(ភ្នំពេញ)៖ ក្លិបបាល់ទាត់នគរបាលជាតិ នៅរសៀលថ្ងៃទី០៣ ខែកញ្ញានេះ បានប្រកាសដំណឹងដ៏រសើបមួយ អំពីការសម្រេចចិត្តចែកផ្លូវគ្នាជាមួយកីឡាករ មិត សាម៉ើយ ក្រោមមូលហេតុមិនគោរពវិន័យ ។ នេះបើតាមការបញ្ជាក់របស់លោក សារ៉េត ស៊ីដន គ្រូបង្វឹកអតីតក្រុមជើងឯកពានសម្ដេចតេជោ ហ៊ុន សែន ឆ្នាំ២០១៤ ។

គ្រូបង្វឹកខាងលើ បានបញ្ជាក់ថា នៅក្លិបនគរបាលជាតិ គឺមានវិន័យតឹងរឹង តែបើកីឡាករណាមិនគោរព ឬក្លិបធ្វើការណែនាំម្ដងជាពីរដងហើយ មិនព្រមកែប្រែ គឺអស់ពេលហើយ ថ្នាក់ដឹកនាំក្លិបត្រូវបង្ខំចិត្តអនុវត្តតាមវិន័យក្លិបហើយ ។ កត្ដានេះហើយ ទើបក្លិបបានសម្រេចចិត្តប្រកាសចែកផ្លូវជាមួយកីឡាករ មិត សាម៉ើយ តែម្ដង ។

យ៉ាងណាមិញក្លិបបញ្ចប់ការប្រកួតជុំទី១ នៃលីគកំពូលកម្ពុជា ដោយឈរលេខរៀងទី១១ នេះ ក៏បានជូនពរសមាជិកក្រុមជម្រើសជាតិអាយុក្រោម ១៩ឆ្នាំកម្ពុជាខាងលើ សម្រាប់ការខិតខំប្រឹងប្រែងជួយក្លិបកន្លងមក និងជូនពររូបគេជួបនូវសំណាងល្អ និងជោគជ័យក្នុងអាជីពនាថ្ងៃអនាគតផងដែរ ។

គួរបញ្ជាក់ថា មុននគរបាលជាតិ ប្រកាសចែកផ្លូវការ មិត សាម៉ើយ ធ្លាប់ជាខ្សែប្រយុទ្ធលេចធ្លោរមួយរូប ពិសេសអំឡុងពេលជួយក្រុមគោព្រៃជំទង់កម្ពុជា យកឈ្នះក្រុម U19 ថៃ ២-១ គេក៏រកបាន ១គ្រាប់ និងរួមចំណែកជួយក្រុម U19 កម្ពុជា ឡើងជុំផ្ដាច់ព្រ័ត្រពានរង្វាន់ AFC U19 Championship 2020 ជាប្រវត្តិសាស្ដ្រទៀតផង ។

ដោយឡែកកាលពីពេលថ្មីៗ មិត សាម៉ើយ បានត្រូវលោក Koji Gyotoku កោះហៅធ្វើតេស្ដដំណាក់កាលទី១ ជាមួយយុវជនជាង ៤០នាក់ទៀត នៃក្រុមជម្រើសជាតិ U19 កម្ពុជា ដើម្បីត្រៀមប្រកួតជុំផ្ដាច់ព្រ័ត្រ AFC U19 Championship 2020 នៅប្រទេសអូបេគីស្ថាន នាខែតុលាខាងមុខ តែក្រោយបញ្ចប់ការធ្វើតេស្ដដំណាក់កាលទី១ រូបគេមិនជាប់បញ្ជី ៣២នាក់ចុងក្រោយ ដើម្បីធ្វើតេស្ដនៅដំណាក់កាលទី២ នោះទេ៕