(ភ្នំពេញ)៖ ស្រីស្អាត ណូម័រ ដែលទស្សនិកជននិងអ្នកគាំទ្រភាគច្រើន តែងតែស្គាល់តាមរយៈការសម្តែងភាពយន្ត និងធ្វើជាពិធីការិនី នាពេលកន្លងមកនោះ ថ្មីៗនេះនាងបានធ្វើឲ្យមហាជនចាប់អារម្មណ៍ជាថ្មី បន្ទាប់ពីបញ្ចេញបទចម្រៀង Original Song មួយបទក្រោមចំណងជើងថា «សម្ពាធបេះដូង» ជាមួយដៃគូថ្មីជាលើកដំបូង។ ការបញ្ចេញចម្រៀងថ្មីនេះ ត្រូវបានគេដឹងថា ជាបទថ្មីដំបូងបង្អស់ និងលើកទី១ របស់ ណូម័រ ក្នុងវិស័យចម្រៀង ជាពិសេសបទនេះត្រូវបានបញ្ចេញ ក្រោយពេលដែលនាង បានលែងលះជាមួយស្វាមី ដាច់ស្រេចតាមផ្លូវច្បាប់។

ជាការកត់សម្គាល់ ចម្រៀងថ្មីដំបូងបង្អស់របស់ ណូម័រ គឺជាប្រភេទបទបែបមនោសញ្ចេតនា ស្នេហាឈឺចាប់ ជាការច្រៀងឆ្លើយឆ្លងជាមួយតារាប្រុសពន្លកថ្មី ឈ្មោះ ភព។ អ្នកទាំងពីរបានរួមគ្នាបញ្ចូលមនោសញ្ចេតនា បានយ៉ាងរលូនក្នុងចម្រៀងថ្មីនេះ ជាពិសេស ណូម័រ បានបង្ហើរសំនៀងយ៉ាងពីរោះ មានទឹកដម បើទោះបីបទនេះ ជាចម្រៀងលើកដំបូងរបស់នាងក៏ដោយ ខណៈកន្លងទៅនាងធ្លាប់តែបង្ហាញសមត្ថភាពផ្នែកសម្តែង និងធ្វើជាពិធីការិនីប៉ុណ្ណោះ។

តាមរយៈបញ្ចេញចម្រៀងថ្មីនេះ ណូម័រ បានថ្លែងប្រាប់ Fresh News Plus នៅរសៀលថ្ងៃទី០៤ ខែកញ្ញានេះថា បទ«សម្ពាធបេះដូង» ជាចម្រៀងដំបូង របស់នាង ហើយរហូតមកទល់នឹងបច្ចុប្បន្ននេះ សង្កេតឃើញថា មានការគាំទ្រគួរសមពីសំណាក់ប្រិយមិត្តលើបណ្តាញសង្គម Youtube។ នាងថា បន្ទាប់ពីការងារសម្ដែង និងធ្វើជាពិធីការិនី មានការមមាញឹកហើយនោះ រាល់ថ្ងៃនេះ នាងក៏កំពុងតែរវល់ត្រៀមចេញបទចម្រៀង ជាបន្តបន្ទាប់ទៀត ជាមួយនឹងដៃគូថ្មី ព្រោះនាងបានធ្វើ និងផលិតបន្ថែម ដើម្បីឈោងចាប់អាជីពជាតារាចម្រៀងមួយទៀត។ យ៉ាងណាមិញការងារសម្ដែង និងពិធីការិនី គឺនាងនៅតែបើកចំហរទទួលដដែល។

ណូម័រ និយាយថា «ចា៎បង! ចំពោះបទដំបូងនេះ ខ្ញុំសង្ឃឹមថា ទស្សនិកជននឹងជួយគាំទ្រ ព្រោះនេះជារសជាតិថ្មីរបស់ខ្ញុំ សម្រាប់កំដរអារម្មណ៍ទស្សនិកជន។ បទនេះមានការគាំទ្រគួរសម ព្រោះដឹងថា សំឡេងរបស់ខ្ញុំនៅមានកម្រិត តែយ៉ាងណាប្អូននឹងខំប្រឹងបន្ថែមទៀត ដើម្បីទទួលបានជោគជ័យ»។

គួរជម្រាបថា ទោះបីជាចាប់យកវិស័យចម្រៀងមួយបន្ថែមទៀតក្តី ណូម័រ នៅតែទទួលការងារសម្តែង និងជាពិធីករដដែល ខណៈបច្ចុប្បន្ននាងកំពុងមមាញឹកខ្លាំងក្នុងការថត MV ចម្រៀងផ្ទាល់ខ្លួនបន្ថែមទៀត។ ការចាប់យកអាជីពចម្រៀងរបស់ ណូម័រ នៅពេលនេះ គឺត្រូវបានគេដឹងថា បន្ទាប់ពីនាងបានលែងលះស្វាមី គឺលោកវីជេ សុភា ដាច់ស្រេច។ ការបែកបាក់សម្ព័ន្ធភាពគ្រួសារនាពេលកន្លងមក បានធ្វើឲ្យទស្សនិកជនភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះគ្រប់គ្នាសុទ្ធតែនឹកស្មានមិនដល់ថា អ្នកទាំងពីរបែកបាក់គ្នាឡើយ ខណៈកន្លងមក ណូម័រ និង សុភា តែងតែបង្ហាញភាពផ្អែមល្ហែមស្អិតល្មួត ដូចស្ករតាំងម៉ែ និងបង្ហោះក្នុងបណ្តាញសង្គមជាហូរហែ៕