(កំពង់ស្ពឺ)៖ ដោយមានការគាំទ្រពីសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា ខេត្តកំពង់ស្ពឺ បានរៀបចំការប្រកួតកីឡាតេក្វាន់ដូ ITF ប្រចាំខេត្តរយៈពេល ១ថ្ងៃពេញនៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០ ដើម្បីចម្រាញ់កីឡាករ-កីឡាការិនីជើងខ្លាំងត្រៀមចូលរួមការប្រកួតថ្នាក់ជាតិនាពេលខាងមុខ។

កម្មវិធីនេះបានធ្វើឡើងក្រោមវត្តមានលោក កែវ រ៉េមី ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា និងមានការចូលរួមពីលោក សរ សុពុត្រា អភិបាលរងខេត្តកំពង់ស្ពឺ មន្ដ្រីក្រោមឱវាទ ព្រមទាំងមន្ដ្រីបច្ចេកទេស និងកីឡាករ-កីឡាការិនីជាច្រើនរូបផងដែរ។

ថ្លែងនាឱកាសនោះ លោក កែវ រ៉េមី បានវាយតម្លៃខ្ពស់ចំពោះការរៀបចំ និងការចូលរួមរបស់កីឡាករ-កីឡាការិនីតាមរយៈការបង្ហាញនូវសមត្ថភាព និងទេសកោសល្យគួរឲ្យចាប់អារម្មណ៍។ លោករំពឹងថា កីឡាករ-កីឡាការិនីទាំងនោះ នឹងក្លាយជាធនធានដ៏សំខាន់សម្រាប់វិស័យកីឡាតេក្វាន់ដូ ITF កម្ពុជានាថ្ងៃអនាគត។

អនុប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF អន្តរជាតិដដែលបន្ថែមថា ក្រោយបញ្ចប់ការប្រកួតដោយជោគជ័យ សហព័ន្ធគាំទ្រ និងលើកទឹកចិត្តខេត្តធ្វើការសម្រិតសម្រាំងកីឡាករ-កីឡាការិនីឆ្នើម ដើម្បីតំណាងឲ្យខេត្តរបស់ខ្លួន ក្នុងការត្រៀមចូលរួមការប្រកួតថ្នាក់ជាតិ ដែលរៀបចំដោយសហព័ន្ធនាពេលឆាប់ៗខាងមុខផងដែរ៕