(ភ្នំពេញ)៖ សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ(ទ័ព) បានសម្រេចដំឡើងលោក ហោ សុខហេង ជាគ្រូបង្គោលជំនួសលោក ទេព ឡុងរចនា និងបានប្រកាសនាំចូលកីឡាករប្រេស៊ីល ២រូប គឺកីឡាករ Cristiano Santos និង Jose Magson ដើម្បីពង្រឹងក្រុមនៅជុំទី២ ក្នុងនាមបេក្ខភាពប្រជែងតំណែងជើងឯកលីគកំពូលកម្ពុជា ឆ្នាំ២០២០ ជាមួយក្រុម Top-6 ចំនួន ៥ក្រុមទៀត។

ការប្រកាសតែងតាំងគ្រូបង្គោល និងកីឡាករបរទេសថ្មីទាំង ២រូបខាងលើ បានធ្វើកាលពីល្ងាចថ្ងៃសុក្រម្សិលមិញ ពោលគឺមុន ១ថ្ងៃ ដែលក្រុមកងយោធពលខេមរភូមិន្ទ ត្រូវបើកទ្វារផ្ទះទទួលក្រុមណាហ្គាវើលដ៏ ក្នុងជើងទី២ នៃលីគកំពូលកម្ពុជាដែលជាការប្រកួតដំបូង ក្នុងចំណោមក្រុម Top-6 នាវេលាម៉ោង ៦ល្ងាច ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២០ នៅកីឡដ្ឋានស្ដាតចាស់។

លោក ខូវ ឆាយ អគ្គលេខាធិការក្រុមទ័ពនេះ បញ្ជាក់ថា ការសម្រេចចិត្តដំឡើងលោក ហោ សុខហេង ពីគ្រូជំនួយទៅជាគ្រូបង្គោល ព្រោះក្លិបមើលឃើញលោក ទេព ឡុងរចនា មានវ័យកាន់តែច្រើន ខណៈភារកិច្ចលើទីលានកាន់តែធ្ងន់។ ហេតុនេះ ក្លិបក៏សម្រេចឲ្យលោកធ្វើជាអ្នកចាត់ការទូទៅ ហើយលោក ហោ សុខហេង ធ្វើជាគ្រូបង្វឹកវិញ។ ម្យ៉ាងគ្រូបង្វឹកវ័យក្មេងរូបនេះ ក៏មានបទពិសោធន៍ច្រើន ពិសេសធ្លាប់ធ្វើការច្រើនឆ្នាំជាមួយអតីតគ្រូបង្វឹកជម្រើសជាតិលោក Lee Tae-Hoon ទៀតផង។

ដោយឡែកពាក់ព័ន្ធការនាំចូលកីឡាករថ្មីវិញ អគ្គលេខាធិការក្លិបដដែល បានបង្ហាញសុទិដ្ឋិនិយម ចំពោះពួកគេ ដ្បិតជើងទី១ ខ្សែប្រយុទ្ធប្រេស៊ីលទាំងពីរ បានបង្ហាញទម្រង់លេងដ៏ល្អនៅក្លិបចាស់ ពោលគឺ Cristiano លេងឲ្យអង្គរថាយហ្គឺរ និង Megson លេងឲ្យគិរីវង់។ ដូច្នេះលោករំពឹងថា វត្តមានអ្នកទាំងពីរ នឹងធ្វើឲ្យទ័ពកាន់តែរីកចម្រើន និងសម្រេចបានលទ្ធផលកាន់តែល្អ ក្នុងការប្រកួតប្រជែងដ៏ខ្លាំង នៅជុំទី២ ជាមួយបេក្ខភាពប្រជែងតំណែងជើងឯក ៥ក្រុមផ្សេងទៀត ដែលបញ្ចប់ក្នុងតំណែង Top-6 ដូចគ្នា។

សូមបញ្ជាក់ថា វត្តមានរបស់កីឡាករ Cristiano Santos និង Jose Magson គឺមកជំនួសកន្លែងខ្សែប្រយុទ្ធ Park Sung-min និង Rasheed Omokafe ដែលបានចាកចេញ ។ ចំពោះគូប្រកួតក្នុងចំណោមក្រុម Top-6 របស់ក្រុម ដែលបញ្ចប់ដោយឈរលេខរៀងទី៤ កាលពីជុំទី១ នេះ ដំបូងគេ គឺត្រូវជួបក្រុមណាហ្គាវើលដ៏ល្ងាចនេះ បន្ទាប់មកត្រូវជួបក្រុមបឹងកេត ព្រះខ័នរាជស្វាយរៀង ណាហ្គាវើលដ៏ និងវិសាខា ដើម្បីកំណត់ជោគវាសនាក្នុងលីគ ឆ្នាំ២០២០៕