(អុីតាលី)៖ ខ្សែប្រយុទ្ធ​ក្លិបបាល់ទាត់ Barcelona របស់អេស្ប៉ាញ កីឡាករ Luis Suarez បានព្រមព្រៀងគ្នាហើយ ក្នុងការចូលរួមជាមួយក្លិប Juventus, នេះបើតាមការបញ្ជាក់ពីរបាយការណ៍មួយ ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CGTN នាថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២០។

​កីឡាករវ័យ៣៣ឆ្នាំរូបនេះ នឹងផ្លាស់ចូលទៅក្នុងក្លិបបាល់ទាត់សេរី A នៅក្នុងការផ្ទេរដោយឥតគិតថ្លៃ ឬក៏អាចបង់ថ្លៃឈ្នួល ប្រសិនបើកីឡាកររូបនេះ អាចចរចារដើម្បីចាកចេញពីក្លិបយក្ស Barcelona របស់អេស្ប៉ាញ។

​ការផ្លាស់ប្តូររបស់ Suarez ទៅកាន់ក្លិបដែលមានមូលដ្ឋាន នៅទីក្រុង Turin​ របស់អ៊ីតាលីនេះ នឹងត្រូវគេមើលឃើញថា នឹងលេងជាមួយនឹងកីឡាករ Cristiano Ronaldo ដែលជាដៃគូប្រកួតប្រជែងដ៏អស្ចារ្យ របស់កីឡាករ Lionel Messi។

កីឡាករ Suarez ជនជាតិអ៊ុយរ៉ាហ្គាយរូបនេះ បានចាកចេញពីក្លិប Liverpool ហើយបានចូលរួមនៅក្លិប Barcelona ក្នុងកិច្ចព្រមព្រៀងតម្លៃ៧៤លានផោន (ជាង៩៨លានដុល្លារអាមេរិក) នៅក្នុងឆ្នាំ២០១៤ ហើយបានក្លាយជាកីឡាករ ដែលរកបានគ្រាប់បាល់ បានច្រើនជាងគេបំផុតលំដាប់ទី២ របស់ក្លិប Barcelona នៅក្នុងការប្រកួតរដូវកាលមុន ឈរនៅពីក្រោយប្រធានក្រុម គឺកីឡាករ Messi។

​ប៉ុន្តែការប្រមើល ពីអនាគតរបស់កីឡាកររូបនេះ មានការចាប់អារម្មណ៍យ៉ាងខ្លាំង ចាប់តាំងពីលោក បានអវត្តមានពីបញ្ជីកីឡាករ ដែលលោក Josep Maria Bartomeu ប្រធានក្លិប Barcelona បានប្រកាស ហើយបានបញ្ជាក់ថា លោកនឹងធ្វើការផ្លាស់ប្តូរកីឡាករជាច្រើន បន្ទាប់ពីចាញ់ស្ពឹកមុខ៨ទល់នឹង២ ក្នុងការប្រកួតជាមួយក្លិប Bayern Munich ក្នុងព្រឹត្តិការណ៍ Champions League។

ជាមួយនោះផងដែរ គ្រូបង្វឹកថ្មីរបស់ក្លិប Barcelona លោក Ronald Koeman ក៏បានប្រាប់ឲ្យដឹងដែរថា កីឡាករ Suarez នឹងមិនស្ថិតនៅក្នុងគ្រោងការណ៍របស់លោកនោះទេ សម្រាប់ការប្រកួតរដូវកាលក្រោយ​។

សូមបញ្ជាក់ថា ​Suarez ​បានរកគ្រាប់បាល់១៩៨គ្រាប់ នៅក្នុងការប្រកួត២៨៣លើក ឲ្យក្លិប Barcelona៕