(ភ្នំពេញ)៖ បន្ទាប់ពីអស់ឱកាសប្រជែងជើងឯកលីគកំពូលកម្ពុជា ដោយបញ្ចប់ត្រឹមលេខរៀងទី៧ ក្នុងជើងទី១ នៃលីគកំពូលកម្ពុជា ថ្នាក់ដឹកនាំក្រុមអង្គរថាយហ្គឺរ បានប្ដេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការរក្សាចំណាត់ថ្នាក់លេខ៧នេះរហូតដល់ចប់រដូវកាល។

លោក អ៊ុំ ករុណ លេខាធិការក្លិបមានមូលដ្ឋាននៅខេត្តសៀមរាបនេះបញ្ជាក់ថា ក្លិបមានការសោកស្ដាយជាខ្លាំង ចំពោះការធ្វើមិនបានល្អក្នុងលីគសម្រាប់រដូវកាលឆ្នាំ២០២០។ ប៉ុន្ដែចំពោះមុខ ថ្នាក់ដឹកនាំ គ្រូបង្វឹក និងកីឡាករបានប្ដេជ្ញាចិត្តខ្ពស់ ក្នុងការប្រកួតជុំទី២ សម្រាប់ក្រុមឈរលេខ៧ ដល់លេខ១៣ ដើម្បីប្រជែងចំណាត់ថ្នាក់ល្អ ក្នុងនោះអង្គរថាយហ្គឺរ បានប្ដេជ្ញាដាច់ខាតត្រូវដណ្ដើមចំណាត់ថ្នាក់លេខ៧ ឲ្យបាន។

គួរដឹងថា អង្គរថាយហ្គឺរ មិនត្រឹមតែរបូតកៅអី Top-6 ក្នុងការប្រជែងពានលីគនោះទេ សូម្បីក្នុងពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ថ្នាក់ជាតិ លើកទី១៤ ក៏ពួកគេធ្លាក់ត្រឹមវគ្គជម្រុះ ១៦ក្រុមចុងក្រោយដែរ បន្ទាប់ពីប្រកួតចាញ់ក្រុមជម្រើសខេត្តព្រៃវែង ដោយលទ្ធផល ២ជើង ៥-៤។

ចំពោះការប្រកួតជុំទី២ នៃលីគកំពូលកម្ពុជាវិញ នឹងចាប់ផ្ដើមការប្រកួតនាចុងសប្ដាហ៍ហើយ ដោយក្រុមអង្គរថាយហ្គឺរ ត្រូវជួបក្រុមនគរបាលជាតិមុនគេ នាថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២០ នេះ នៅកីឡដ្ឋាន SRU ខេត្តសៀមរាប គ្រាដែលកាលពីជើងទី១ អង្គរថាយហ្គឺរ បានយកឈ្នះក្រៅដី ដោយលទ្ធផល ៤-២៕