(ក្រុងឡុងដ៍)៖ ក្លិបបាល់ទាត់កាំភ្លើងធំ Arsenal បានបញ្ចប់ការចុះហត្ថលេខាលើខ្សែការពារប្រេស៊ីល Gabriel Magalhaes ពីក្លិបបារាំង Lille ក្នុងតម្លៃ ២៦លានអឺរ៉ូ (២៣.១៤លានផោន)។

កីឡាករវ័យ ២២ឆ្នាំដែលជាខ្សែការពារស្លាបឆ្វេងរូបនេះបានបង្ហាញខ្លួន ៣៤លើកនៅក្នុងការប្រកួតទាំងអស់សម្រាប់ក្រុម Lille កាលពីរដូវកាលមុន ខណៈដែលពួកគេបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៤ នៅ Ligue 1។

Gabriel បានចូលរួមជាមួយក្រុមដែលស្ថិតនៅទីក្រុងឡុងដ៍ក្រោមកិច្ចសន្យារយៈពេលវែង។

លោក Edu ប្រធានបច្ចេកទេសរបស់ក្រុម Arsenal បានថ្លែងប្រាប់ BBC ថា Gabriel គឺជាកីឡាករដែលយើងបានសិក្សាអស់មួយរយៈ ហើយគាត់ក៏ត្រូវបានក្លិបជាច្រេីនទាក់ទងផងដែរ។

Gabriel គឺជាកីឡាករដែលមានគុណភាពខ្ពស់ និង Mikel Arteta ដែលជាគ្រូបង្វឹករុំនោះក៏បានកំពុងទន្ទឹងរង់ចាំដើម្បីបញ្ចូលគាត់ទៅក្នុងក្រុមដូចគ្នា។

លោក Mikel Arteta បាននិយាយថា យើងស្វាគមន៍ Gabriel មកកាន់ទឹកដី Arsenal។ គាត់មានគុណសម្បត្តិជាច្រើនដែលនឹងធ្វើឲ្យយើងរឹងមាំនៅតំបន់ការពារ និងជាក្រុមល្អមួយ៕