(ក្រុងឡុងដ៍)៖ ក្របខណ្ឌបាល់ទាត់លីគកំពូលអង់គ្លេស Premier League បានសម្រេចបញ្ចប់កិច្ចសន្យាជាមួយស្ថានីយ៍ទូរទស្សន៍ PPTV ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនចិន Suning Holdings មុនកាលកំណត់នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០ តទៅដែលមានទំហំទឹកប្រាក់ ៥៦៤លានផោន ស្មើនឹង ៧៥០លានដុល្លារអាមេរិក។

តាមរយៈព័ត៌មានពី BBC បានចេញផ្សាយនៅថ្ងៃនេះថា មូលហេតុនៃការចែកផ្លូវមុនចប់កិច្ចសន្យានេះដែរ គឺបណ្តាលមកពីវិបត្តិហិរញ្ញវត្ថុ ពុំមែនមកពីបញ្ហានយោបាយនោះទេ។

ក្នុងរបាយការណ៍មួយដែលចេញដោយ Premier League ដែលត្រូវបានដកស្រង់ចេញផ្សាយដោយប្រភពខាងលើបានឲ្យដឹងថា «PL សូមបញ្ជាក់ជូនពីការបញ្ចប់កិច្ចសន្យាជាមួយដៃគូភាគីដែលជាក្រុមហ៊ុនមកពីប្រទេសចិននៅថ្ងៃនេះ ដោយមានការព្រមព្រៀងរវាងភាគីទាំងសងខាងផងដែរ»

PPTV ក៏បានបង់លុយចុងក្រោយទៅឲ្យ Premier League ចុងក្រោយប្រមាណ ១៦០លានផោន ស្មើនឹង ២១៣លានដុល្លារកាលពីខែមីនា ឆ្នាំ២០២០ ក្នុងអំឡុងជំងឺ Covid-19 បានកំពុងរាតត្បាតខ្លាំងទូទាំងសកលលោក ក្រោមកិច្ចសន្យារយៈពេល ៣រដូវកាលគិតចាប់តាំងពីឆ្នាំ២០១៩ មក ពីការផ្សាយព្រឹត្តិការណ៍បាល់ទាត់ Premier League ទៅកាន់ប្រទេសចិន៕