(ម៉ាឌ្រីដ)៖ ខ្សែប្រយុទ្ធមាឌធំរបស់ក្លិប Wolverhamton Wanderers កីឡាករ Adama Traore បានតេស្តវិជ្ជមាន COVID-19 ដែលអាចខកខានបង្ហាញខ្លួនជាមួយក្រុមអេស្ប៉ាញក្នុងការប្រកួតប្រជែងនៃព្រឹត្តិការណ៍ពានរង្វាន់ Nations League 2020-2021 ខណៈគ្រប់កីឡាករទាំងអស់ត្រូវតែធ្វើតេស្តរកមេរោគ មុនធ្វើដំណើមកកាន់កន្លែងហ្វឹកហាត់ Las Rozas។

តាមប្រភពចេញផ្សាយដោយសារព័ត៌មាន Marca នាថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ បានឲ្យដឹងថា Traore នឹងត្រូវដកចេញពីក្រុមរបស់អ្នកចាត់ការទូទៅ លោក Luis Enrique ក្រោយតេស្តវិជ្ជមាន COVID-19។

ខ្សែប្រយុទ្ធក្រុមចចកខ្មៅ Wolves ជាកីឡាករទី២ បន្ទាប់ពីខ្សែប្រយុទ្ធ Mikel Oyarzabal ក៏តេស្តវិជ្ជមានលើមេរោគឆ្លង COVID-19 តែប្រសិនបើការធ្វើតេស្តលើកទី២ បង្ហាញថាអវិជ្ជមាន នោះ Traore អាចចូលរួមជាមួយអេស្ប៉ាញបាន ដើម្បីប៉ះអាល្លឺម៉ង់នៅថ្ងៃទី៤ និងជួបអ៊ុយក្រែន នៅ៣ថ្ងៃបន្ទាប់៕