(ភ្នំពេញ)៖ ពិជាគួរឲ្យសោកស្ដាយ នៅពេលទទួលដំណឹងថា ម្ដាយបង្កើតអ្នកដឹកនាំកម្មវិធី និងជាតារាសម្ដែងដ៏ល្បី លោក ចា រិទ្ធី បានទទួលមរណភាពហើយ នៅព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០នេះ ដោយសារជំងឺគាំងបេះដូង ធ្វើឲ្យញាតិមិត្តជិតឆ្ងាយ ក៏ដូចជាអ្នកសិល្បៈសម្ដែងក្ដីក្ដុកក្ដួល និងចូលរួមរំលែកទុក្ខគ្រប់ៗគ្នា។

លោក ហេង ឡុង ប្រធានសមាគមមិត្តអ្នកសិល្បៈស្ម័គ្រចិត្តជួយសង្គម បានថ្លែងប្រាប់ Fresh News Plus នៅព្រឹកថ្ងៃនេះថា ម្ដាយរបស់លោក ចា រិទ្ធី ពិតជាបានទទួលមរណភាពមែន នៅព្រឹកមិញនេះ ដោយសារជំងឺគាំងបេះដូង ក្នុងជន្មាយុជាង ៨០ឆ្នាំ ខណៈ សព កំពុងតម្កល់ធ្វើបុណ្យនៅគេដ្ឋានរបស់លោក ចា រិទ្ធី ផ្ទាល់ ស្ថិតនៅក្នុងបុរី ជីប ម៉ុង តាមបណ្ដោយផ្លូវ ជា សុផារ៉ា ក្នុងខណ្ឌឫស្សីកែវ។

លោក ចា រិទ្ធី បានសរសេរសារភ្ជាប់ជាមួយនឹងរូបថតឲ្យសពម្ដាយ នៅក្នុងមន្ទីរពេទ្យថា «ម៉ែ ជា ទី ស្រឡាញ់ របស់ កូន ពេល នេះ ម៉ែ ទៅ ចោល កូន ជា រៀង រហូត ហើយ!» ដែលនេះជាសារ ក៏ដូចជាដំណឹងដ៏សោកសៅមួយបង្ហាញថា អ្នកម្ដាយរបស់លោក បានលាចាកលោក ទៅចោលកូនចៅគ្មានថ្ងៃត្រឡប់វិញឡើយ។

ដំណឹងទទួលមរណភាពរបស់ម្តាយលោក ចា រិទ្ធី នៅពេលនេះ គឺបានបង្កភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់បណ្តាមិត្តសិល្បៈរួមអាជីព និងអ្នកគាំទ្ររបស់លោក។ ជាពិសេសអ្នកសិល្បៈជាច្រើន បានបង្ហោះសារចូលរួមរំលែកទុក្ខជាបន្តបន្ទាប់ ដល់ក្រុមគ្រួសារលោកផងដែរ។

Fresh News Plus សូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារលោក ចា រិទ្ធី និងសូមឲ្យវិញ្ញាណក្ខន្ធ អ្នកម្តាយរបស់លោក បានទៅកាន់សុខគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕