(ភ្នំពេញ)៖ បច្ចុប្បន្នតំបន់ទំនប់កប់ស្រូវ ដែលស្ថិតនៅជាយខាងលិចរាជធានីភ្នំពេញ កំពុងមានសន្ទុះខ្លាំងក្នុងការសាងសង់បុរីលំនៅដ្ឋាន ពោលគឺមិនក្រោម ៣០គម្រោងឡេីយ ក្នុងនោះមានលំនៅដ្ឋានប្រមាណជិត១០,០០០ខ្នង ត្រូវបានសាងសង់រួច និងមានសំណង់បុរីជាច្រើនទៀតកំពុងមមាញឹកក្នុងការរចនារូបរាងឡើងជាបន្តបន្ទាប់។

ជុំវិញកំណើនវឌ្ឍនភាពវិស័យលំនៅដ្ឋាននេះមានអ្នកវិនិយោគជាច្រើនបានបង្ហាញសុទិដ្ឋិនិយមចំពោះទីផ្សារលំនៅដ្ឋាននាពេលបច្ចុប្បន្ន ក៏ដូចជាបន្តទៅថ្ងៃអនាគត ដោយពិនិត្យឃើញថា លំហូរនៃចំនួនប្រជាជនចំណូលថ្មីមកកាន់រាជធានីភ្នំពេញ សុទ្ធតែមានតម្រូវការស្នាក់នៅជាហេតុធ្វើឲ្យតម្រូវការទីផ្សារលំនៅដ្ឋានមានការកើនឡើង ជាបន្តបន្ទាប់ ខណៈដែលទីផ្សារលំនៅដ្ឋាននៅកណ្តាលរាជធានីភ្នំពេញមានភាពចង្អៀត និងតម្លៃខ្ពស់ៗធ្វើឲ្យប្រជាជនមួយចំនួនធំមានការចាប់អារម្មណ៍ខ្លាំងក្នុងការទិញផ្ទះ ឬដីឡូតិ៍នៅតំបន់ជាយរាជធានីដែលមានតម្លៃសមរម្យ និងមានទីធ្លាធំទូលាយ។

ក្នុងនោះដែរ គេមើលឃើញថា គម្រោងបុរី KP ម៉ន ដានី កំពុងតែនាំមុខគេក្នុងការអភិវឌ្ឍលំនៅដ្ឋាននៅតំបន់ទំបន់កប់ស្រូវ ដែលមានផ្ទៃដីប្រមាណជាង១០០ហិចតា ហើយបាននិងកំពុងសាងសង់វីឡាប្រមាណ ៤,០០០វីឡា តាមរចនាប័ទ្មបែបស៊ីវិស័យ។

បើទោះបីជាស្ថិតក្នុងស្ថានភាពសេដ្ឋកិច្ច ក៏ដូចជាបញ្ហាកូវីដ១៩ ក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះក៏ដោយ ក៏គម្រោងបុរី KP ម៉ន ដានី ហាក់ទទួលបានការគាំទ្រយ៉ាងខ្លាំងពីអតិថិជន និងនៅតែមានការបន្ថែមល្បឿនក្នុងការសាងសង់ ព្រមទាំងមានការពង្រីកគម្រោងថែមទៀត។

យ៉ាងណាមិញការអភិវឌ្ឍលំនៅដ្ឋាន ក៏ដូចជាគម្រោងដីពុះឡូតិ៍នៅតំបន់ជាយរាជធានីនាពេលបច្ចុប្បន្ននេះនៅតែរក្សាបានតម្លៃល្អសម្រាប់ការវិនិយោគ និងរំពឹងទុក ទទួលបានផលចំណេញខ្ពស់នាពេលអនាគត ដែលកំពុងអភិវឌ្ឍន៍លើគ្រប់វិស័យ ទាំងលើហេដ្ឋារចនាសម្ពន្ធ និងវិស័យឧស្សាហកម្មផ្សេងៗដែលទ្រទ្រង់ដល់សេដ្ឋកិច្ចជាតិ៕