(ម៉ុងហ្គោលី)៖ គ្មានអ្នកណាម្នាក់អាចរួចជីវិតត្រលប់មកផ្ទះវិញបានឡើយ ក្រោយពេលចូលរួមដង្ហែសពព្រះចៅអធិរាជសង់ស៉ីខាន់យកទៅបញ្ចុះនៅក្នុងរាជផ្នូរ ជាហេតុធ្វើឱ្យបញ្ហាទីតាំងផ្នូរបញ្ចុះសពអធិរាជម៉ុងហ្គោលអង្គនេះ នៅតែជាអាថ៌កំបាំងរាប់រយឆ្នាំរហូតដល់ពេលបច្ចុប្បន្ន ពោលគឺមិនទាន់រកឃើញចំណុចទីតាំងពិតប្រាកដនោះឡើយ។

នៅចុងរជ្ជកាលព្រះចៅអធិរាជសង់ស៉ីខាន់ (Genghis Khan) កងទ័ពចក្រពត្តិម៉ុងហ្គោលបានព្យាយាមវាយលុកតំបន់ភាគខាងលិចប្រទេសចិនបុរាណ ដែលមាននគរស៉ីសៀតាំងនៅ ប៉ុន្តែដោយសារអាកាសធាតុនៅតំបន់នោះកាន់តែក្ដៅខ្លាំងទៅៗ ធ្វើឱ្យកងទ័ពម៉ុងហ្គោលដែលធ្លាប់តែរស់នៅជាមួយអាកាសធាតុត្រជាក់ខ្លាំងនោះ ប្រែជាល្ហិតល្ហៃទ្រាំនឹងអាកាសធាតុក្ដៅលែងបាន។

ទោះបីជាយ៉ាងនេះក្ដី ក៏កងទ័ពឈ្លានពានដ៏ក្លាហានទាំងនោះ នៅតែបន្តច្បាំងជាមួយកងទ័ពស៉ីសៀរហូតទទួលបានជ័យជម្នះ និងកម្ទេចនគរភាគលិចមួយនេះចោលទាំងស្រុង។

ត្រង់ចំណុចនេះផងដែរក៏សូមជម្រាបថា ផែនដីប្រទេសចិនកាលណោះ ត្រូវបានបែកខ្ញែកជានគរធំៗចំនួន ៣ រួមមាន៖ នគរសុងនៅភាគខាងត្បូង (Song 960-1279) នគរស៉ីសៀនៅភាគខាងលិច (Western Xia 1038-1227) និងនគរជីងនៅភាគខាងជើង (Jin 1115-1234) ក្នុងនោះនគរស៉ីសៀបានដួលរលំមុនគេនៅចុងរជ្ជកាលព្រះចៅសង់ស៉ីខាន់ នាគ្រិស្ដសករាជ ១២២៧ ចំណែកឯនគរជីងវិញ ត្រូវរលំរលាយទាំងស្រុងនៅគ្រិស្ដសករាជ ១២៣៤ ក្នុងរជ្ជកាលព្រះចៅអគីដៃខាន់ (Ögedei Khan) ដែលឡើងសោយរាជ្យបន្ត និងជាព្រះរាជបុត្រទី៣របស់ព្រះចៅសង់ស៉ីខាន់។

ព្រះចៅអធិរាជស ង់ស៉ីខាន់ ក្រោយពេលទទួលបានជ័យជម្នះលើកងទ័ពស៉ីសៀទាំងត្រដរនោះរួចមក ព្រះអង្គក៏បានសោយទិវង្គតនៅថ្ងៃទី១៨ ខែសីហា គ្រិស្ដសករាជ ១២២៧។
យោងតាមប្រវត្តិសម្ងាត់របស់ម៉ុងហ្គោលបានឱ្យដឹងថា ក្នុងពេលធ្វើសង្គ្រាមជាមួយនគរស៉ីសៀនោះ ព្រះអង្គបានត្រូវនឹងព្រួញរបស់សត្រូវដែលមានជាតិពិសខ្លាំង បណ្ដាលឱ្យរងរបួសជាទម្ងន់។ កន្លងទៅជាច្រើនថ្ងៃ របួសរបស់ព្រះអង្គមិនមានការធូរស្បើយសោះឡើយ ខណៈព្រះជន្មរបស់ទ្រង់ក៏កាន់តែចាស់ជរាទ្រុឌទ្រោមថែមទៀត។ រហូតដល់ថ្ងៃមួយ ព្រះអង្គបានជិះសេះចេញបរបាញ់តាមទម្លាប់ធម្មតាជាមួយកងអង្គរក្ស និងព្រះរាជវង្សានុវង្សដទៃទៀត។ ក្នុងពេលកំពុងបរបាញ់នោះ ព្រះអង្គក៏ធ្លាក់ពីលើខ្នងសេះ បណ្ដាលឱ្យព្រះកាយរបស់ទ្រង់ធ្លាក់ក្នុងសភាពប្រឈួនធ្ងន់ធ្ងរ រហូតដល់សោយទិវង្គតក្នុងពេលនោះទៅ។

ការសោយទិវង្គតរបស់ព្រះអង្គត្រូវបានលាក់យ៉ាងសម្ងាត់បំផុត ដើម្បីកុំឱ្យកងទ័ពបាក់ទឹកចិត្ត ជ្រួលច្របល់ ឬអាចបង្កជាចលនាក្បត់កើតឡើង ពីព្រោះនៅក្នុងជួរកងទ័ពម៉ុងហ្គោលនេះ មានកងទ័ពចម្រុះជាតិសាសន៍មកពីនគរចំណុះផ្សេងគ្នា ដែលព្រះចៅអធិរាជសង់ស៉ីខាន់កេណ្ឌមកឱ្យជួយធ្វើសង្គ្រាមវាតទីទឹកដី។ ម្យ៉ាងទៀត មុនពេលសោយទិវង្គត ព្រះអង្គក៏បានចេញព្រះរាជឱង្ការឱ្យបញ្ចុះសពរបស់ទ្រង់ក្នុងភាពអាថ៌កំបាំងបំផុតផងដែរ។

អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះត្រង់ថា រាល់អ្នកដែលចូលរួមដង្ហែសពព្រះចៅអធិរាជសង់ស៉ីខាន់ សុទ្ធតែត្រូវគេសម្លាប់ចោលទាំងអស់ ដើម្បីកុំឱ្យអាថ៌កំបាំងអំពីរាជផ្នូរនេះបែកធ្លាយទៅខាងក្រៅ ដែលអាចឱ្យពួកបច្ចាមិត្តដឹង និងបំផ្លាញរាជផ្នូររបស់ទ្រង់ដោយប្រការណាមួយ។ ប៉ុន្តែគេមិនមានការបញ្ជាក់់ថា មនុស្សដែលត្រូវគេសម្លាប់នោះមានចំនួនប៉ុន្មាននាក់នោះឡើយ។

នាពេលក្រោយមកទៀត ទើបអ្នកបុរាណវិទ្យាបានទទួលព័ត៌មានមកថា បន្ទាប់ពីព្រះចៅសង់ស៉ីខាន់បានសោយទិវង្គតទៅ ព្រះសពរបស់ព្រះអង្គត្រូវបានដង្ហែនាំមកស្រុកកំណើតរបស់ព្រះអង្គវិញ គឺស្ថិតនៅខេត្ត Khentii (ជាប់ប្រទេសរុស្ស៉ីបច្ចុប្បន្ន) ដើម្បីបញ្ចុះនៅជិតទន្លេ Onon និងភ្នំ Burkhan Khaldun តែមិនដឹងចំណុចទីតាំងប្រាកដនោះឡើយ៕