(អាហ្សង់ទីន)៖ កីឡាករចំនួន១៤នាក់ របស់ក្លិបបាល់ទាត់លំដាប់កំពូល របស់អាហ្សង់ទីន Boca Juniors ត្រូវបានគេរកឃើញថា មានភាពវិជ្ជមាន នៃវីរ៉ុស COVID-19 ធ្វើឲ្យមានការប៉ះពាល់ ទៅដល់ការត្រៀមរបស់ក្លិបមួយនេះ ក្នុងការចូលរួមប្រកួតក្នុងលីគ Copa Libertadores, នេះបើយោងតាមសារព័ត៌មានស៊ិនហួ ចុះផ្សាយនាយប់ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២០នេះ។

បុគ្គលិកបង្វឹកចំនួន៥នាក់ទៀត នៃក្លិបមួយនេះ ក៏ត្រូវបានគេរកឃើញមានភាពវិជ្ជមាន នៃវីរ៉ុសឆ្លងនេះផងដែរ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលចេញផ្សាយលើគេហទំព័ររបស់ក្លិប, Boca បានលើកឡើងថា ពួកគេផ្អាកសកម្មភាពហ្វឹកហាត់ចំនួន៣ថ្ងៃ ជាមួយនឹងកីឡាករ និងបុគ្គលិកទាំងអស់ ត្រូវរក្សានៅដាច់ដោយឡែកពីគ្នា រហូតដល់មានការធ្វើតេស្តបន្ថែមទៀត នៅចុងសប្តាហ៍នេះ។

សកម្មភាពបាល់ទាត់ នៅអាហ្សង់ទីន ត្រូវបានផ្អាក ចាប់តាំងពីពាក់កណ្តាលខែមីនាមក ហើយរហូតមកទល់ពេលនេះ មិនទាន់មានការកំណត់កាលបរិច្ឆេទ សម្រាប់ការចាប់ផ្តើមប្រកួតក្នុងស្រុកឡើងវិញនោះទេ។

Boca គឺជាក្លិបមួយ ក្នុងចំណោមក្លិបទាំង៦របស់អាហ្សង់ទីន ដែលនឹងវិលត្រឡប់មកមានសកម្មភាពវិញ នាខែកញ្ញានេះ នៅពេលដែលលីគបាល់ទាត់ Copa Libertadores នៅទ្វីបអាមេរិកខាងត្បូងមួយនេះ ចាប់ផ្តើមឡើងវិញ៕