(ភ្នំពេញ)៖ ក្រោយពីបានធ្វើការបដិសេធថា សុដន់របស់ខ្លួនមិនបានឆ្លងកាត់មុខកាំបិត ធ្វើការវះកាត់កែកុនឲ្យខុសពីធម្មជាតិ ធ្វើឲ្យមានការចាប់អារម្មណ៍ពីមហាជនរួចមក កញ្ញា លីវ ជីលី ត្រូវជាបេក្ខនារីមួយរូប ក្នុងកម្មវិធី «Miss Grand Cambodia» ២០២០ បានបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថា រូបនាងនឹងបានឡើងទៅវគ្គជម្រុះ១៥នាក់ នៅថ្ងៃស្អែកនេះ ដើម្បីឈានដល់ការប្រកួតផ្តាច់ ព្រ័ត្រ ដែលនឹងឈានមកដល់នា ពេលឆាប់ៗខាងមុខនេះ។ ការលើកឡើងបែបនេះ ព្រោះតែ លីវ ជីលី អះអាងថា នាងអាចយកប្រៀបលើបេក្ខនារីផ្សេងទៀត ព្រោះតែការជឿជាក់លើសមត្ថភាព និងសម្រស់របស់ខ្លួន។

បេក្ខនារី «Miss Grand Cambodia» លីវ ជីលី បានថ្លែងប្រាប់ Fresh News Plus នៅព្រឹកថ្ងៃទី០៣ ខែកញ្ញានេះថា រូបនាងពិតជាមានក្តីរំពឹងខ្ពស់ ថានឹងបានឈានទៅដល់វគ្គផ្តាច់ព្រ័ត្រ ពោលគឺនៅវគ្គជម្រុះ១៥នាក់ ចុងក្រោយនៅថ្ងៃស្អែកនេះ រូបនាងនឹងទទួលជោគជ័យ។ ការសម្តែងក្តីរំពឹងយ៉ាងមុតមាំបែបនេះ លីវ ជីលី អះអាងថា ដោយសារផ្អែកទៅលើរាងរៅ កម្ពស់កម្ព និងទេពកោសល្យ ចំណេះជំនាញដែលនាងមាន គឺអាចជាបច្ច័យមួយដ៏ល្អ សម្រាប់ក្តីរំពឹង និងការយកឈ្នះលើបេក្ខនារីដទៃ។

ស្រីស្អាត លីវ ជីលី បានបន្ថែមទៀតថា នៅថ្ងៃស្អែកនេះ គឺមានការប្រកួតប្រជែងជ្រើសរើសបេក្ខនារី ដើម្បីឈានទៅកាន់វគ្គផ្តាច់ព្រ័ត្រចំនួន១៥នាក់ ក្នុងចំណោមបេក្ខនារីទាំង២៥នាក់ ដែលបានចម្រាញ់កាលពីវគ្គមុន ខណៈដែលវគ្គផ្តាច់ព្រ័ត្រ នឹងធ្វើឡើងនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០នេះ។ នាងបានត្រៀមរួចជាស្រេចក្នុងការបញ្ចេញសមត្ថភាព បង្ហាញដល់គណៈកម្មការ ក៏ដូចជាអ្នកគាំទ្រ បន្ទាប់បានធ្វើការហ្វឹកហាត់រាល់ថ្ងៃ ទាំងការដើរបង្ហាញម៉ូដ ភាសាអង់គ្លេស និងចំណេះដឹងទូទៅជាច្រើនទៀត។

ទោះបីជាយ៉ាងណា ការអះអាងពីក្តីសង្ឃឹមរបស់ លីវ ជីលី ក៏ដូចជាក្តីសង្ឃឹមរបស់បេក្ខនារីដទៃទៀត គឺមានដូចៗគ្នា ប៉ុន្តែអ្វីដែលជាការអនុវត្តន៍ជាក់ស្តែងនៅពេលប្រកួត គឺស្ថិតនៅលើគណៈកម្មការដាក់ពិន្ទុ ដែលមានទាំងជនជាតិខ្មែរ និងជនជាតិបរទេស ព្រោះព្រឹត្តិការណ៍នេះគឺត្រូវជ្រើសរើសបេក្ខនារី ដែលមានសមត្ថភាពពិតប្រាកដ ដើម្បីតំណាងឲ្យប្រទេសកម្ពុជាទាំងមូល ទៅចូលរួមប្រកួតលើឆាកអន្តរជាតិ ផ្សព្វផ្សាយនូវវប្បធម៌របស់ខ្មែរ ទៅកាន់ពិភពលោកទាំងមូលឲ្យបានដឹង។ ដូច្នេះគណៈកម្មការដាក់ពិន្ទុ នឹងមានការវិនិច្ឆ័យយ៉ាងត្រឹមត្រូវ និងសុក្រិត្យយុត្តិធម៌ដល់បេក្ខនារីនីមួយៗ។

សូមបញ្ជាក់ថា បេក្ខនារី «Miss Grand Cambodia» លីវ ជីលី ថ្មីៗនេះបានទទួលរងនូវព័ត៌មាន រិះគន់ខ្លាំងៗថា នាងបានធ្វើកែកុនវះកាត់សម្ផស្សសុដន់ មើលទៅមូលក្បំធំខុសពីធម្មជាតិ ប៉ុន្តែនាងមានធ្វើការបដិសេធដោយអះអាងថា សុដន់របស់នាង គឺជារបស់ធម្មជាតិពិតៗ មិនបានធ្វើការវះកាត់ អ្វីនោះទេ។ បេក្ខនារី លីវ ជីលី ជាបេក្ខភាពមកពីខេត្តបន្ទាយមានជ័យ និងពាក់ស្លាកលេខ១៣។

កម្មវិធីប្រកួតលក្ខណៈអន្តរជាតិ «Miss Grand International» ដែលមានប្រទេសវ៉េណេហ៊្សយអេឡា ធ្វើជាម្ចាស់ផ្ទះ នឹងប្រព្រឹត្តិទៅនៅក្នុងអំឡុងខែតុលា ឆ្នាំ២០២០ខាងមុខនេះ៕