(ក្រុងស្ទូតហ្គាត)៖ ១ប្រកួតបេីកឆាករវាងក្រុមបាល់ទាត់ឥន្រ្ទីដែកអាល្លឺម៉ង់ ប៉ះអេស្ប៉ាញនៅ Natios League 2020-2021 បានបញ្ចប់ទៅដោយលទ្ធផលស្មេីគ្នា ១-១ គ្រាដែលអ៊ុយក្រែនរកបាន ៣ពិន្ទុពេញ ពេលយកឈ្នះក្រុមភ្ញៀវស្វីស ២-១ ពីក្នុងពូល A ក្រុម៤។

តាមរយ:ព័ត៌មានពី BBC បានចេញផ្សាយថាសមាជិកថ្មីរបស់ក្រុមតោខៀវ Chelsea គឺកីឡាករ Timo Werner រកបានគ្រាប់បាល់ឲ្យក្រុមជម្រើសជាតិអាល្លឺម៉ង់ មុនពេលអេស្ប៉ាញជួយសង្គ្រោះបាន ១ពិន្ទុដោយរកគ្រាប់តាមស្មើវិញនៅនាទីទី៩០+៥ ដោយកីឡាករ Jose Gaya ក្រោយទទួលបាល់ពី Rodrigo នាកីឡដ្ឋានដែលស្ថិតនៅទីក្រុង Stuttgart ប្រទេសអាល្លឺម៉ង់ ។

អតីកីឡាករនៃក្លិប RB Leipzig គឺ Werner បានបង្ហាញទម្រង់លេងដ៏ល្អដែលក្រុមតោខៀវបានចំណាយប្រាក់ចំនួន ៥៤លានផោនទិញរូបគេនៅរដូវក្តៅនេះដែលបានទាត់បាល់រំលងកីឡាករចាំទី David de Gea នៅតំបន់បាល់ប៉េណាល់ទី ក្នុងការរកគ្រាប់នាំមុខនៅនាទី៥១ ដេីមវគ្គទី២។

តែយ៉ាងណាក្នុងជំនួបដ៏ស្វិតស្វាញនេះដែរ កីឡាករបំបែកកំណត់ត្រារបស់ក្លិប Leeds United ដែលមានតម្លៃខ្លួន ២៦លានផោនគឺ Rodrigo បានខកខានឱកាសដ៏ល្អចំនួន២ដង សម្រាប់ក្រុមអេស្ប៉ាញមុនពេលមិត្តរួមក្រុម Jose Gaya រកបានគ្រាប់តាមស្មេី ដេីម្បីបញ្ចប់ក្នុងលទ្ធផល ១-១ នៅនាទីចុងម៉ោង៕