(ប៉េកាំង)៖ យោងតាមរបាយការណ៍របស់ក្រសួងសន្តិសុខសាធារណៈចិន ដែលចេញផ្សាយកាលពីដើមឆ្នាំនេះ ត្រកូល «វ៉ាង (Wang)» នៅតែរក្សាតំណែងជា ត្រកូលដែលមានវត្តមានច្រើនជាងគេបង្អស់ ក្នុងប្រទេសដែលមានប្រជាជនសរុបប្រមាណ១.៤ពាន់លាននាក់នេះ។

បើតាមន័យត្រង់តែម្តង «វ៉ាង» មានន័យថា «ស្តេច» ហើយវាធ្លាប់ជាត្រកូល ដែលត្រូវបានប្រើប្រាស់ដោយសែរាជវង្សនិងគ្រួសារអភិជន នាសម័យបុរាណចិន។ ត្រកូល៩ផ្សេងទៀត ដែលមានវត្តមានច្រើនបំផុតដែរនោះគឺ «លី (Li)» «ចាង (Zhang)» «លាវ (Liu)» «ចិន (Chen)» «យ៉ាង (Yang)» «ហ័ង (Huang)» «ចាវ (Zhao)» «អ៊ូ (Wu)» និង «ចូវ (Zhou)»។

គួរជម្រាបថា «វ៉ាង» និង «លី» សុទ្ធតែជាត្រកូលរបស់ប្រជាជនចិនច្រើនជាង១០០លាននាក់ដូចគ្នា។ រីឯត្រកូលល្បីៗទាំង២៣ គឺសុទ្ធតែមានអ្នកប្រើលើសពី១០លាននាក់។ សម្រាប់ត្រកូលល្បីៗទាំង១០០វិញ គឺគ្របដណ្តប់លើជាង៨៥ភាគរយ នៃចំនួនប្រជាជនសរុបរបស់ចិន។ ចំណែកឯត្រកូល «ស៉ី (Xi)» របស់ប្រធានាធិបតីចិន ស៉ី ជិនពីង វិញ គឺពុំស្ថិតក្នុងចំណោមត្រកូលដែលពេញនិយមទាំង៤០០ នៅក្នុងប្រទេសចិនឡើយ៕