(សៀមរាប)៖ ប្រាសាទបន្ទាយស្រី មានទីតាំងស្ថិតនៅភូមិបន្ទាយស្រី ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប មានចម្ងាយប្រមាណ ៣២ គីឡូម៉ែត្រពីប្រាសាទអង្គរវត្ត។

ប្រាសាទនេះសាងឡើងអំពីថ្មភក់ពណ៌ស៉ីជម្ពូ ដែលជាប្រភេទថ្មគុណភាពលេខ១ និងប្រកបដោយក្បូរក្បាច់រចនារស់រវើកសម្បូរបែប ខណៈអ្នកបុរាណវិទ្យាបានចាត់ទុកប្រាសាទនេះថា ជាគំរូនៃរចនាប័ទ្មបន្ទាយស្រី។

តាមផ្ទាំងសិលាចារឹកបានឱ្យដឹងថា ប្រាសាទដ៏ប្រណីតនេះសាងនៅគ្រិស្ដសករាជ ៩៦៧ ពោលគឺនៅចុងរាជ្យព្រះបាទរាជេន្ទ្រវរ្ម័នទី២ និងដើមរាជ្យព្រះបាទជ័យវរ្ម័នទី៥ ដោយព្រាហ្មណ៍ម្នាក់ឈ្មោះ «យជ្ញវរាហៈ»។ ព្រាហ្មណ៍យជ្ញវរាហៈ ជាព្រះរាជគ្រូរបស់ព្រះបាទជ័យវរ្ម័នទី៥ នៅក្នុងក្រុងបុរាណឈ្មោះ ឥស្វរបុរៈ (ក្រុងព្រះឥសូរ)។

ថ្វីដ្បិតឈ្មោះរបស់ព្រាហ្មណ៍នេះ មានន័យទាក់ទងនឹងអវតាមួយរបស់ព្រះវិស្ណុ ឬព្រះនរាយណ៍ ប៉ុន្តែលោកកសាងប្រាសាទននេះឡើង ដើម្បីឧទ្ទិសថ្វាយព្រះឥសូរ ឬព្រះសិវៈ ក្នុងទម្រង់ជាលិង្គព្រះនាមថា «ស្រីត្រិភុវនមហេស្វរៈ» ឬ «ស្រីត្រីភូវនមហេសូរ» មានន័យថា «ម្ចាស់នៃលោកទាំងបី»។

ប្រាសាទនេះមានក្បាច់លម្អដូចទេពនិម្មិតដែលឆ្លាក់ទាក់ទងនឹងព្រះឥសូរ ព្រះវិស្ណុ រឿងរាមកេរ្តិ៍ រឿងមហាភារតៈជាដើម។

ចំពោះប្រាង្គកណ្តាលទាំងបីនៃប្រាសាទ ត្រូវបានគេសង់បែរមុខទៅទិសបូព៌ា ខណៈប្រាង្គកណ្ដាលមានតម្កល់លិង្គព្រះឥសូរ ប្រាង្គខាងត្បូងថ្វាយដល់ព្រះឥសូរក្នុងទម្រង់មួយផ្សេងទៀត ឯប្រាង្គខាងជើងឧទ្ទិសដល់ព្រះវិស្ណុ។

អ្វីដែលគួរឲ្យកោតសរសើរអំពីប្រាសាទបន្ទាយស្រី និងព្រះរាជគ្រូ ត្រង់ថាសម័យកាលនោះគ្មានការប្រកាន់ជំនឿសាសនាណាតែមួយរឹងត្អឹងទេ ពោលគឺគោរពបូជាសាសនាផ្សេងៗគ្នាដោយភាពសុខដុមរមនា ហើយបែបផែន ឬវប្បធម៌នៃការប្រតិបត្តិនេះគឺបានមកដល់សព្វថ្ងៃ។

ក្រៅពីប្រាង្គប្រាសាទ និងចម្លាក់ដ៏ល្អឯក នៅក្នុងបរិវេណប្រាសាទនេះក៏មានកន្លែងតាំងពិព័រណ៍បង្ហាញអំពីការស្រាវជ្រាវឃើញប្រាសាទ ការធ្វើកំណាយ កន្លែងមើលសត្វ ជិះទូកកម្សាន្ត ស្ទូចត្រី ទស្សនាធម្មជាតិដែរ៕

ប្រជាពលរដ្ឋអាចចូលទស្សនាបន្ថែមតាមរយៈគេហទំព័រ៖ https://goo.gl/maps/FQ9jXmFpnGZt5NE18