(វ៉ាស៊ីនតុន)៖ បណ្តាញទូរគមនាគមន៍របស់សហរដ្ឋអាមេរិកមួយចំនួនដែលមានមូលដ្ឋាននៅតាមជនបទ បានប្រកាសឱ្យដឹងថា ដើម្បីផ្លាស់ប្ដូរពីការ ប្រើប្រាស់ឧបករណ៍របស់ក្រុមហ៊ុនចិន Huawei និង ZTE ពួកគេត្រូវបានប្រាក់ប្រមាណជា ១,៨ពាន់លានដុល្លារអាមេរិក។ នេះបើយោងតាមការ ចេញ ផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២០។

គណៈកម្មការទំនាក់ទំនងសហព័ន្ធសហរដ្ឋអាមេរិក (FCC) បានឱ្យដឹងថា បណ្តាញទូរគមនាគមន៍ជនបទជាច្រើនបានរាយការណ៍មកថា ក្រោយពីពួក គេបានសិក្សាទៅលើការផ្លាស់ប្ដូរគ្រឿងផ្គត់ផ្គង់របស់ក្រុមហ៊ុន Huawei និង ZTE ពួកគេបានកំណត់ថា ត្រូវការប្រាក់ជិត ២ពាន់លានដុល្លារអាមេរិក ដើម្បី ធ្វើវា ប៉ុន្តែសំណើដើម្បីទទួលបានមូលនិធិពីរដ្ឋាភិបាលនៅមិនទាន់ទទួលបានការអនុម័តនោះទេ។

FCC បានបញ្ជាក់បន្ថែមទៀតថា បើទោះពីជាបណ្តាញទូរគមនាគមន៍ជនបទទាំងនោះត្រូវការប្រាក់រហូតដល់ជិត ២ពាន់លានដុល្លារដើម្បីផ្លាស់ប្ដូរក្ដី ក៏ មូលនិធិរដ្ឋាភិបាលអាមេរិកប្រហែលជាមិនអាចផ្ដល់ជូនគ្រប់តាមតម្រូវការផងដែរ។

គួរបញ្ជាក់ផងដែរថា លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានចេញបញ្ជាហាមឃាត់ការប្រើប្រាស់ឧបករណ៍ទូរគមនាគមន៍របស់ ក្រុមហ៊ុនចិន Huawei និង ZTE ដោយសារតែព្រួយបារម្ភទៅលើសន្តិសុខជាតិ ហើយក៏បានបង្កើតមូលនិធិមួយដែលមានទឹកប្រាក់ប្រមាណជា ៨,៣ពាន់លានដុល្លារ សម្រាប់ផ្គត់ផ្គង់ក្នុងការផ្លាស់ប្ដូរឧបករណ៍ទូរគមនាគមន៍របស់ក្រុមហ៊ុនចិនទាំងពីរនេះ៕