(ភ្នំពេញ)៖ ថ្មីៗនេះនៅលើបណ្តាញសង្គមហ្វេសប៊ុក មានការបង្ហោះជាច្រើនដោយលើកឡើងថា ពួកគេត្រូវបាន ខាតបង់ប្រាក់ដោយលង់ជឿនឹងល្បិច បោកថ្មីរបស់ជនខិលខូច។

ជនឆបោកធ្វើការតេទូរស័ព្ទ ដោយបានបន្លំខ្លួនធ្វើជាបុគ្គលិករបស់ធនាគារ ABA ហើយបា្រប់ជនរងគ្រោះថា ពួកគេបានឈ្នះរង្វាន់ជាទឹកប្រាក់មួយចំនួនពីធនាគារ ហើយប្រសិនបើគាត់ចង់ បានប្រាក់រង្វាន់ទាំងនោះ គឺត្រូវផ្តល់លេខសំងាត់បួនខ្ទង់ ដែលពួកគាត់ទទួលបានតាមសារ SMS ដល់ជនខិលខូចនោះ។

ជាក់ស្តែងមានករណីមួយ ដែលជនបោកប្រាស់បានប្រាប់ជនរងគ្រោះថា ប្រព័ន្ធដំណើរការរបស់កម្មវិធីទូរស័ព្ទ របស់ធនាគារមិនដំណើរការ ហើយសុំអោយជនរងគ្រោះ ផ្តល់លេខសំងាត់បួនខ្ទង់នោះដល់ពួកគេ ដើម្បីធ្វើអោយដំណើរការឡើងវិញ។

យ៉ាងណាមិញទោះបី លេខសំងាត់បួនខ្ទង់នោះមកជាមួយសារ SMS ដែលបានបញ្ជាក់ថា មិនអោយសាម៉ីខ្លួនផ្តល់លេខសំងាត់នោះ ទៅគេក៏ដោយ ក៏អ្នកខ្លះនៅតែផ្តល់អោយ ជនរងជនឆបោកទៀត ដូចនេះហើយបានធនាគារបានផ្តល់គន្លឹះសំខាន់ ដល់អតិថិជនខ្លួន សម្រាប់ការពារខ្លួន ដូចខាងក្រោម៖

* កុំចែករំលែកកូដសុវត្ថិភាពដែលទទួលបានពីធនាគារ ABA តាមរយៈសារ SMS ឬសារជូនដំណឹងជាមួយបុគ្គលណាម្នាក់ ទោះបីបុគ្គលដែលអះអាងថាខ្លួនជាបុគ្គលិកធនាគារ ABA ក៏ដោយ
* កុំបង្ហាញលេខទូរស័ព្ទដែលប្រើភ្ជាប់ជាមួយ ABA Mobile ជាសាធារណៈ
* សូមចងចាំថា ABA ប្រើតែលេខ 023 225 333, 098 203 333 និង 098 203 203 ប៉ុណ្ណោះ ក្នុងការទាក់ទងទៅលោកអ្នក ដើម្បីជម្រាបពីប្រូម៉ូសិន, ការឆ្លើយសំណួរ ឬចម្ងល់, ការស្ទង់មតិ ឬ ដោះស្រាយបញ្ហាដែលទាក់ទងនឹងគណនីតែប៉ុណ្ណោះ!
* កុំបង្ហាញ ឬផ្តល់ឲ្យបុគ្គលណាម្នាក់នូវព័ត៌មានចាំបាច់សម្រាប់ការចុះឈ្មោះជាមួយធនាគារ ABA
* កុំថតរូបកាតរបស់អ្នក និងចែករំលែករូបថតនោះជាមួយបុគ្គលផ្សេង
* ឧស្សាហ៍ដូរលេខកូដ PIN កម្មវិធី ABA Mobile និងលេខកូដកាតរបស់អ្នក។

ធនាគារបានបញ្ជាក់ផងដែរថា លេខសំងាត់បួនខ្ទង់នោះ គឺបានផ្ញើដល់ជនរងគ្រោះតាមរយៈសារ SMS ក្នុងទូរស័ព្ទដៃនៅពេលដែលជនបោកប្រាស់ព្យាយាម ចូលគណនីជនរងគ្រោះ។ នៅពេលដែល ពួកគេទទួលបានលេខសំងាត់បួនខ្ទង់ ឈ្មោះពេញ និង លេខគណនីរបស់ជនរងគ្រោះហើយ នោះពួកគេប្រហែលជាអាចគ្រប់គ្រងគណនីជនរងគ្រោះ នៅក្នុងទូរស័ព្ធដៃបានទាំងស្រុង។

សរុបមកធនាគារនឹងមិនទាក់ទងអ្នក ឬចាត់តាំងឲ្យបុគ្គលណាម្នាក់ជំនួសធនាគារ ទៅទាក់ទងអ្នកដើម្បីព័ត៌មានលម្អិត អំពីគណនីរបស់អ្នកឡើយ។
បុគ្គលណាដែលស្នើសុំព័ត៌មានទាំងនេះពីអ្នក គឺជាជនឆបោក! ប្រសិនបើអ្នកទទួលបានការហៅទូរស័ព្ទ ឬសារដែលបន្លំថាខ្លួនមកពីធនាគារ ABA ដើម្បីសុំព័ត៌មានដែលមានរៀបរាប់ខាងលើ ឬប្រសិនបើអ្នកគិតថា អ្នកអាចក្លាយជាជនរងគ្រោះនៃសកម្មភាពឆបោក អ្នកអាចទាក់ទងទៅកាន់ធនាគារភ្លាមៗតាមរយៈលេខទូរស័ព្ទ 023 225 333 ឬ 098 203 203 ឆាតនៅលើវិបសាយ www.ababank.com ឬក៏អ៊ីមែលតាមរយៈ [email protected]

សូមបងប្អូនធ្វើការប្រើប្រាស់ សេវាធនាគារអោយមានសុវត្ថភាព ដោយមានភាពប្រុងប្រយ័ត្នខ្ពស់ចំពោះអំពីព័ត៌មានធនាគារ និងគណនីរបស់ខ្លួន៕