(ប៉ារីស)៖ ក្រុមម្ចាស់ជើងឯកលីគបារាំង Paris Saint-Germain បានចុះហត្ថលេខាលើអ្នកចាំទីសញ្ជាតិអេស្ប៉ាញ Sergio Rico ក្នុងកិច្ចសន្យារយៈពេល ៤ឆ្នាំពីក្លិប Sevilla ដែលលេងនៅ LaLiga។ នេះបើយោងតាមការចេញផ្សាយ All Football នៅថ្ងៃអាទិត្យ ទី០៦ ខែកញ្ញា ឆ្នាំ២០២០នេះ។

Rico បានចូលរួមជាមួយ PSG ក្នុងលក្ខខណ្ឌខ្ចីជើងរយៈពេល ១រដូវកាលកាលពីខែកញ្ញា ឆ្នាំទៅ និងលេងបាន ១០ប្រកួតក្នុងគ្រប់ការប្រកួតជួយឲ្យក្រុមឈ្នះពានរង្វាន់ Coupe de France និងពាន Coupe de la Ligue និងឈានដល់វគ្គផ្តាច់ព្រ័ត្រនៃក្របខណ្ឌ Champions League ថែមទៀតផង។

ក្លិបបានព្រមព្រៀងលើតម្លៃផ្ទេរប្រមាណ ៥.៣លានផោន ហេីយ Rico បានចុះកិច្ចសន្យាលេងនៅ Parc des Princes រហូតដល់ឆ្នាំ២០២៤ ដែរ។

Rico បានចូលលងឲ្យក្រុមអេស្ប៉ាញ Sevilla នៅគ្រប់ការប្រកួតទាំងអស់ ១៧០ប្រកួត ដោយឈ្នះបានពានរង្វាន់ Europa League ចំនួន ២ដងផងដែរ៕