(ភ្នំពេញ)៖ អតីតបេក្ខភាពប្រឡងក្នុងកម្មវិធី «X Factor Cambodia» កញ្ញា ចិន យ៉ាទី បច្ចុប្បន្នគឺជាតារាចម្រៀង មានប្រជាប្រិយភាពមួយដួង ក្នុងស្រទាប់យុវវ័យ ដែលកន្លងមកទស្សនិកជន តែងតែឃើញនាងច្រៀងបទ Cover ពីគេ ជាពិសសបទ «អាចរួមទុក្ខតែមិនអាចរួមសុខ»។ យ៉ាងណាមិញ បន្ទាប់ពីចូលប្រឡូងក្នុងវិស័យចម្រៀងនេះ អស់រយៈពេលជិត៥ឆ្នាំ ពេលនេះ ចិន យ៉ាទី បានសម្រេចក្តីស្រមៃ បានបញ្ចេញចម្រៀង Original ផ្ទាល់ខ្លួន១បទ ក្រោមចំណងជើងថា «កុំចាកចេញ»។

តាមរយៈការបញ្ចេញចម្រៀងថ្មីផ្ទាល់ខ្លួន ជាលើកដំបូងនេះ តារាចម្រៀងស្រី ចិន យ៉ាទី បានថ្លែងប្រាប់ Fresh News Plus នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២០ ថា «ខ្ញុំចូលសិល្បៈបានប្រាំឆ្នាំហើយ..! ខ្ញុំពីមុនធ្លាប់ចេញបទ Cover ជាពិសេសបទ «អាចរួមទុក្ខតែមិនអាចរួមសុខ» បន្ទាប់​មកខ្ញុំបានចូលប្រឡងក្នុងកម្មវិធីមួយគឺ «Xfactor Cambodia» នៅក្នុងខែឧសភា២០១៩ ហើយបទ «កុំចាកចេញ» នេះក៏បទចម្រៀង Original song ដំបូងបង្អស់សរសេដោយអ្នកនិពន្ធ​ ខេង គីនខា»

គួរជម្រាបថា កញ្ញា ចិន យ៉ាទី បច្ចុប្បន្នគឺជាតារាច្រៀងមួយរូប ដែលពេញនិយមខ្លាំង​សម្រាប់យុវវ័យ។ បន្ទាប់ពីលើកតែចម្រៀងរបស់រៀមច្បងមកច្រៀង Cover ដែលពេលនេះបានសម្រេចក្តីស្រមៃមួយជំហាន បានចេញចម្រៀងផ្ទាល់ខ្លួនជាប្រភេទបទ Original Song។ តារាស្រីសាច់សខ្ចីដូចបណ្ដូរចេករូបនេះបានបញ្ជាក់ថា បន្ទាប់ពីចេញចម្រៀងថ្មីខាងលើនេះ នាងកំពុងត្រៀមចេញចម្រៀង​មួយចំនួនបន្ថែមទៀត ជាប្រភេទមនោសញ្ចេតនាស្នេហាកម្សត់។

យ៉ាទី បង្ហើបថា ក្រៅពីមានអាជីពផ្នែកចម្រៀង នាងក៏អាចសម្ដែងភាពយន្តបានដែរ ព្រោះកាលពីកុមារភាព នាងធ្លាប់សម្ដែង រឿងជាមួយនាយ ក្រឹម រឿង «នាងលាប នាងព្រលឹត»។ បច្ចុប្បន្នមានផលិតកម្មជាច្រើន ទាក់ទងនាងឲ្យចូលរួមសម្ដែង ប៉ុន្តែមិនទាន់ទទួល ព្រោះកំពុងមមាញឹកនឹងការបញ្ចេញចម្រៀងផ្ទាល់ខ្លួន ដែលពេលរួចរាល់ នាងនឹងទទួលសម្ដែងតែម្ដង៕