(ភ្នំពេញ)៖ គណៈអចិន្ដ្រៃយ៍ នៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) នៅថ្ងៃទី០១ ខែកញ្ញានេះ បានបើកកិច្ចប្រជុំប្រចាំសប្ដាហ៍របស់ខ្លួន នៅអគារគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដោយផ្ដោតលើរបៀបវារៈសំខាន់ៗចំនួន ៣ ដើម្បីជំរុញវឌ្ឍនភាពការងារឲ្យរលូន ឆ្ពោះទៅរកភាពជោគជ័យក្នុងព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រនៅកម្ពុជា។

កិច្ចប្រជុំនេះដឹកនាំដោយលោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ដ្រៃយ៍ CAMSOC។ ចំពោះរបៀបវារៈដែលត្រូវបានលើកមកជជែកក្នុងអង្គប្រជុំ រួមមានទី១-ការជជែកពីវិធានគ្រប់គ្រងការប្រើប្រាស់ស្លាកសញ្ញា (Logo) និងរូបសត្វតំណាង (Mascot), ទី២-ការរៀបចំប្រតិទិនការងាររបស់គណៈកម្មការជំនាញនីមួយៗ និងទី៣-ជជែកពីការរៀបចំទីលានត្រៀមស៊ីហ្គេម។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានបញ្ជាក់ថា ចំពោះរបៀបវារៈទី១ ផ្ដោតលើការរៀបចំច្បាប់មួយ ដើម្បីការពារការប្រើប្រាស់ដោយបំពានលើ Logo, Mascot និងបាវចនា ដែលជាទ្រព្យសម្បត្តិមរតករបស់ស៊ីហ្គេម ក៏ដូចជាការពារនូវកម្មសិទ្ធិបញ្ញាក្នុងការប្រើប្រាស់ ពិសេសផ្ដោតលើវិស័យឯកជន ត្រូវមានការអនុញ្ញាតជាមុនពី CAMSOC បន្ទាប់ពី Logo, Mascot និងបាវចនា ត្រូវបានសម្រេចដ៏ខ្ពង់ខ្ពស់ពីសម្ដេចតេជោនាយករដ្ឋមន្ដ្រី និងប្រកាសជាផ្លូវការកាលពីពេលថ្មីៗ។

ចំណែកការរៀបចំប្រតិទិនការងារ ធ្វើឡើងក្នុងគោលបំណងពង្រឹងប្រសិទ្ធភាពការងារឲ្យកាន់តែប្រសើរ ពីមួយខែទៅមួយខែ និងពីមួយឆ្នាំទៅមួយឆ្នាំ ដោយឈរលើផែនការមេស៊ីហ្គេម ព្រោះប្រសិនបើគ្មានការរៀបចំនោះទេ ការអនុវត្តន៍ការងារក៏ជួបការលំបាក ហើយលទ្ធផលក៏មិនល្អប្រសើរដែរ។ រីឯរឿងទីលាន គណៈអចិន្ដ្រៃយ៍ CAMSOC បានជំរុញគណៈកម្មការទីលាន និងសហព័ន្ធកីឡាជាតិ ពួកដៃគ្នាធ្វើការ ក្នុងការរៀបចំទីលានឲ្យស្របតាមស្ដង់ដារអន្ដរជាតិ ទាំងទីលានប្រកួតលើគោក ក្នុងសាល និងកីឡាលើទឹកជាដើម។

គួរបញ្ជាក់ថា ដោយទទួលបានការចង្អុលបង្ហាញរបស់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC គណៈអចិន្ដ្រៃយ៍ តែងរៀបចំកិច្ចប្រជុំប្រចាំសប្ដាហ៍រៀងរាល់ថ្ងៃអង្គារ ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងពន្លឿនការងារផ្សេងៗ ឲ្យស្របតាមផែនការយុទ្ធសាស្ដ្រ និងឈានទៅរកភាពជោគជ័យក្នុងការរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកដំបូងនៅកម្ពុជា នាឆ្នាំ២០២៣ ខាងមុខ៕