(ពិភពលោក)៖ លោក ស៉ី ជីនពីង (Xi Jinping) គឺជាមេដឹកនាំកំពូលគណបក្សកុម្មុយនីស្តចិន និងជាប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន ដែលបាននិងកំពុងដឹកនាំប្រទេសនេះ ឲ្យក្លាយជាមហាអំណាចសេដ្ឋកិច្ច យ៉ាងល្បីល្បាញពេញពិភពលោកនេះ។ កាលពីឆ្នាំ២០១៨ ទស្សនាវដ្តី Forbes បានចាត់ថ្នាក់មេដឹកនាំកំពូលចិនរូបនេះ ជាមនុស្សមានអំណាច និងឥទ្ធិពលខ្លាំងជាងគេបំផុតលើពិភពលោក ទម្លាក់លោក វ្ល៉ាឌឺមៀរ ពូទីន ដែលធ្លាប់ជាប់ឈ្មោះជាមនុស្សមានឥទ្ធិពលខ្លាំងបំផុត ៥ឆ្នាំជាប់ៗគ្នា។

តើលោកអ្នកធ្លាប់ស្គាល់ប្រវត្តិលោក ស៉ី ជិនពីង ដែរឬទេ? មុនក្លាយជាប្រមុខរដ្ឋចិន លោកមានប្រវត្តិជូរចត់មិនធម្មតានោះឡើយ។ Fresh News Plus សូមចែករំលែកចំណេះដឹងទូទៅ ស្តីពីប្រវត្តិសង្ខេបរបស់បុរសខ្លាំងចិនរូបនេះ ដូចខាងក្រោម។

* អំពីកុមារភាព និងការសិក្សា
លោក ស៉ី ជិនពីង បានកើតនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៥៣ នៅរដ្ឋធានីប៉េកាំង គឺជាមនុស្សដែលមានជោគវាសនាល្អ ដោយបានកើតក្នុងត្រកូលអ្នកមានតួនាទីសំខាន់ នៅក្នុងជួរថ្នាក់គណបក្សកុម្មុនីស្តចិន។ ឪពុកគាត់ គឺលោក Xi Zhongxun គឺជាអតីតសមមិត្តរបស់លោកប្រធាន ម៉ៅ សេទុង ដែលជាបិតាស្ថាបនិកគណបក្សនេះឡើង។

ឪពុកគាត់បានកាន់កាប់តំណែងសំខាន់ៗដូចជា ប្រធានផ្នែកឃោសនាការ ឧបនាយករដ្ឋមន្ត្រី និងអនុប្រធានសមាជជាតិប្រជាជន (អនុប្រធានសភា) ទៀតផង។ ស៉ី គឺជាកូនប្រុសទី២ ដែលមានម្តាយឈ្មោះ Qi Xin។ យ៉ាងណាក៏ដោយ វាសនារបស់អនាគតមេដឹកនាំកំពូលចិនរូបនេះ បានធ្លាក់ចុះយ៉ាងគំហុកគួរឲ្យអាណិតអាសូរ បន្ទាប់ពីលោក ម៉ៅ សេទុង ដាក់ចេញគោលនយោបាយ «បដិវត្តន៍វប្បធម៌» នៅទសវត្សឆ្នាំ៦០។

នៅឆ្នាំ១៩៦៣ នៅពេលដែល ស៉ី មានអាយុ១០ឆ្នាំ ឪពុករបស់លោកត្រូវបានគេកម្ចាត់ចេញពីគណបក្ស ហើយត្រូវបានបញ្ជូនទៅធ្វើការនៅរោងចក្រមួយ នៅក្នុងតំបន់ឡួយ៉ាង ខេត្តហឺណាន។ នៅខែឧសភា ឆ្នាំ១៩៦៦ ការអប់រំថ្នាក់អនុវិទ្យាល័យរបស់លោក ត្រូវបានកាត់បន្ថយខ្លីដោយសារបដិវត្តន៍វប្បធម៌ នៅពេលដែលគ្រប់ថ្នាក់វិទ្យាល័យទាំងអស់ត្រូវបានផ្អាក ដើម្បីឲ្យនិស្សិតរិះគន់ និងវាយតម្លៃគ្រូបង្រៀនរបស់ពួកគេ។

ផ្ទះរបស់គ្រួសារ ស៉ី ជិនពីង ត្រូវបានបំផ្លិចបំផ្លាញដោយពួកយុទ្ធជនសិស្ស ហើយបងស្រីរបស់គាត់ឈ្មោះ Xi Heping ក៏ត្រូវបានគេសម្លាប់ផងដែរ។ ក្រោយមក ម្ដាយរបស់គាត់ ត្រូវបានបង្ខំឲ្យផ្តន្ទាទោសជាសាធារណៈ ខណៈដែលលោកត្រូវបានបណ្ដើរនៅពីមុខហ្វូងមនុស្ស ដែលចាត់ទុកជាសត្រូវរបស់បដិវត្តន៍។

លោក ស៉ី ជិនពីង មានអាយុ១៨ឆ្នាំ នៅពេលដែលឪពុករបស់គាត់ ត្រូវបានគេចាប់ដាក់គុកក្នុងឆ្នាំ១៩៦៨ ក្នុងបដិវត្តន៍វប្បធម៌។ លោក ស៉ី មិនដែលបានជួបមុខឪពុកម្ដងទៀតឡើយ រហូតដល់ឆ្នាំ១៩៧២។ ដោយគ្មានការការពារពីឪពុក លោកស៉ី ត្រូវបានគេបញ្ជូនឲ្យទៅធ្វើការនៅភូមិលាងជាហេ ខេត្តសានស៉ី ក្នុងឆ្នាំ១៩៦៩ នៅក្នុងចលនាកែនយុវជនទៅជនបទ របស់ម៉ៅសេទុង។

ប៉ុន្មានខែក្រោយមក ដោយមិនអាចទ្រាំទឹងជីវិតរស់នៅជនបទបាន ស៉ី បានរត់គេចខ្លួនទៅប៉េកាំង។ លោកត្រូវបានគេចាប់ខ្លួន ក្នុងយុទ្ធថាការកម្ចាត់អ្នករត់គេចចេញពីទីជនបទ ហើយត្រូវបានបញ្ជូនទៅជំរុំការងារមួយ ដើម្បីជីករណ្ដៅ។ ក្រោយមក លោកបានក្លាយជាលេខាសាខាបក្សរបស់ក្រុមបង្កបង្កើនផល ហើយបានឈប់ពីតួនាទីនេះ នៅឆ្នាំ១៩៧៥។

ក្នុងកិច្ចសម្ភាសជាមួយទូរទស្សន៍រដ្ឋចិន Global Times កន្លងមក ដោយឆ្លើយនឹងសំណួររំលឹកពីបទពិសោធជីវិតមួយនេះ ស៉ី ជិនពីង បានរំលឹកថា «ពិតជាប៉ះពាល់ដល់ផ្លូវអារម្មណ៍ខ្លាំងណាស់។ នៅពេលដែលឧត្តមគតិ នៃបដិវត្តន៍វប្បធម៌គ្មានទរណាម្នាក់អាចយល់បាន នោះវាបានបញ្ជាក់ថា មនុស្សមានគំនិតភាន់ច្រឡំហើយ»។

ចាប់ពីឆ្នាំ១៩៧៥ ដល់១៩៧៩ លោក ស៉ី ជិនពីង បានសិក្សាផ្នែកវិស្វកម្មគីមី នៅសាកលវិទ្យាល័យស៉ីងហួដ៏ល្បីល្បាញ ក្នុងរដ្ឋធានីប៉េកាំង ក្នុងនាមជានិស្សិត «កម្មករ កសិករ និងទាហាន»។ អ្នកដែលសិក្សាជំនាញវិស្វកម្ម ចំណាយពេលមួយភាគប្រាំ នៃពេលវេលាសិក្សារបស់ពួកគេ ដើម្បីរៀនសូត្រទ្រឹស្ដីម៉ាក្សលេនីន ទ្រឹស្ដីម៉ៅសេទុង ធ្វើការងារកសិកម្ម និងរៀនសូត្រពីកងទ័ពរំដោះប្រជាជន។

ចាប់ពីឆ្នាំ១៩៧៩ ដល់១៩៨២ ស៉ី ជិនពីង បានបម្រើការជាលេខាផ្ទាល់របស់អតីតមនុស្ស ក្រោមបង្គាប់របស់ឪពុករបស់លោក ឈ្មោះ Geng Bao ដែលនៅពេលនោះ ជាឧបនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការយោធាមជ្ឈិម។ ពេលវេលានោះហើយ ដែលធ្វើឲ្យលោក ទទួលបទពិសោធន៍ការងារពាក់ព័ន្ធនឹងយោធាខ្លះៗ។

ក្នុងឆ្នាំ១៩៨៥ លោក ស៉ី ជិនពីង បានជាប់ឈ្មោះទៅរៀននៅសហរដ្ឋអាម៉េរិក។ ក្នុងចំណោមគណៈប្រតិភូចិន ដែលត្រូវទៅសិក្សាផ្នែកកសិកម្ម នៅសហរដ្ឋអាម៉េរិក លោកបានស្នាក់នៅក្នុងផ្ទះរបស់គ្រួសារអាម៉េរិកមួយ នៅទីក្រុងម៉ាស់កាទីន រដ្ឋអាយអូរ៉ា។

ចាប់ពីឆ្នាំ១៩៩៨ ដល់ឆ្នាំ២០០២ លោកបានសិក្សាពីទស្សនវិជ្ជា ម៉ាក្សនិយម និងការអប់រំមនោគមវិជ្ជាម្ដងទៀត ក្នុងកម្មវិធីក្រោយថ្នាក់ឧត្តម «ដោយអនុវត្តការងារផ្ទាល់» ផ្នែកមហាវិទ្យាល័យមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម នៅសាកលវិទ្យាល័យស៉ីងហួ និងបានទទួលសញ្ញាបត្របណ្ឌិតច្បាប់ ជាសញ្ញាបត្រគ្របដណ្តប់វិស័យច្បាប់ នយោបាយ ការគ្រប់គ្រង និងប្រវត្តិសាស្ត្របដិវត្តន៍។

* ដំណើរឆ្ពោះទៅរកការកាន់តំណែងធំៗ
ស៉ី ជិនពីង បានចូលរួមក្នុងសម្ព័ន្ធយុវជនកុម្មុយនីស្តចិន ក្នុងឆ្នាំ១៩៧១ ហើយបានដាក់ពាក្យសុំចូលបក្សកុម្មុយនីស្ដចិន ១០ដង មុនគេយល់ព្រមទទួលយកនៅឆ្នាំ១៩៧៤។ នៅឆ្នាំ១៩៨២ លោកត្រូវបានគេបញ្ជូនទៅស្រុកចុងទីង នៅហឺប៉ី ដោយធ្វើការជាអនុលេខាបក្ស។ មួយឆ្នាំក្រោយមក លោកត្រូវបានដំឡើងឋានៈជាលេខាបក្ស ក្លាយជាមន្ត្រីកំពូលប្រចាំស្រុកនេះ។

ក្រោយមកទៀត លោកស៉ី ជិនជីង បានផ្លាស់ប្តូរទៅបម្រើការនៅខេត្តចំនួន៤ផ្សេងៗ ក្នុងអំឡុងពេលកាន់អាជីពនយោបាយថ្នាក់តំបន់របស់គាត់ គឺខេត្តហឺប៉ី (១៩៨២ ដល់១៩៨៥) ខេត្តហ្វូជាន (១៩៨៥ ដល់ ២០០២) ខេត្តស៉ីសាំង (ឆ្នាំ២០០២ ដល់២០០៧) និងក្រុងសៀងហៃ (ឆ្នាំ២០០៧) ។ លោកស៉ី បានធ្វើការនៅក្នុងគណៈកម្មាធិការបក្ស ក្រុងហ្វូស៊ូ ខេត្តហ្វូជាន ហើយបានក្លាយជានាយកសាកលវិទ្យាល័យបក្ស (Party School) ក្រុងហ្វូស៊ូ ក្នុងឆ្នាំ១៩៩០។

នៅឆ្នាំ១៩៩៧ លោកស៉ី ជិនពីង ត្រូវបានគេដាក់បញ្ចូលទៅក្នុងសមាជិកបម្រុង សម្រាប់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ដចិន លើកទី១៥។ ទោះបីជាយ៉ាងណាក៏ដោយ ក្នុងចំណោមសមាជិកបម្រុង ១៥១រូប ដែលបានជាប់ឆ្នោតនៅសមាជបក្សលើកទី១៥ លោកស៉ី បានទទួលសំឡេងឆ្នោតគាំទ្រតិចជាងគេបំផុត។ លោកបានស្ថិតនៅកន្លែង ចុងក្រោយគេបង្អស់ក្នុងលំដាប់ នៃសមាជិកទាំងអស់ ទំនងដោយសារតែឋានៈរបស់លោក ជាមេដឹកនាំដែលមិនសូវសំខាន់។

នៅឆ្នាំ១៩៩៩ លោកត្រូវបានដំឡើងឋានៈ ជាអភិបាលរងខេត្តហ្វូជាន ហើយក្រោយមកលោកបានក្លាយជាអភិបាលខេត្ត។ ក្នុងខេត្តហ្វូជាន លោកស៉ី បានប្រឹងប្រែងទាក់ទាញការវិនិយោគពីតៃវ៉ាន់ ពង្រឹងវិស័យសេដ្ឋកិច្ចឯកជននៅក្នុងខេត្តផងដែរ។ នៅខែកុម្ភៈ ឆ្នាំ២០០០ លោក និងលេខាបក្សថ្នាក់ខេត្តនៅពេលនោះ គឺ Chen Mingyi ត្រូវបានគេហៅឲ្យមកពន្យល់ នៅមុខសមាជិកកំពូលៗទាំង ១០រូប នៃគណៈកម្មាធិការអចិន្ត្រៃយ៍ នៃការិយាល័យនយោបាយ នៃបក្សកុម្មុយនីស្ដចិន ដែលពេលនោះមានអគ្គលេខាធិការបក្ស ចាង ហ្សេមីន នាយករដ្ឋមន្ត្រី ស៊ូ រុងជី អនុប្រធានាធិបតី ហូ ជីនតាវ និងលេខាធិការផ្នែកវិន័យ Wei Jianxing អំពីរឿងអាស្រូវពុករលួយរបស់ Lai Changxing។

ក្នុងឆ្នាំ២០០២ លោកស៉ី ជិនពីង បានចាកចេញពីខេត្តហ្វូជាន និងបានកាន់តំណែងនយោបាយនាំមុខគេជាច្រើន នៅក្នុងខេត្តជិតខាងស៉ីជាំង។ នៅទីបំផុត លោកបានឡើងកាន់តំណែង ជាប្រធានគណបក្សខេត្ត បន្ទាប់ពីបម្រើការជាអភិបាលស្ដីទី អស់រយៈពេលជាច្រើនខែមក ដោយកាន់កាប់តំណែងថ្នាក់ខេត្តដ៏កំពូលមួយ ជាលើកដំបូងក្នុងអាជីពរបស់ខ្លួន។

ក្រោយមកទៀត ក្នុងឆ្នាំ២០០២ លោកស៉ី ជិនពីង បានជាប់ឆ្នោតជាសមាជិកពេញសិទ្ធិ នៃគណៈកម្មាធិការមជ្ឈិម លើកទី១៦ ដែលជាការកត់សម្គាល់ពីការឡើងទៅកាន់អំណាច ថ្នាក់ជាតិរបស់លោក។ ពេលគ្រប់គ្រងនៅខេត្តស៉ីជាំង លោកស៉ី ត្រូវបានគេរាយការណ៍ថា បានធ្វើឲ្យខេត្តនេះ មានកំណើនសេដ្ឋកិច្ច១៤% ឯណោះ ក្នុងមួយឆ្នាំ។ ការងាររបស់ ស៉ី នៅខេត្តស៉ីជាំង ត្រូវបានគេមើលឃើញពីជំហរ ដ៏រឹងមាំរបស់គាត់ ប្រឆាំងនឹងមន្ត្រីពុករលួយ ដែលបានធ្វើឲ្យគាត់មានឈ្មោះល្បីល្បាញ លើប្រព័ន្ធផ្សព្វផ្សាយជាតិ និងបានទាក់ទាញចំណាប់អារម្មណ៍ ពីមេដឹកនាំកំពូលៗរបស់ចិនផងដែរ។

លោក ស៉ី ជិនពីង ត្រូវបានផ្ទេរទៅជំនួសតំណែងបណ្តោះអាសន្ន ជាប្រធានបក្សនៅក្រុងសៀងហៅ នាខែមិនា ឆ្នាំ២០០៧ បន្ទាប់ពីការបណ្តេញចេញអតីតប្រធាន លោក Chen Liangyu នៅខែកញ្ញា ឆ្នាំ២០០៦ ដោយសារតែរឿងអាស្រូវពុករលួយ។ ត្រឹមតែរយៈពេល ៧ខែប៉ុណ្ណោះ លោកត្រូវបានគេតែងតាំង ជាប្រធានបក្សពេញសិទ្ធិប្រចាំតំបន់ដ៏សំខាន់បំផុតមួយ របស់ប្រទេសចិន ហើយនេះជាសញ្ញាមួយបញ្ជាក់យ៉ាងច្បាស់ថា គាត់ត្រូវបានមេដឹកនាំកំពូលរបស់ចិន យកចិត្តទុកដាក់យ៉ាងខ្លាំង។

នៅទីក្រុងសៀងហៃ លោក ស៉ី ជិនពីង បានព្យាយាមគេចចេញពីភាពចម្រូងចម្រាស ហើយត្រូវបានគេស្គាល់ថាជាអ្នក គោរពវិន័យបក្សបានខ្ជាប់ខ្ជួន។ ជាក់ស្តែង អភិបាលក្រុងសៀងហៃ បានព្យាយាមយកចិត្តយកថ្លើម លោកស៉ី ដោយរៀបចំរថភ្លើងពិសេសដឹករូបលោក ពីទីក្រុងសៀងហៃទៅក្រុងហ័រស៊ូ ប៉ុន្តែគាត់បានបដិសេធភ្លាមៗ មិនជិះរថភ្លើងនោះទេ ដោយលើកឡើងពីបទបញ្ជាផ្ទៃក្នុងគណបក្ស ដែលបានចែងថា រថភ្លើងពិសេសអាចប្រើប្រាស់សម្រាប់តែ «មេដឹកនាំថ្នាក់ជាតិ» ប៉ុណ្ណោះ។

នៅសៀងហៃ លោក ស៉ី ជិនពីង បានខិតខំធ្វើឲ្យមានសាមគ្គីភាពក្នុងបក្ស ហើយបានសន្យាថា នឹងមិនមានការរុះរើមនុស្ស ក្នុងរដ្ឋបាលរបស់គាត់ឡើយ បើទោះបីជាមន្ត្រីមូលដ្ឋានជាច្រើនត្រូវបានគេគិតថា បានជាប់ពាក់ព័ន្ធក្នុងរឿងអាស្រូវអំពើពុករលួយ របស់លោក Chen Liangyu ក្តី។

* ក្នុងភាពជាសមាជិក Politburo Standing Committee
លោក ស៉ី ជិនពីង ត្រូវបានតែងតាំងជាសមាជិកម្នាក់ក្នុងចំណោមសមាជិកទាំង៩ នៃគណៈកម្មាធិការអចិន្ត្រៃយ៍ នៃគណបក្សកុម្មុយនីស្ដចិន ក្នុងសមាជបក្សលើកទី១៧ នៅខែតុលា ឆ្នាំ២០០៧។ លោក ស៉ី មានឋានៈខ្ពស់ជាង លោក លី ខឺឈាង (Li Keqiang) ដែលជាការចង្អុលបង្ហាញថា លោកនឹងអាចស្នងតំណែងលោកប្រធានាធិបតី ហូ ជីនតាវ។

លើសពីនេះទៀត ស៉ី ក៏បានកាន់កាប់តំណែងសមាជិកភាពជាន់ខ្ពស់ នៃលេខាធិការដ្ឋានមជ្ឈិមបក្សកុម្មុយនីស្ដផងដែរ។ ការសន្មតនេះកាន់តែច្បាស់ឡើង ក្នុងសមាជជាតិប្រជាជនលើកទី១១ នៅខែមីនា ឆ្នាំ២០០៨ នៅពេលដែលលោកស៉ី ត្រូវបានជាប់ឆ្នោតជាអនុប្រធានាធិបតី សាធារណរដ្ឋប្រជាមាខិតចិន ក្នុងរដ្ឋបាលលោកហូ ជីនតាវ។

ក្រោយទទួលបានតំណែងនេះ លោកស៉ី ជិនពីង បានកាន់កាប់មុខតំណែងជាច្រើន។ លោកត្រូវបានគេចាត់ឲ្យទទួលខុសត្រូវ ចំពោះការរៀបចំដ៏ធំមួយ ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក នារដូវក្ដៅឆ្នាំ២០០៨ នៅរដ្ឋធានីប៉េកាំង និងតួនាទីក្នុងរដ្ឋាភិបាលមជ្ឈិម ទទួលបន្ទុកកិច្ចការហុងកុង និងម៉ាកាវ។

លើសពីនេះទៀត លោកក៏បានក្លាយជានាយក នៃសាកលវិទ្យាល័យគណបក្សមជ្ឈិម ដែលជាស្ថាប័នកំពូលផ្នែកអប់រំមនោគមវិជ្ជា និងហ្វឹកហ្វឺនកម្មាភិបាល បក្សកុម្មុយនីស្ដ។ ស៉ី ជិនពីង ត្រូវបានគេចាត់ទុកថាជា «រាជបុត្ររបស់បក្ស» ដែលគេសំដៅដល់ក្រុមអ្នកនយោបាយ ដែលជាកូនចៅអ្នកបដិវត្តចិនដំបូងគេ។

លោកធ្លាប់និយាយថា «ខ្ញុំនឹងដាក់គាត់ចូលក្នុងប្រភេទមនុស្សថ្នាក់ លោក ណែលសុន ម៉ាន់ដេឡា។ ជាមនុស្សម្នាក់ដែលមានភាពនឹងនរផ្លូវអារម្មណ៍ដ៏ធំធេង ដែលមិនអនុញ្ញាត ឲ្យរឿងរ៉ាវអភ័ព្វ ឬទុក្ខវេទនាផ្ទាល់ខ្លួន ប៉ះពាល់ដល់ការវិនិច្ឆ័យរបស់គាត់ឡើយ។ ម្យ៉ាងវិញទៀត គាត់ពិតជាគួរឲ្យចាប់អារម្មណ៍ខ្លាំងណាស់»។

* អំពីការក្លាយជាមេដឹកនាំកំពូលចិន

នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១២ ស៉ី ជីនពីង ត្រូវបានជ្រើសតាំងជាអគ្គលេខាបក្សកុម្មុយនីស្ដចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិម ដោយសមាជបក្សលើកទី១៨។ លោក ស៉ី បានក្លាយជាមេដឹកនាំកំពូលក្រៅផ្លូវការ និងជាមេដឹកនាំកំពូលដំបូងគេក្នុងប្រវត្តិសាស្ត្រចិន ដែលកើតក្នុងរបបសាធារណរដ្ឋប្រជាមានិតចិន។

នៅថ្ងៃបន្ទាប់ ស៉ី ជិនពីង បានដឹកនាំ និងបង្ហាញមុខសមាជិកថ្មី នៃគណៈកម្មាធិការអចិន្ត្រៃយ៍ នៃការិយាល័យនយោបាយ ទៅលើឆាកដើម្បីបង្ហាញខ្លួនជាសាធារណៈជាលើកដំបូង របស់ពួកគេ។ គណៈកម្មាធិការអចិន្ត្រៃយ៍ថ្មី បានកាត់បន្ថយពីចំនួន៩រូប មកត្រឹម៧រូប ដោយមានតែលោកស៉ី និងលោក លី ខឺឈាង ប៉ុណ្ណោះ ដែលជាសមាជិកចាស់ ដែលក្រៅពីនោះសុទ្ធតែជាសមាជិកថ្មីទាំងអស់។ ចំពោះសុន្ទរកថាលើកដំបូងរបស់លោកស៉ី ក្នុងនាមជាអគ្គលេខាធិការវិញ គឺខុសប្លែកពីទម្លាប់មេដឹកនាំមុនៗ ដោយលើកនេះមានលក្ខណៈសាមញ្ញៗ ហើយមិនបានបញ្ចូលពាក្យស្លោកនយោបាយណាមួយ ឬលើកឡើងពីមេដឹកនាំមុនៗនោះទេ។

លោកស៉ី បានលើកឡើងពីបំណងប្រាថ្នារបស់មនុស្សសាមញ្ញ ដោយថ្លែងថា «ប្រជាជនរបស់យើង ... រំពឹងថានឹងមានការអប់រំកាន់តែប្រសើរ ការងារមានស្ថិរភាព ប្រាក់ចំណូលល្អប្រសើរ សន្តិសុខសង្គម ដែលអាចជឿទុកចិត្តបាន ការថែទាំវេជ្ជសាស្ត្រមានស្ដង់ដារខ្ពស់ ជីវភាពរស់នៅកាន់តែសុខស្រួល និងបរិស្ថានកាន់តែស្រស់ស្អាតជាងមុន»។

ស៉ី ជិនពីង ក៏បានប្តេជ្ញាថានឹងដោះស្រាយបញ្ហាពុករលួយឲ្យបានប្រសើរបំផុត ដោយសំអាងថា វាអាចជាការគំរាមកំហែងដល់ការរស់រានមានជីវិតរបស់បក្ស។ លោក ស៉ី គ្មានចិត្តចង់និយាយ អំពីកំណែទម្រង់សេដ្ឋកិច្ចដ៏ទូលំទូលាយនោះទេ។

នៅខែធ្នូ ឆ្នាំ២០១២ លោកស៉ី ជិនពីង បានធ្វើទស្សនកិច្ចនៅខេត្តក្វាងទុង ដែលជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោក នៅក្រៅរដ្ឋធានីប៉េកាំង ចាប់តាំងពីបានក្លាយជាមេដឹកនាំកំពូលរបស់បក្ស។ ប្រធានបទសំខាន់ នៃដំណើរទស្សនកិច្ចនេះគឺ ធ្វើការអំពាវនាវឲ្យមានកំណែទម្រង់វិស័យសេដ្ឋកិច្ច និងវិស័យកងទ័ពឲ្យកាន់តែខ្លាំង និងរឹងមាំ។

លោកស៉ី បានអញ្ជើញទៅទស្សនារូបសំណាករបស់លោក តេង ស៊ាវពីង ហើយដំណើរទស្សនកិច្ចនេះ ត្រូវបានគេពិពណ៌នាថា កំពុងធ្វើតាមគន្លងនៃដំណើរទស្សនកិច្ច នៅភាគខាងត្បូងរបស់លោក តេង ក្នុងឆ្នាំ១៩៩២។ អំឡុងពេលដំណើរទស្សនកិច្ច លោកស៉ី បាននិយាយរំលឹកទៅដល់ពាក្យស្លោក ដែលលោកនិយមប្រើ «សុបិន នៃប្រទេសចិន» ជារៀងរាល់ពេល។

ស៉ី ជិនពីង បានប្រាប់ទៅប្រជាជនថា «សុបិននេះអាចនិយាយបានថា ជាក្ដីសុបិន្តពីប្រទេសជាតិដ៏ខ្លាំងមួយ ហើយបើនិយាយអំពីកងទ័ព គឺជាសុបិនកងទ័ពដ៏ខ្លាំងក្លាមួយ»។ ដំណើរ ទស្សនកិច្ចរបស់លោកប្រមុខរូបនេះ មានសារៈសំខាន់ត្រង់ថា លោកបានចាកចេញពីទម្លាប់ធ្វើដំណើរ របស់មេដឹកនាំចិនតាមរយៈរបៀបផ្សេងៗគ្នា។

ជាធម្មតា មេដឹកនាំចិនមុនៗតែងតែពិសាអាហារពេលល្ងាចនៅខាងក្រៅ ប៉ុន្តែលោកស៉ី និងក្រុមការងារវិញ ទទួលអាហារប៊ូហ្វេត៍ នៅក្នុងសណ្ឋាគារ។ លោកធ្វើដំណើរតាមរថយន្តធម្មតា ជាមួយសហសេវិករបស់លោក ជាងជិះរថយន្តទំនើបៗជាហ្វូង ដែលធ្វើឲ្យពិបាកដល់ការរឹតបន្ដឹងចរាចរណ៍លើផ្លូវធំៗទៀតផង។

លោកស៉ី ជិនពីង បានជាប់ឆ្នោតជាប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៣ នៅក្នុងការបោះឆ្នោតគាំទ្រដោយ សមាជជាតិប្រជាជនលើកទី១២ នៅរដ្ឋធានីប៉េកាំង។ លោកបានទទួល សំឡេងគាំទ្រ២,៩៥២ សំឡេងប្រឆាំង១ និងអនុប្បវាទ៣។ ចំណែក សំឡេងប្រឆាំង ១សំឡេងនោះ ត្រូវបានគេសង្ស័យថាជាសំឡេងឆ្នោតរបស់ លោកខ្លួនឯង។ លោកស៉ី បានមកជំនួសលោក ហូ ជីនតាវ ដែលបានចប់តំណែងបន្ទាប់ពីកាន់អំណាច ២អាណត្តិរយៈពេល ១០ឆ្នាំមក៕