(បរទេស)៖ កំពូលតារាសម្តែងហូលីវូដល្បីឈ្មោះ The Rock ដែលមានឈ្មោះពិតថា Dwayne Jonhson បានប្រកាសក្នុងបណ្តាញសង្គមថា លោកនិងភរិយា រួមទាំងកូនពីរនាក់ផ្សេងទៀត បានជាសះស្បើយឡើងវិញហើយ ពីជំងឺកូវីដ១៩ បន្ទាប់ពីពួកគេបានឆ្លងជំងឺនេះកាលពី ប៉ុន្មានសប្តាហ៍មុន។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០។

តារាសម្តែងវ័យ ៤៨ឆ្នាំរូបនេះ បាននិយាយក្នុងបណ្តាញសង្គម Instagram ផ្ទាល់ខ្លួនថា លោក និងភរិយាវ័យ ៣៥ឆ្នាំ ឈ្មោះ Lauren និងកូនស្រីពីរនាក់ទៀត ម្នាក់ឈ្មោះ Jasmine វ័យ ៤ឆ្នាំ និងម្នាក់ទៀតឈ្មោះ Tiana វ័យ២ឆ្នាំ បានឆ្លងជំងឺកូវីដ១៩ កាលពី២សប្តាហ៍មុន ទាំងមិនបានដឹងថាឆ្លងវីរុសនេះដោយរបៀបណានោះទេ។ ដំបូងឡើយកូនស្រីទាំងពីរបស់គេ មានអាការៈឈឺបំពងក ខណៈ The Rock និងភរិយា គឺស្ថិតក្នុងអាការៈដ៏ពិបាកមួយ។

យ៉ាងណាមិញ ជាមួយនឹងដំណឹងរីករាយ នៃការជាសះស្បើយឡើងវិញពីជំងឺកូវីដ១៩នេះ តារាសម្តែង The Rock បានលើកទឹកចិត្តឲ្យមហាជនគ្រប់រូបមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុត នៅពេលជួបជុំជាមួយមិត្តភក្តិឬក្រុមគ្រួសារ តាមរយៈការអនុវត្តន៍វិធានការនានា ដូចជាការទៅធ្វើតេស្តរកជំងឺកូវីដ១៩ មុនពេលជួបជុំគ្នា និងការពាក់ម៉ាសជាដើម។

គួរជម្រាបថា Dwayne Jonhson ហៅ The Rock ដែលល្បីល្បាញក្នុងវិស័យកីឡាកាសនោះ បានចាប់ផ្តើមចាប់យកអាជីពសិល្បៈ តាមរយៈការសម្តែងភាពយន្តហូលីវូដនៅចុងឆ្នាំ១៩៩៩ ខណៈថ្មីៗនេះលោកត្រូវបានគេដឹងថា ជាកំពូលតារាសម្តែងដែលមានភាពជោគជ័យមួយរូបផងដែរ ក្នុងវិស័យហូលីវូដ ដែលរកចំណូលបានច្រើនជាងគេបំផុត គិតត្រឹមពាក់កណ្តាលឆ្នាំ២០២០នេះ៕