(ភ្នំពេញ)៖ សហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា បានប្រកាសកាលបរិច្ឆេទរៀបចំការប្រកួតកីឡាវាយកូនឃ្លីលើតុជ្រើសរើសជើងឯកថ្នាក់ជាតិ និងពានរង្វាន់សហព័ន្ធ លើកទី១ ឆ្នាំ២០២០ រួចហើយ ក្រោយទទួលបានការអនុញ្ញាតឲ្យចាប់ផ្ដើមសកម្មភាពកីឡាឡើងវិញពីក្រសួងសុខាភិបាល ក៏ដូចជាក្រសួងអប់រំ យុវជន និងកីឡា។

តាមការជូនដំណឹងរបស់សហព័ន្ធ ព្រឹត្តិការណ៍ថ្នាក់ជាតិនេះ គ្រោងប្រកួតរយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី១៩-២៤ ខែតុលា ឆ្នាំ២០២០ ខាងមុខ នៅសាលដំបូលទូក នៃពហុកីឡដ្ឋានជាតិ ។ ដូច្នេះសហព័ន្ធបានអំពាវនាវដល់ក្លិប និងសមាគម ដែលជាសមាជិក រួសរាន់ចុះឈ្មោះចូលរួមការប្រកួត ខណៈការទទួលពាក្យ នឹងបញ្ចប់នៅថ្ងៃទី១១ ខែតុលា មុនការប្រកួតជាង ១សប្ដាហ៍ ។

ចំពោះវិញ្ញាសាប្រកួត ដែលសហព័ន្ធបានកំណត់រៀបចំការប្រកយត ក្នុងព្រឹត្តិការណ៍ជើងឯកថ្នាក់ជាតិឆ្នាំនេះ គឺមាន ៨វិញ្ញាសា រួមមានវិញ្ញាសាប្រកួតក្រុមបុរស-ក១, ក្រុមបុរស-ក២, ការប្រកួតវាយគូបុរស-ក១, វាយគូបុរស-ក២, ការប្រកួតឯកត្តជនបុរស-ក១, ឯកត្តជនបុរស-២, ការប្រកួតឯកត្តជននារី-ក១ និងវិញ្ញាសាឯកត្តជននារី-ក២ ដែលទទួលបានការឧបត្ថម្ភគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា៕