(កូរ៉េ)៖ នៅថ្ងៃច័ន្ទសប្តាហ៍នេះ តារាងលក់ចម្រៀងរបស់អាមេរិក Billboard Hot 100 បានបង្ហាញថា ចម្រៀងថ្មីជាភាសាអង់គ្លេសរបស់ក្រុមចម្រៀង K-POP បុរសដែលមានសមាជិក៧នាក់ គឺ BTS បានហក់ដល់លំដាប់កំពូល ឈរនៅលេខរៀងទី១ លក់បានច្រើនបំផុតក្នុងសហរដ្ឋអាមេរិក។ ចំណុចនេះបានធ្វើឲ្យ BTS ក្លាយជាក្រុមចម្រៀងប្រុសរបស់កូរ៉េដំបូងបង្អស់ ដែលមានប្រជាប្រិយភាពខ្លាំង និងឈរនៅលំដាប់កំពូលរបស់ Billboard Hot 100។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០។

«Dynamite» គឺជាចម្រៀងជាភាសាអង់គ្លេសដំបូងរបស់ក្រុម BTS ដែលទទួលបានទឹកប្រាក់ចំនួន ៣៣.៩ លានដុល្លារអាមេរិក តាមរយៈចូលទស្សនា និងលក់ក្នុងសប្តាហ៍ដំបូង។ នេះបើតាមទិន្នន័យពី Nielsen Music data។

ក្រុមចម្រៀងនេះ ក៏ទទួលបានពិន្ទុខ្ពស់បំផុត តាមរយៈការលក់ក្នុងបណ្តាញឌីជីថលផងដែរ ពោលគឺរយៈពេល៣ឆ្នាំមកហើយគ្មានអ្នកធ្វើបាននោះទេ ចាប់តាំងពីចម្រៀង «Look What You Made Me do» របស់តារាចម្រៀងអាមេរិក Tayler Swift កាលពីខែកញ្ញា ឆ្នាំ២០១៧។

គួរជម្រាបថា តារាងលក់ចម្រៀង Billboard Hot 100 គឺរួមបញ្ចូលទាំងការទទួលបានមកពីការចូលទស្សនានៅសហរដ្ឋអាមេរិក, ការស្តាប់តាមវិទ្យុ និងទិន្នន័យនៃការលក់ផ្សេងៗទៀត។ បង្កើតឡើងតាំងពីឆ្នាំ២០១៣ ក្រុម BTS បានធ្វើឲ្យវិស័យចម្រៀង K-POP ល្បីសុះសាយដល់សហរដ្ឋអាមេរិក ពោលគឺក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ ជាមួយនឹងបទចម្រៀង ដែលទទួលបានការចាប់អារម្មណ៍ច្រើន ពីទស្សនិកជននៅទីនោះ៕