(ភ្នំពេញ)៖ មុននឹងឈានដល់វគ្គជម្រុះ ដើម្បីចម្រាញ់យកបេក្ខនារីម្នាក់ ក្នុងចំណោមបេក្ខនារីចំនួន២៥នាក់ចុងក្រោយ យកទៅតំណាងកម្ពុជាប្រកួតឆាកអន្តរជាតិ នារាត្រីយប់មិញនេះ កម្មវិធី «Miss Grand Cambodia» ២០២០ បានធ្វើកម្មវិធីមួយ ដើម្បីឲ្យបេក្ខភាពនីមួយៗបញ្ចេញសមត្ថភាព សន្សំពិន្ទុ សម្រាប់ទៅវគ្គបន្ទាប់។ ជាពិសេស ក្នុងវគ្គសន្សំពន្ទុនេះ កម្មវិធីតម្រូវឲ្យបេក្ខនារីនីមួយៗគ្រងឈុតប្រពៃណីខ្មែរ ដើរបង្ហាញម៉ូតប្រកបដោយភាពទន់ភ្លន់ និងស្វាហាប់ ខណៈឈុតមួយផ្សេងទៀត គឺជាឈុតប៊ីគីនី។

លោក អ៉ិន សុភិន អគ្គនាយក «Miss Grand Cambodia» ២០២០ បានថ្លែងប្រាប់ Fresh News Plus ថាកម្មវិធីនារាត្រីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២០ នេះជាការប្រកួតសន្សំពិន្ទុដ៏សំខាន់របស់បេក្ខភាព «Miss Grand Cambodia» ទាំងអស់ ដើម្បីស្វែងរកម្ចាស់ពានដែលនឹងប្រកួតប្រជែងនៅថ្ងៃទី២៦ ខែកញ្ញា ខាងមុខ។ ការប្រកួតឈុតទាំងពីរ ដែលរួមមានសម្លៀកបំពាក់ប្រពៃណីខ្មែរ និងឈុតប៊ីគីនីនោះ ថ្វីត្បិតតែមិនមានការប្រកាសលទ្ធផល តែក៏នឹងមានម្ចាស់ពានតំណាងឱ្យឈុតនីមួយៗត្រូវបានប្រកាសនៅថ្ងៃប្រកួតផ្ដាច់ព្រ័ត្រផងដែរ។

លោកបន្តថា ការប្រកួត «Miss Grand Cambodia» ដែលរូបលោកផ្ទាល់ជាអ្នករៀបចំនឹងទទួលបានជោគជ័យយ៉ាងខ្លាំង ខណៈដែលអ្នកគាំទ្រភាគច្រើនក៏ស្គាល់ព្រឹត្តិការណ៍នេះពីមុនមកហើយ និងយល់ថានេះ គឺជាការប្រកួតក្នុងស្រុកមួយ ដែលពិតជានឹងផលិតបានបេក្ខនារីឆ្នើមមួយរូប សម្រាប់ការប្រកួតលើឆាកអន្តរជាតិ។

យ៉ាងណាមិញ សម្រាប់ការប្រកួតសន្សំពិន្ទុដែលបានធ្វើឡើងនៅផ្សារទំនើប Aeon2 នេះ មានការចូលរួមដាក់ពិន្ទុដោយសិល្បករ និងអ្នកមានឯកទេសមួយចំនួន ខណៈអ្នកចូលរួមទស្សនានៅក្នុងកម្មវិធីក៏មានចំនួនកុះករណាស់ដែរ ក្នុងនោះក៏មានវត្តមានសិល្បករ-សិល្បការិនីពីគ្រួសារតារាកម្ពុជាចូលរួមផងដែរ។ លោក អ៉ិន សុភិន បញ្ជាក់ថា បេក្ខនារីតំណងខេត្តនីមួយៗ ក៏មិនសុទ្ធតែជាបេក្ខនារីដែលមកពីបណ្ដាខេត្តនោះដែរ ពោលគឺគ្រាន់តែជាការបោះឆ្នោតតំណាងឱ្យខេត្តក្រុងទាំង២ ៥ ដែលមិនមានបេក្ខនារីចូលរួមប្រកួតប្រជែងតែប៉ុណ្ណោះ។

ជាការពិតណាស់ ការបង្ហាញសមត្ថភាពនារាត្រីយប់មិញនេះ គេសង្កេតឃើញថា បេក្ខនារីនីមួយៗមានភាពជឿជាក់យ៉ាងខ្លាំងលើសមត្ថភាពរបស់ខ្លួន ដោយបង្ហាញការដើរម៉ូតយ៉ាងក្លាហាននៅលើវេទិកា អមដោយមនុស្សច្រើនកុះករអង្គុយទស្សនាពីក្រោម។ កាន់តែពិសេស គឺទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីមហាជន ដ្បិតថានេះគ្រាន់តែជាការប្រកួតក្នុងស្រុកក៏ដោយ។

គួរជម្រាបថា បេក្ខនារីដែលទទួលបានចំណាត់ថ្នាក់លេខ១ និងបានពានរង្វាន់ក្នុងកម្មវិធីនេះ គឺត្រុវមានភារកិច្ចតំណាងកម្ពុជា ចូលរួមប្រកួតលក្ខណៈអន្តរជាតិ «Miss Grand International» ដែលមានប្រទេសវ៉េណេហ៊្សយអេឡា ធ្វើជាម្ចាស់ផ្ទះ នឹងប្រព្រឹត្តិទៅនៅក្នុងអំឡុងខែតុលា ឆ្នាំ២០២០ខាងមុខនេះ៕