(អាមេរិក)៖ នៅពេលដែលពិភពលោកចាប់ផ្តើមស្ទុះឡើងនូវជំងឺកូវីដ-១៩ កម្មវិធី Video Call ដែលមានឈ្មោះថា Zoom ក៏បានផ្ទះឡើងនូវការប្រើប្រាស់ និងគាំទ្រ រហូតជំរុញឱ្យទទួលបានប្រាក់ចំណូលខ្ពស់បំផុត។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ បានឲ្យដឹងថា នៅត្រីមាសទី២ ឆ្នាំនេះ ប្រាក់ចំណូលរបស់ Zoom កើនឡើងជិត ៤០០ភាគរយ បើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

នៅក្នុងរយៈពេល ៣ខែចុងក្រោយនេះ Zoom ទទួលបានប្រាក់ចំណូលរហូតជាង ៦៦៣លានដុល្លារ កើនឡើង ៣៥៥ភាគរយ បើធៀបឆ្នាំមុន ខណៈដែលក្រុមអ្នកវិភាគបានប៉ាន់ស្មានថា ទទួលបានត្រឹមតែ ៥០០លានដុល្លារអាមេរិកប៉ុណ្ណោះ។

ក្រោយពីក្រុមហ៊ុន Zoom ប្រកាសបង្ហាញពីការកើនឡើងនូវប្រាក់ចំណូលត្រីមាសទីពីរ តម្លៃភាគហ៊ុនរបស់ Zoom ក៏បានហក់ឡើងភ្លាមៗផងដែរ ដោយថ្ងៃអង្គារម្សិលមិញនេះ បានកើនឡើងដល់ ៤៧៨ដុល្លារអាមេរិកក្នុងមួយហ៊ុន ដោយកើនឡើង ៤៧ភាគរយ។ នៅបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០។

គួរបញ្ជាក់ផងដែរថា ត្បិតតែ Zoom ទទួលបានការគាំទ្រ និងពេញនិយមក្ដី ប៉ុន្តែក៏មានការរិះគន់ច្រើនផងដែរពាក់ព័ន្ធនឹងប្រព័ន្ធសុវត្ថិភាព ហើយខាងក្រុមហ៊ុនក៏បានប្រកាសនឹងពង្រឹងផ្នែកសុវត្ថិភាពបន្ថែមទៀត៕