(មេនឆេស្ទេី)៖ ក្រុមបិសាចក្រហម Manchester United បានចុះហត្ថលេខាលើខ្សែបម្រើ-ប្រយុទ្ធហូឡង់ Donny van de Beek ពីក្លិប Ajax ក្នុងតម្លៃ ៣៥ លានផោនបន្ថែមលើប្រាក់ឧបត្ថម្ភ ៥លានផោនទៀតលើកិច្ចសន្យា ៥ឆ្នាំ។

តាមរយ:ព័ត៌មានពី BBC បានចេញផ្សាយថា Van de Beek អាយុ ២៣ឆ្នាំបានលេងក្រុម Ajax ដែលជាក្លិបដំបូងរបស់គេចំនួន ១៧៥ប្រកួត និងរកបាន ៤១គ្រាប់ជាមួយនឹងការឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខណ្ឌ UEFA Champions League ឆ្នាំ២០១៨-១៩ ដ៏គួរឲ្យភ្ញាក់ផ្អេីលទៀតផង។

Van de Beek អាចបង្ហាញខ្លួនសម្រាប់ការប្រកួតបើករដូវកាលឆ្នាំ២០២០-២១ របស់ Man United ទល់នឹង Crystal Palace នៅថ្ងៃទី១៩ ខែកញ្ញាខាងមុខនេះនៅ Premier League។

Van de Beek គឺជាកីឡាករដែលបានចុះហត្ថលេខានៅរដូវក្តៅនេះរបស់ក្លិប Man Utd ដែលបាននិយាយថា ខ្ញុំមិនអាចចាប់ផ្តើមពន្យល់ពីឱកាសដែលមិនគួរឲ្យជឿក្នុងការចូលរួមជាមួយក្លិបដែលមានប្រវត្តិអស្ចារ្យបែបនេះទេ។

Man United បានបញ្ជាក់ថា Van de Beek នឹងពាក់អាវលេខ៣៤ ដើម្បីជាការគោរពដល់អតីតមិត្តរួមក្រុម Ajax គឺកីឡាករ Abdelhak Nouri ដែលបានរងរបួសខួរក្បាល និងបេះដូងអំឡុងការប្រកួតមិត្តភាពមុនបេីករដូវកាលឆ្នាំ២០១៧៕