្រើន....មាត់រណ្ដៅខ្លះមានគែមកម្ពស់ប្រមាណ ៦០៩.៦ សង់ទីម៉ែត្រ ដល់ ៩១២ សង់ទីម៉ែត្រ នៅជុំវិញបរិវេណនេះមានរណ្ដៅតូចៗរាប់ពាន់រណ្ដៅ។

បន្ទាប់មកទៀត ពួកគេក៏ដាក់ឧបករណ៍វាស់កម្លាំងរញ្ជួយដី កញ្ចក់ឡាស៊ែរ ឧបករណ៍វាស់កម្លាំងខ្យល់ និងដាក់ម៉ាស៉ីនវីដេអូ ដើម្បីថតយករូបភាព។ អាមស្ត្រង ចាប់ផ្ដើមកើបយកដី និងកម្ទេចថ្មបានរាប់សិបគីឡូក្រាម។ អ្នកទាំងពីរបំពេញភារកិច្ចជាលំដាប់លំដោយទៅតាមផែនការកំណត់ ដូចជា ការធ្វើតេស្ត Sola Wind Composition ការថតយករូបភាពជិតៗរបស់វត្ថុលើឋានព្រះច័ន្ទ និងកិច្ចការជាច្រើនទៀត។

ក្រោយចុះដើរលើដីព្រះច័ន្ទបានប្រហែល ២ម៉ោង អ្នកអវកាសទាំងពីរក៏ត្រៀមខ្លួនឡើងទៅលើយានអ៉ីហ្គលវិញ ដើម្បីដេកសម្រាកក្នុងរយៈពេលវែងរហូតដល់ ២១ម៉ោង និង ៣៦នាទី។ បន្ទាប់ពីនោះ ពួកគេក៏បានបញ្ជាយានចម្លងអ៉ីហ្គលត្រលប់មកតំបន់សុញ្ញាកាសវិញ។

នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ១៩៦៩ យានអាប៉ូឡូទី១១ ក៏បានវិលត្រលប់មកកាន់បរិយាកាសផែនដីក្នុងល្បឿនជាង ១,១០៣ គីឡូម៉ែត្រក្នុងមួយវិនាទី (៣៦,១៩៤ ហ្វ៊ូតក្នុងមួយវិនាទី) ហើយក៏ទម្លាក់ខ្លួនចូលក្នុងមហាសមុទ្រប៉ាស៉ីហ្វិក។ សរុបពេលវេលាចាប់ពីពេលចេញដំណើរពីផែនដី រហូតដល់ពេលត្រលប់មកដល់ផែនដីវិញ មានចំនួន ១៩៥ម៉ោង ១៨នាទី និង ៣៥វិនាទី។

នៅឆ្នាំ១៩៧១ លោក ណេល អាមស្ត្រង បានលាឈប់ពីការងារនៅអង្គការណាសា ដើម្បីមកធ្វើជាសាស្ត្រាចារ្យបច្ចេកវិទ្យាហោះហើរនៅមហាវិទ្យាល័យ សិនសិនណាទី និងធ្វើជំនួញផ្នែកថាមពល ព្រមទាំងបច្ចេកវិទ្យាអវកាស។ លុះដល់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១២ បុគ្គលដ៏ល្បីល្បាញក្នុងវិស័យអវកាសរូបនេះក៏បានទទួលមរណភាពនៅរដ្ឋអូហៃយ៉ូ សហរដ្ឋអាមេរិក៕