(សៀមរាប)៖ ពិតជាប្លែកពីបេក្ខភាព «Miss Queen Cambodia 2020» ទាំង១១រូបបានទទួលការចាប់អារម្មណ៍ជាខ្លាំង ពីទស្សនិកជនក្នុងកម្មវិធីបង្ហាញម៉ូដ Fashion Night ដែលរៀបចំឡើងដោយ Cheers Pub រយៈពេល២ថ្ងៃ នៅខេត្តសៀមរាប ធ្វើឲ្យកក្រើកទឹកដីអង្គរ។ ការដើរបង្ហាញម៉ូដចំនួន៤ឈុតពីបេក្ខភាពពាក់កណ្ដាលផ្ដាច់ព្រ័ត្រ «Miss Queen Cambodia 2020» ទាំង១១រូបខាងលើពិតជាធ្វើឲ្យទស្សនិកជន ដែលបានចូលរួមកម្មវិធី សរសើរមិនដាច់ពីមាត់ពីការច្នៃម៉ូដថ្មីប្លែក របស់អ្នកច្នៃម៉ូដនៅកម្ពុជា។

លោក ម៉ែន និមលរតន៍ ជាអ្នករៀបចំកម្មវិធីបានថ្លែងប្រាប់ Fresh News Plus ឲ្យដឹងថា កម្មវិធី Fashion Night ដែលដើរបង្ហាញម៉ូដដោយបេក្ខភាព «Miss Queen Cambodia 2020» ទាំង១១គឺរៀបចំឡើងក្នុងន័យជម្រុញ និងលើកកម្ពស់ការច្នៃម៉ូដក្នុងប្រទេសកម្ពុជា ឱ្យបានទូលំទូលាយ និងប្រសើរជាងមុនដោយមានអ្នកច្នៃម៉ូដវ័យក្មេង និងពោរពេញដោយសមត្ថភាពចូលរួមបង្ហាញសមត្ថភាព។

លោកបានបញ្ជាក់បន្ថែមថា «នេះមិនមែនជាលើកទី១ទេដែល Cheers Pub រៀបចំកម្មវិធីបង្ហាញម៉ូដនេះឡើង។ យើងធ្លាប់ធ្វើពីមុនដោយជោគជ័យ ហើយលើកនេះក៏យើងរៀបចំជោគជ័យដែរ ជាមួយការច្នៃប្រឌិតប្លែកៗ»

ជាមួយកាបង្ហាញម៉ូដថ្មីប្លែកពីបេក្ខភាព Miss Queen ទាំងនេះក៏មានដែរការប្រកួតដណ្ដើមពានរង្វាន់ចំនួន៤ ដែលជយលាភីឈ្នះពីកម្មវិធីបង្ហាញម៉ូដមានដូចជាទី១ Best Catwalk បានទៅលើបេក្ខនារីពាក់ស្លាកលេខ 033: Lala, ទី២ Miss Fashionista បេក្ខនារីពាក់ស្លាកលេខ 002: SAIFHON, ទី៣ Best in Traditional Costume បានទៅលើបេក្ខនារីពាក់ស្លាកលេខ 015: Hani និង ទី៤ Miss Elegance បានទៅបេក្ខនារីពាក់ស្លាកលេខ 006: Jessie។ គណៈកម្មការដែលចូលរួមផ្ដល់ពិន្ទុវាយតម្លៃ ចំពោះជយលាភីទាំងនេះមានដូចជាលោក ដូរីកូ Face of Cambodia 2017, កញ្ញា ស៊ុយ ប៊ូណាវីន Miss CosmoWorld Cambodia 2019 និងលោក យុន រតន: Designer of ROTTANAK Shop។

អ្នកចាត់ការទូទៅរូបនេះបន្ថែមថា ពានទាំង៤ខាងលើ គឺគ្រាន់តែជាពានពិសេសមួយនៃការដើរបង្ហាញម៉ូដតែប៉ុណ្ណោះ មិនមែនជាកម្មវិធីប្រកួតផ្ដាច់ព្រ័ត្រ «Miss Queen Cambodia 2020» ផ្លូវការនោះទេ។ ដោយ ឡែកកម្មវិធីផ្ដាច់ព្រ័ត្រនៃពាន Miss Queen នេះនឹងរៀបចំក្នុងពេលឆាប់ៗ ប្រសិនបើកូវីដ១៩ធូរស្បើយ។

សូមបញ្ជាក់ថា នេះជាលើកទី២ហើយដែល Cheer Pub បានរៀបចំកម្មវិធីដើរបង្ហាញម៉ូដថ្មីប្លែកដែលជាការច្នៃ ដោយអ្នកជំនាញច្នៃម៉ូដក្នុងស្រុក។ អ្នករៀបចំកម្មវិធីគ្រោងនឹងរៀបចំការដើរបង្ហាញម៉ូដនេះ ឲ្យបានញឹកញាប់បំផុត ប្រសិនបើជំងឺកូវីដ១៩មានការស្ងប់ស្ងាត់។ អ្នកច្នៃម៉ូដចូលរួមច្នៃម៉ូដប្លែកៗសម្រាប់ឲ្យតារាម៉ូដែលទាំង១១នាក់ ដើរបង្ហាញមានដូចជា លោក យុន រតន: Designer of ROTTANAK Shop និងវិមានរតន៍សម្អាងការ៕