(ភ្នំពេញ)៖ លោក ទេព រិនដារ៉ូ គឺជាតារាជើងចាស់មួយរូប ដែលចូលប្រឡូកក្នុងវិស័យសិល្បៈសម្តែងអស់រយៈពេល៣ទសវត្សរ៍ជាងមកម្ល៉េះ និងមានប្រជាប្រិយភាពមិនរីងស្ងួតមកដល់សព្វថ្ងៃ។ Fresh News Plus សូមណែនាំប្រវត្តិសង្ខេបមកជូនលោកអ្នក មិត្តអ្នកអានដូចខាងក្រោមថា តើលោក ទេព រិនដារ៉ូ មានអ្វីប្លែកជាងតារាសម័យថ្មី?

* អំពីប្រវត្តិសង្ខេប អំពីជីវិតគ្រួសារ និងការសិក្សា

លោក ទេព រិនដារ៉ូ កើតនៅឆ្នាំ១៩៦៣ (ក្នុងសម័យសង្គមរាស្រ្តនិយម) នៅភូមិសំរោង ស្រុកសង្កែ ខេត្តបាត់ដំបង។ លោកមានឪពុក​​​ជាគ្រូបង្រៀន ដែលត្រូវបានស្លាប់ក្នុងរបបខ្មែរក្រហម ម្ដាយរបស់លោកជាអតីតពេទ្យឆ្មប។ លោកជាកូនច្បងក្នុងក្រុមគ្រួសារ ដែលមាន​បងប្អូន៣នាក់(ប្អូនស្រី២នាក់)។ ប្អូនស្រីម្នាក់បានស្លាប់ហើយបានបន្សល់ទុកក្មួយៗ ឲ្យលោកជួយមើលថែរក្សា។ លោកធ្លាប់បានរៀបការម្តង និងមានកូនស្រីម្នាក់ ហើយលោកបានលែងលះភរិយា នៅឆ្នាំ១៩៨៨។

កាលពីក្មេងលោក ទេព រិនដារ៉ូ បានចូលរៀននៅបឋមសិក្សា និងអនុវិទ្យាល័យ​ «វត្តនរា» នាខេត្តបាត់ដំបងដែលជាស្រុកកំណើត រហូតមកដល់សម័យខ្មែរក្រហម។ ក្នុងរបប ប៉ុល ពត លោករស់នៅក្នុងកងកុមារ​ ដោយធ្វើពលកម្មយ៉ាងធ្ងន់ធ្ងរ ដូចប្រជាជនកម្ពុជាទាំងអស់ដែរ។ ក្រោយថ្ងៃរំដោះ​៧មករា​ ឆ្នាំ១៩៧៩ លោកបានវិលមកស្រុកកំណើត ឯខេត្តបាត់ដំបងវិញ ហើយបន្តមកភ្នំពេញដើម្បីបន្តការសិក្សា។ ក្នុងឆ្នាំ១៩៨៣ លោក ទេព រិនដារ៉ូ បានជាប់អាហារូបករណ៍ទៅបន្តការសិក្សា ផ្នែកវិស្វកម្មគ្រឿងយន្តយន្តហោះ និងអ្នកបើកបរយន្តហោះនៅប្រទេសរុស្ស៊ីរយៈពេល៣ឆ្នាំ។ លោកបានវិលមកប្រទេសកម្ពុជាវិញក្នុងឆ្នាំ១៩៨៦ ហើយបានចូលបំរើការក្នុងកងទ័ពអាកាសខ្មែរ ជាពីឡុតបើកយន្តហោះ MIG-21 នាពេលនោះ។

* អំពីស្នាដៃក្នុងវិស័យសិល្បៈ

ក្នុងការងារជាអ្នកបើកបរយន្តហោះ ពិតជាមានរូបរាងស័ក្តិសម និងសង្ហាជាមិនខាននាពេលនោះ ដែលជាហេតុ​នាំឲ្យអ្នកដឹកនាំខ្សែភាពយន្តពេលនោះចាប់អារម្មណ៍ ហើយបានទាក់ទងលោកឲ្យសម្តែង ក្នុងខ្សែភាពយន្តរឿងដំបូង ក្នុងឆ្នាំ១៩៨៧ គឺរឿង «ទឹកភ្នែកសម្ងាត់ក្នុងរាត្រីពណ៌ស្វាយ» ក្នុងផលិតកម្ម «សូលីវណ្ណ» ដែលជាខ្សែភាពយន្តទី១របស់លោក តែរឿងនោះមិនសូវទទួលបានការចាប់អារម្មណ៍ប៉ុន្មានទេ។ បន្ទាប់មកលោកបានសម្តែងរឿងថ្មីទៀត​ គឺរឿង «បុប្ផាភ្នំពេញ» ក្រោយមកលោកបានចាប់ដៃគូជាមួយអ្នកនាង អម្ពរ ទេវី ក្នុងរឿង «អាថ៌កំបាំងកិច្ចសន្យា» ក៏ក្លាយជាដៃគូសម្ដែងដ៏ស័ក្តិសមនិងល្បីឈ្មោះ តាំងពីពេលនោះមក។ ចាប់ពីពេលនោះមក លោក ទេព រិនដារ៉ូ ក៏បានសម្ដែង​ជាច្រើនរឿងទៀត តែក្នុងនោះខ្សែភាពយន្តដែលល្បីឈ្មោះជាងគេ នាពេលនោះគឺរឿង «ឆ្អឹងអណ្ដែត»។

រហូតមកដល់បច្ចុប្បន្ន លោក ទេព រិនដារ៉ូ នៅរក្សាប្រជាប្រិយភាព ហើយលោកក៏នៅតែបន្តក្នុងការសម្ដែងខ្សែភាពយន្តជាច្រើនរឿង ដែលបានដាក់បញ្ចាំងលើផ្ទាំងសំពត់ស ក្នុងរោងភាពយន្ត និងកញ្ចក់ទូរទស្សន៍ មានទាំងខ្សែភាពយន្តភាគ និងខ្សែភាពយន្តខ្នាតធំជាបន្តបន្ទាប់។ ក្នុង​រយៈពេលជាង៣ទសវត្សរ៍​មក​នេះ ​សមិទ្ធផលនៃការសម្តែង​របស់​លោក ទេព រិន​ដារ៉ូ សម្រេច​បាន​ក្នុង​រង្វង់​ប្រមាណជាជាង១០០រឿង និង MV​ រាប់រយបទទៀត។

ស្នាដៃមួយទៀតដែលលោក ទេព រិនដារ៉ូ បានចូលរួមសម្តែងគឺរឿង «អច្ឆរិយៈអង្គរ» ជាប្រភេទល្ខោនសម័យទំនើបចម្រុះ ដែលរៀបចំឡើងដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សហការនឹងសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) រាជធានីភ្នំពេញ និងជាមួយស្ថានីយទូរទស្សន៍បាយ័ន (Bayon) នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៨ នៅសាលមហោស្រពកោះពេជ្រ។ ក្នុងរឿងដ៏ល្បីនេះលោកបានគ្រងជាតួអង្គ​ ជនជាតិបារាំង។

* អំពីជីវិតស្នេហា

ចំពោះរឿងស្នេហាវិញ មានមនុស្សមិនច្រើនទេ​ ដែលបានដឹងថាលោកធ្លាប់បានរៀបការម្តងហើយ ក្នុងឆ្នាំ១៩៨៧នោះ។ នេះមកពីពេលនោះលោកមិនទាន់មានកេរ្តិ៍ឈ្មោះបោះសំឡេងនៅឡើយ ដូច្នេះហើយទើបធ្វើឲ្យអ្នកគាំទ្រថា លោកជាកំលោះចាស់មិនព្រមយកប្រពន្ធ។ តែតាមការពិត​លោកធ្លាប់បានរៀបការម្តង ជាមួយនារីម្នាក់ដែលជាការរៀបចំឡើងដោយឪពុកម្ដាយ តែដោយសារតែគ្មានមនោសញ្ចេតនានឹងគ្នា លោកក៏បានលះលែងគ្នាក្នុងឆ្នាំ១៩៨៨ ដោយបានកូនស្រីម្នាក់ជាចំណងអាពាហ៍ពិពាហ៍ជាង១ឆ្នាំនេះ។ ហើយក្រោយមកអតីតភរិយា និងកូនស្រីក៏បានចេញទៅនៅក្រៅប្រទេស។

បើគិតមកដល់សព្វថ្ងៃលោក ទេព រិនដារ៉ូ មានអាយុប្រហែលជាង៥០ឆ្នាំ ហើយលោកត្រូវបានលែងលះភរិយាដំបូងតាំងពីឆ្នាំ១៩៨៨។ តែចាប់ពីពេលនោះមកលោកមិនដែល​ទំនាក់ទំនងមានស្នេហាជាមួយនារីណាម្នាក់ឡើយ រួមផ្សំដោយមិនសូវមានអ្នកដឹងថា លោកធ្លាប់រៀបការហើយផងនោះ ជាហេតុធ្វើឲ្យអ្នកគាំទ្រក៏ដូចជាអ្នកសារព័ត៌មាន តែងតែលើកជាសំណួរជាញឹកញយថា «ហេតុអ្វីលោកនៅកំលោះយូរយ៉ាងនេះ?» ចំពោះសំណួរនេះលោក ទេព រិនដារ៉ូ ធ្លាប់ចេញមកបកស្រាយជារឿយៗ ថាលោក​ជាប់ធុរៈបីបាច់រក្សាក្មួយៗជាក្មេងកំព្រា និងក្មួយៗជាកូនរបស់ប្អូនស្រីលោក​ ដូច្នេះលោកមិនចង់មានបន្ទុកបន្ថែមទៀត ណាមួយលោកបានចាត់ទុកក្មួយៗជាកូនបង្កើត របស់លោករួចទៅហើយដែរ។ ទាំងអស់នេះហើយដែលធ្វើឲ្យលោករស់នៅជាមួយជីវិតគ្មានគូ​ជារៀងរហូតមក។

* អំពីរឿងល្បីក្នុងសារព័ត៌មានកន្លងមក

ចំពោះរឿងល្បីក្នុងសារព័ត៌មាន​ លោកពិតជាមិនអាចគេចផុតបានឡើយ ដោយលោកជាតារាសម្តែង​​ដែលមានកេរ្តិ៍ឈ្មោះល្បីក្នុងប្រទេស ​នៅពេលមានសកម្មភាពអ្វីដែលប្លែកនោះ សារព័ត៌មានតែងតែស្រូតចុះផ្សាយព្រោងព្រាត ដើម្បីជាការទាក់ទាញ អ្នកអានរបស់ខ្លួន។ ជាពិសេសព័ត៌មានដែលថាលោក «ហេតុអ្វីលោកនៅកំលោះយូរយ៉ាងនេះ?»​ ចំពោះចម្លើយវិញ គឺដូចអ្វីដែលបានបង្ហាញខាងលើ​ ហើយក៏មានព័ត៌មាន ដែលលើកសរសើពីសមទ្ធផលជាស្នាដៃផ្សេងៗ ក្នុងវិស័យភាពយន្ត ជាបន្តបន្ទាប់ដែលលោកបាន​ចូលរួមបង្កើតឡើង។

ក្នុងសម័យទំនើបកម្មនៃវិស័យព័ត៌មានវិទ្យា​នេះ បានលេចធ្លាយនូវព័ត៌មានមួយដែលមិនគួរកើត នោះគឺរូបភាពសិចស៊ីស្ទើរតែអាក្រាតកាយរបស់លោកតែម្តង ដែលត្រូវបានអ្នកលេងសង្គមហ្វេសបុក យកស៊ែរតៗគ្នា​​នាពេលនេះតែពេលក្រោយមកត្រូវបានគេបញ្ជាក់ថា ជារូបភាពកាត់តដោយបច្ចេកទេសនាសម័យទំនើបកម្មនេះ។

* អំពីទម្លាប់ និងចំណង់ចំណូលចិត្ត

ជាទម្លាប់ជារៀងរាល់ថ្ងៃលោក ទេព រិនដារ៉ូ ហាត់ប្រាណនៅផ្ទះដោយមានឧបករណ៍ហាត់ប្រាណនៅផ្ទះផ្ទាល់ ក្រោយពីទំនេរពីការថតសម្តែង ព្រោះការថតសម្តែងមិនទៀងទាត់។ លោក​ទទួលទានជាតិស្រវឹង គ្រប់ប្រភេទតែមានកំរិតមធ្យម លោកនិយមទទួលទានទឹកច្រើន លោកទទួលទានអាហារមិនសូវរើសឡើយ។ លោកកម្រចេញក្រៅ ឬទៅកំសាន្តទីផ្សារដោយពុំមានការសំខាន់ឡើយ។ សព្វថ្ងៃលោករស់នៅផ្ទះល្វែង២ជាន់នៅម្តុំពោធ៍ចិនតុង ក្នុសង្កាត់ពោធិ៍សែនជយ។ លោកមានរថយន្តផ្ទាល់ខ្លួន លុចស៊ីស៣៣០ និងអាចមានអចលនៈទ្រព្យផ្សេងទៀត៕