(ភ្នំពេញ)៖ ការប្រកួតបាល់ទាត់ក្របខណ្ឌលីគកំពូលកម្ពុជា នឹងបន្ដការប្រកួតជុំទី២ នាចុងសប្ដាហ៍នេះហើយ បន្ទាប់ពីសម្រាក ១សប្ដាហ៍ ពិសេសជំនួបក្រុមខ្លាំង ប៉ះខ្លាំង ក្នុងចំណោមបេក្ខភាពប្រជែងតំណែងជើងឯក ៦ក្រុមកំពូលតារាង(Top-6) ស្របពេលក្រុមបឹងកេត ត្រូវជួបក្រុមម្ចាស់ផ្ទះវិសាខា ត្រូវបានចាត់ទុកជាជំនួប Big Match ក្នុងសប្ដាហ៍នេះ។

ទន្ទឹមជាមួយគ្នា ខ្សែប្រយុទ្ធរបស់ក្រុមខ្លាំងពីរ រួមមានកីឡាករ Anderson Zogbe និងកីឡាករ ស៊ិន សុផាណាត់ របស់វិសាខា បានចាត់ទុក ៥ប្រកួតចុងក្រោយនៃជុំទី២ ប្រៀបដូចការប្រកួតវគ្គផ្ដាច់ព្រ័ត្រ ដោយត្រូវជួបសុទ្ធតែក្រុមខ្លាំងៗ ហើយក្រុមនីមួយៗ ត្រូវការជ័យជម្នះរៀងខ្លួន ដើម្បីពង្រឹងឱកាសប្រជែងតំណែងជើងឯកលីគកំពូលកម្ពុជា ឆ្នាំ២០២០។

តាមការបញ្ជាក់លើគេហទំព័រផ្លូវការរបស់អតីតក្រុមជើងឯក ៣សម័យបឹងកេត Anderson បានលើកឡើងថា «ចំពោះខ្ញុំ ៥ប្រកួតនោះ គឺប្រកួតផ្តាច់ព្រ័ត្រ ព្រោះយើងជួបក្រុមខ្លាំងទាំងអស់ តែយ៉ាងណាក៏ដោយក្រុមរបស់ខ្ញុំគឺក្រុមរឹងមាំមួយ ដែលអាចធ្វើឱ្យក្រុមដទៃភ្ញាក់ផ្អើលបានគ្រប់ពេលវេលា ហើយខ្ញុំជឿថាពួកយើងនឹងធ្វើវាបានក្នុងជុំទីពីរនេះ»

ចំណែកកីឡាករលេងបានទាំងការពារ និងប្រយុទ្ធ ស៊ិន សុផាណាត់ វិញ បាននិយាយថា «ចំពោះ ៥ប្រកួតចុងក្រោយ នៃជុំទី២ ពួកយើងត្រូវការឈ្នះទាំងអស់ ។ ដូច្នេះពួកយើងប្ដេជ្ញានឹងខំប្រឹងឲ្យអស់ពីសមត្ថភាព ដើម្បីដណ្ដើមជ័យជម្នះជូនក្លិប និងអ្នកគាំទ្ររបស់យើង» ។ បន្ថែមលើនេះ គេបានបង្ហាញការត្រៀមខ្លួនរួចរាល់ ដើម្បីទទួលក្រុមបឹងកេត នាថ្ងៃអាទិត្យនេះផងដែរ ។

គួរដឹងថា បឹងកេត និងវិសាខា នឹងត្រូវជួបគ្នាម៉ោង ៦ល្ងាច ថ្ងៃទី០៦ ខែកញ្ញាស្អែក នៅកីឡដ្ឋានព្រីនស៍ ដែលជាប្រកួតដំបូង ក្នុងជុំទី២ នៃលីគកំពូលកម្ពុជា ។ ក្រោយបញ្ចប់ការប្រកួតជុំទី១ បឹងកេត បានឈរកំពូលតារាងបណ្ដោះអាសន្ន ដោយរកបាន ៣២ពិន្ទុ មានប្រៀបលើក្រុមការពារតំណែងជើងឯកព្រះខ័នរាជស្វាយរៀង ១ពិន្ទុ ។ រីឯវិសាខា បានឈរលេខរៀងទី៣ និងមាន ២៣ពិន្ទុប៉ុណ្ណោះ ក្រោយឆ្លងកាត់ ១២ប្រកួតដូចគ្នា៕