(ប៊ែកឡាំង)៖ លីគបាល់ទាត់របស់អាល្លឺម៉ង់ Bundesliga នឹងបន្តរក្សាការដូរជំនួសកីឡាករ ចំនួន៥រូបដដែល សម្រាប់ការប្រកួតរដូវកាលឆ្នាំ២០២០-២០២១ នេះ ដោយសារតែការរាតត្បាតពីវីរ៉ុស COVID-19 នៅបន្ត។ នេះបើយោងតាមសារព័ត៌មាន Sportstar ចុះផ្សាយនាយប់ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០។

ក្លិបបាល់ទាត់ចំនួន៣៦ ដែលលេងនៅក្នុងលីគ Bundesliga និងក្របខណ្ឌទី២ បានធ្វើការបោះឆ្នោតគាំទ្រនៅក្នុងកិច្ចប្រជុំមួយនាថ្ងៃព្រហស្បតិ៍ ដើម្បីបន្តប្រើប្រាស់ច្បាប់នេះក្នុងរដូវកាលថ្មីទៀត។

ការសម្រេចនេះត្រូវបានធ្វើឡើង បន្ទាប់ពីលីគ Premier League របស់អង់គ្លេស បានវិលត្រឡប់ទៅប្រើប្រាស់ប្តូរកីឡាករ ៣នាក់វិញ បន្ទាប់ពីប្រើប្រាស់ការប្តូរកីឡាករចំនួន ៥នាក់ ដើម្បីលេងបញ្ចប់រដូវកាលប្រកួតឆ្នាំ២០១៩-២០២០ នៅអំឡុងពេលនៃការរាតត្បាតពីវីរ៉ុសឆ្លង COVID-19។

គួររំលឹកថា ស្ថាប័ន FIFA បានអនុញ្ញាតឲ្យលីគបាល់ទាត់ទាំងអស់ធ្វើការផ្លាស់ប្តូរកីឡាករចំនួន ៥លើកនៅក្នុងខែឧសភា ឆ្នាំ២០២០ ដោយវាគឺជាមធ្យោបាយមួយ ដើម្បីកាត់បន្ថយការអស់កម្លាំងរបស់កីឡាករនៅក្នុងការប្រកួត ដែលបានរៀបចំឡើងវិញដ៏មមាញឹកនោះ។ វិធានការនេះ ត្រូវបានពង្រីកនៅក្នុងខែកក្កដា ដើម្បីអនុញ្ញាតឲ្យការប្រកួតប្រើប្រាស់ច្បាប់នេះ រហូតដល់ចុងឆ្នាំ២០២១។

លីគរបស់បារាំង បានចាប់ផ្តើមរដូវកាលថ្មីឆ្នាំ២០២០-២០២១ របស់ខ្លួន ជាមួយនឹងការប្តូរកីឡាករ ៥នាក់ និងលីគ La Liga របស់អេស្ប៉ាញ មិនទាន់សម្រេចនៅឡើយនោះទេ ទៅលើច្បាប់មួយនេះសម្រាប់រដូវកាលថ្មីរបស់ខ្លួន។

សូមបញ្ជាក់ថា ភាគច្រើននៃការប្រកួត គឺមានការអនុញ្ញាតឲ្យក្រុមនីមួយៗប្តូរកីឡាករច្រើនបំផុតតែ ៣លើកប៉ុណ្ណោះ នៅក្នុងការប្រកួត ១លើក ហើយមានការប្តូរកីឡាករលើកទី៤ នៅក្នុងការប្រកួតបន្ថែមម៉ោង ១៥នាទី ២ដង៕