(ចិន)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិន Huawei បានជួបបញ្ហាធ្ងន់ធ្ងរនៅអាមេរិក និង អឺរ៉ុប រួមនឹងបណ្ដាប្រទេសមួយចំនួនទៀតដែលជាសម្ព័ន្ធមិត្តរបស់ សហរដ្ឋអាមេរិក បានធ្វើការហាមឃាត់ការប្រើប្រាស់បច្ចេកវិទ្យា 5G ប៉ុន្តែនៅពេលនេះក្រុមហ៊ុន Huawei បានប្រកាសបង្ហាញជំហរយ៉ាងរឹងមាំក្នុង ការ ប្រយុទ្ធប្រឆាំងវាយលុកទីផ្សារស្មាតហ្វូននៅអឺរ៉ុប។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSM Arena នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងថា នៅក្នុងព្រឹត្តិការណ៍ IFA 2020 លោក Walter Ji នាយកគ្រប់គ្រង់អាជីវកម្មរបស់ Huawei ប្រចាំទ្វីបអឺរ៉ុបបានឱ្យដឹងថា ក្រុមហ៊ុន Huawei បានជួបនូវព្យុះភ្លៀងនៅទីផ្សារអឺរ៉ុប ប៉ុន្តែ នៅពេលនេះ Huawei សូមប្រកាសថា ខ្លួននឹងវាយលុក និងពង្រីកអាជីវកម្មទូរស័ព្ទចល័តនៅទីផ្សារអឺរ៉ុបឱ្យកាន់តែខ្លាំងថែមទៀត។

ជាមួយគ្នានោះផងដែរ លោក Ren Zhengfei ស្ថាបនិក និងជានាយកប្រតិបត្តិ Huawei បានថ្លែងថា គ្រប់គ្នាដែលបានធ្វើការងារជាមួយក្រុមហ៊ុន Huawei គឺសុទ្ធតែជា «វីរបុរស»។ លោក Zhengfei បានសំដៅចំៗទៅកាន់អ្នកវិនិយោគទុន និងបុគ្គលិកដែលបម្រើការងារនៅក្នុងក្រុមហ៊ុន Huawei ។

លោក Ji បានបញ្ជាក់បន្ថែមទៀតថា បច្ចុប្បន្ននេះ មានមនុស្ស ១៤០០០នាក់ បានបម្រើការងារក្នុងនាមជាបុគ្គលិករបស់ Huawei នៅតំបន់អឺរ៉ុប និង ជាង ២០០០០០នាក់ផ្សេងទៀត បានធ្វើការងារជាមួយ Huawei ក្នុងមានជាបុគ្គលិកក្រៅម៉ោង ខណៈដែល Huawei មាន មជ្ឈមណ្ឌល ស្រាវជ្រាវ ២៣កន្លែង និងធំលំដាប់ទី៣នៅទ្វីបអឺរ៉ុប។

នៅចុងឆ្នាំ ២០២០នេះ ក្រុមហ៊ុន Huawei គ្រោងនឹងពង្រីក និងពង្រឹងទីផ្សារស្មាតហ្វូនបន្ថែមទៀតនៅតាមបណ្ដាប្រទេសមួយចំនួននៅតំបន់ទ្វីបអឺរ៉ុប ដូច ជា បារាំង អេស្ប៉ាញ អ៊ីតាលី អាល្លឺម៉ង ចក្រភពអង់គ្លេស និងបែលហ្ស៊ិក។

លោក Ji ក៏បានឱ្យដឹងផងដែរថា បច្ចុប្បន្ន Store របស់ Huawei ដែលមានឈ្មោះថា «AppGallery» បានក្លាយជា Store ធំជាងគេលំដាប់ទី៣ ដែល មានកម្មវិធី និងហ្គេមទូរស័ព្ទច្រើនបំផុត ដោយក្នុងមួយខែមាន App ថ្មីត្រូវបានដាក់ចូលចំនួន ៥០០០ ៕